ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក វង់ សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងក្រុមការងារ បាននាំយកស្បៀងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៧២៤ គ្រួសារ ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ នៅក្នុងស្រុកកំពង់ស្វាយ និង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។

អាជ្ញាធរស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបានលិចលង់ ស្រុកកំពង់ស្វាយ ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ដោយសារតែកត្តាបម្រែបម្រួល អាកាសធាតុ នៅស្រុកកំពង់ស្វាយ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ ទឹកភ្លៀងទឹកជំនន់ ស្ទឹងសែន កំពុងតែបន្តជន់ឡើង រហូតដែលធ្វើឱ្យប៉ះពាល់ និងខូចខាត យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋាន ផលដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនកន្លែង រួមមាន ធ្វើឱ្យលិចផ្លូវសរុបប្រវែង ៩១.៦៨៨ ម៉ែត្រ ក្នុងនោះ ផ្លូវដីស ប្រវែង ២៥.៨០១ ម៉ែត្រ ផ្លូវក្រួសក្រហម ប្រវែង ៦២.៩៨៧ ម៉ែត្រ និងផ្លូវកៅស៊ូ ប្រវែង ២.៩០០ ម៉ែត្រ – លិចទីធ្លាសាលារៀនចំនួន ១០ សាលា – លិចផ្ទៃដីលំនៅដ្ឋានប្រជាជនចំនួន ៤.៧៦០ខ្នងផ្ទះ ស្មើនឹងចំនួន ៥.០៩២ គ្រួសារ – ស្ពានបេតុងចំនួន២កន្លែង ត្រូវបានបាក់ស្រុតទាំងស្រុង និងលិចស្រូវ ចំនួន ៩.៩០៥ ហិកតា ជាមួយគ្នានេះ ក៏បានធ្វើឱ្យប៉ះពាល់ ដល់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ។

ដោយឡែក អាជ្ញាធរស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេប ពីស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបានលិចលង់ហេដ្ឋារចនាសម្ព័ន្ធ ស្រែស្រូវ និងផ្ទះប្រជាពលរដ្ឋ ប្រមាណជាង ៣.០០០ គ្រួសារ ហើយត្រូវបានសប្បុរសជន ជួយដល់ប្រជាពលរដ្ឋ បានប្រមាណជាង ១.០០០ គ្រួសារ។

ជាមួយគ្នានេះ លោក វង់ សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពាំនាំការផ្តាំសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកបានបញ្ជាក់ថាៈ សម្រាប់អំណោយដែលត្រូវចែកជូននៅពេលនេះ គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណា ដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង និងមានជីវភាពខ្វះខាត។ លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួន កុំឱ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៧២៤ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាននូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ៕ V / N