ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃសុក្រ ទី៧តុលា ឆ្នាំ២០២២នេះបានប្រកាសសាលក្រម សំណុំរឿងបណ្តឹងលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។តាមរយៈសាលក្រមសម្រេចគឺលោក សុន ឆ័យ ត្រូវចាញ់ក្តីទាំងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងបណ្តឹងរបស់គណបក្ស​​ប្រជាជនកម្ពុជា។

សំណុំរឿង លោក សុន ឆ័យ ៖តុលាការកាត់ឱ្យចាញ់ក្តីទាំងបណ្តឹង គ.ជ.បនិងបណ្តឹងគណបក្សប្រជាជនកម្ពុជា(រូបថតៈAMS)

សាលក្រមរបស់តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួនប្រាំបួនលានរៀលនិងធ្វើការសុំទោសជាសាធារណៈចំពោះបណ្តឹងរបស់គ.ជ.ប។ដោយឡែកសម្រាប់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋចំនួនប្រាំបីលានរៀលហើយធ្វើការសុំទោសជាសាធារណៈនិងតម្រូវឱ្យសងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួនបីពាន់លានរៀល។

លោក ជូង ជូងី មេធាវីលោក សុន ឆ័យ បានប្រាប់អ្នកកាសែតថា៖ លោកនឹងជួបពិភាក្សាជាមួយលោក សុន ឆ័យដើម្បីប្រើសិទ្ធិប្តឹងឧទ្ធរណ៍តទៅទៀត។ ជាមួយគ្នានេះ លោក សុន ឆ័យ កាលពីព្រឹកថ្ងៃទី៧ ខែតុលាអំឡុងពេលលោកចូលតតាំងក្តីជា​មួយ គណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា លោក សុន ឆ័យ បានរងនូវបណ្តឹងចំនួនពីរបន្ទាប់ពីលោកបានអះអាងក្នុងបទសម្ភាសពីការលួចបន្លំសន្លឹក ឆ្នោតនៅអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ។បណ្តឹងទាំងពីរនោះរួមមាន៖របស់គ.ជ.ប បានប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ និងស្នើឱ្យធ្វើការសុំទោសជាសាធារណៈ។ចំណែក​បណ្តឹងរបស់គណបក្ស ប្រជាជនកម្ពុជាបានប្តឹងលោកសុនឆ័យឱ្យសងជំងឺចិត្តជាទឹកប្រាក់បួនពាន់លានរៀលឬប្រមាណជាងមួយលានដុល្លារអាមេរិក៕សរន