​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហុងកុង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​មិន​ធ្វើតាម​ទណ្ឌកម្ម​«​ឯ​តោ​ភាគី​»​របស់​លោក​ខាងលិច​ទេ បន្ទាប់​ពី​នាវា​ប្រណិត​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មហាសេដ្ឋី​​មាន​បំផុត​របស់​រុស្ស៊ី​បាន​ចូល​ចត​នៅក្នុង​ដែនទឹក​របស់ខ្លួន​។​

​គេ​ថា​នាវា​ឈ្មោះ​Nord​ជា​របស់​មហាសេដ្ឋី អាឡេ​ស៊ី ម័​រដា​សូវ (Alexei Mordashov)​ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​ដែល​រង​ទណ្ឌកម្ម​ពី​អាម៉េរិក សហភាព​​អឺរ៉ុប​និង​អង់គ្លេស​ដោយសារតែ​លោក​បញ្ជា​អោយ​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​។​

​អាជ្ញាធរ​នៅអេ​ស្ប៉ាញ អ៊ីតាលី បារាំង​និង​កោះហ្វី​ជី សុទ្ធតែ​បាន​ឃាត់​ទុក​នាវា​កម្សាន្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពួក​មហាសេដ្ឋី​ជាប់​ទណ្ឌកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​លោកពូ​ទីន​ដោយ​ដកទ័ព​ចេញពី​អ៊ុ​យក្រែន​។​​ទោះជា​យ៉ាងណា ហុងកុង​បាន​និយាយថា​ខ្លួន​នឹង​មិន​ចាត់​វិធានការ​ដូច្នេះ​ទេ​បន្ទាប់​ពី​នាវា​ប្រវែង​១៤២​ម៉ែត្រ​នេះ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ដែនទឹក​ខាងលិច​ទីក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នាវា​កម្សាន្ត​ប្រណិត​Nord​ត្រូវ​គេ​ថា​ជា​របស់​មហាសេដ្ឋី អាឡេ​ស៊ី ម័​រដា​សូវ

​មហាសេដ្ឋី អាឡេ​ស៊ី ម័​រដា​សូវ(ឆ្វេង) ជិតស្និទ្ធ​នឹង​ពូ​ទីន​ណាស់

​នាយកដ្ឋាន​សមុទ្រ​បាន​និយាយថា​ខ្លួន​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ តែ​មិន​អនុវត្ត​ទណ្ឌកម្ម​ដាក់​ដោយ​បុគ្គល ប្រទេស​ឬ​ប្លុក​ណាមួយ​ទេ​។​អ្នកនាំពាក្យ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា «​រដ្ឋា​​ភិបាល​ហុងកុង​មិន​អនុវត្ត និង​ក៏​មិន​មាន​សិទ្ធិ​អំណាច​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ទណ្ឌកម្ម​ជា​ឯ​តោ​ភាគី​ដាក់​ដោយ​យុត្តាធិការ​របស់​អ្នក​ផ្សេង​ទេ​»​។​

​សូមបញ្ជាក់​ថា ម័​រដា​សូវ ជា​ម្ចាស់​ភាគហ៊ុន​ដ៏​សំខាន់​ក្នុង​ក្រុមហ៊ុន​ដែក​Severstal​។​លោក​ស្ថិត​ចំណោម​ពួក​កំពូល​អ្នក​មាន​រុស្ស៊ី ដែល​ទិញ​នាវា​កម្សាន្ត​ថ្លៃៗ​ប្រវែង​ចាប់ពី​៣០​ម៉ែត្រ​ឡើង​។​នាវា​ទាំងនេះ​ស្ថិត​​ក្នុង​គោលដៅ​រឹបអូស​យក​ពី​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែន​ដែល​ស្វះស្វែង​រឹបអូស​យក​ទ្រព្យ​របស់​បុគ្គល​ជាប់​ទណ្ឌកម្ម​ទាំងនោះ​ដើម្បី​ដាក់ទោស​ការឈ្លានពានរ​បស់​រុស្ស៊ី​និង​យក​លុយ​ទូទាត់​ថ្លៃ​​សង្គ្រាម​។​

Nord​ត្រូវ​គេ​បើក​ទៅកាន់​កំពង់ផែ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ក្រោយ​សង្គ្រាម​ចាប់ផ្តើម​និង​បាន​ចត​នៅ​ទីនោះ​ចាប់តាំងពី​ខែ​មីនា​មក​។​នាវា​តំលៃ​៥០០​លាន​ដុល្លារ​ដែល​មាន​កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ​ពីរ រោង​ភាព​​យន្ត​មួយ និង​បន្ទប់​ប្រណិត​រាប់សិប​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​កាលពី​សប្តាហ៍​មុន​។​ដំបូង​គេ​គិតថា​វា​ធ្វើដំណើរ​ទៅកាន់​កំពង់​ដា​ណាំង​របស់​វៀតណាម ហើយ​អ្នកនាំពាក្យ​របស់​លោក​ម័រដា​សូវ ​បានបញ្ជាក់​ថា​មហាសេដ្ឋី​រូប​នេះ​នៅ​ទីក្រុង​មូ​ស្គូ​ទេ ហើយ​បដិសេធ​អំពី​ដំណើរ​របស់​នាវា​Nord៕