ដោយៈមុនីរ័ត្ន/ភ្នំពេញ៖តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះគ.ជ.បពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារ កិត្តិយនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ។នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២២។

សេចក្តីប្រកាសបានរំលឹកថានៅរសៀលថ្ងៃទី៧ខែតុលា សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ ២៩០៧ពាក់ព័ន្ធនឹងបណ្តឹងពីបទបរិហារកេរ្តិ៍ គ.ជ.ប ទៅលើជនជាប់ចោទឈ្មោះ សុន ឆ័យ ដែលបានធ្វើបទសម្ភាន៍ជាមួយ លោក តាំង សារ៉ាដា តាមរយៈកម្មវិធី IDEA TALK កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

លោក សុន ឆ័យ នៅមុខតុលាការរាឌជធានីភ្នំពេញថ្ងៃទិ៧ខែតុលាឆ្នាំ២០២២(រូបថត AMS)

តុលាការបានច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទ និងទទួលយកសំណូមពររបស់ដើម បណ្តឹងរដ្ឋប្បវេណី គ.ជ.ប ដោយតុលាការបានពិនិត្យឃើញថាការអះអាងរបស់ឈ្មោះ សុន ឆ័យ មិនមែនជាការពិតនិងមានការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់ជនជាប់ចោទបានធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។

សាលាដំបូងរាជធានីភ្នំពេញ បានសំអាងហេតុទៀតថា “នៅក្នុងរឿងនេះ អ្នកតំណាងដើមបណ្តឹង រដ្ឋប្បវេណី គ.ជ.ប ស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិត សុំទោសស្ថាប័ន គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ នោះតុលាការយល់ឃើញថា ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ជាស្ថាប័នជាតិ បុគ្គល សុន ឆ័យ ចាំបាច់ត្រូវធ្វើលិខិតសុំទោសជាលាយលក្ខណ៍អក្សរផ្សាយជាសាធារណៈ
រយៈពេលចំនួនេះពីរខែ ដែលការយល់ឃើញនេះ តុលាការ ពុំចាំបាច់សរសេរក្នុងសេចក្តីសម្រេចនៃសាលក្រម ”។

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩ លានរៀលគត់ដើម្បី បង់ចូលថវិកាជាតិពីបទ “បរិហាកេរ្តិ៍ជាសាធារណៈ”តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ,និងផ្តន្ទាទោសបន្ថែមតាម បញ្ញត្តិមាត្រា៥៣និងមាត្រា៣១០នៃក្រមព្រហ្មទណ្ឌដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ/សង្កាត់ រាជធានី/ខេត្តនិងនៅបញ្ជរ ព័ត៌មានសាលាដំបូងរាជធានីភ្នំពេញសម្រាប់រយៈពេល២ខែព្រមទាំងផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះនៅក្នុងសារព័ត៌មានសរសេរនិងនៅតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់រយៈពេល៨ថ្ងៃដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជ.បពិតជា ទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស​និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ៕សរន