ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈក្រុមការងាររដ្ឋបាលស្រុក កម្លាំងប្រត្តិបត្តិការសឹងរងស្រុក កម្លាំងនគរបាលស្រុកមង្គលបូរី ឃុំឫស្សីក្រោក នគរបាលប៉ុស្តិ៍ឃុំ និងប្រជាការពារយុវជន នៅថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០២២ បាននឹងកំពុងចុះពិនិត្យស្ថានភាពទឹកជំនន់ដែលហូរកាត់ ច្រោះ និងបានច្រកកម្ទេចថ្ម ដី ដើម្បីទប់ជើងទេរផ្លូវលំជនបទ ធ្វើពីបេតុង ពីឃុំឫស្សីក្រោក ស្រុកមង្គលបូរី-សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៧ ខែតុលាថាៈ លោក និងលោក អ៊ូ សុភាព អភិបាលរងស្រុក បានដឹកនាំសកម្មភាពការងារ អន្តរាគមន៍ ដូចខាងលើ ដើម្បីទប់ស្កាត់ កាត់បន្ថយ បង្ការ កុំឲ្យទឹកជំនន់ហូរច្រោះខូចជើងទេរ ផ្លូវលំជនបទនេះ។ លោកក៏បានណែនាំនូវការប្រើប្រាស់ផ្លូវ នៅពេលរងគ្រោះដោយទឹកជំនន់ នេះ កុំឱ្យខូច​ខាតធ្ងន់ធ្ងរជាងនេះ ដូចជាផ្អាកយានយន្តធុនធំ និងមួយទៀត ណែនាំពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជា អ្នកទៅប្រកបរបរនេសាទ លក់ដូរចំណី និងលេងកម្សាន្តទឹក សូមប្រុងប្រយ័ត្នខ្ពស់នូវសុវត្ថិភាព ។

សូមបញ្ជាក់ថា ផ្លូវលំជនបទពីភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី – ភូមិអង្គាបុស្ស កោះពងសត្វ ក្រុងសិរីសោភ័ណ ជាការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ មានប្រវែង ១.៨៥០ ម៉ែត្រ បានចាក់បេតុង កសាងនៅឆ្នាំ២០២១ កសាងដោយកងវិស្វកម្ម លេខ១៧៩ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ធ្វើពីបេតុង នៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕/V

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ហូរកាត់ ច្រោះនិងច្រកកម្ទេចថ្ម ដីទប់ជើងទេរផ្លូវលំជនបទធ្វើពីបេតុង នៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី-សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។