ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ ដោយការព្រួយបារម្ភ ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងក្រោមការចង្អុលបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទោះផ្លូវឆ្ងាយពិបាកធ្វើដំណើរយ៉ាងណាក្តី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងសហការី កងកម្លាំង អាជ្ញាធរឃុំ រួមទាំងអ្នកពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងលិចមូលដ្ឋានរបស់បងប្អូនជាពលរដ្ឋ។

លោកអភិបាលស្រុកតាំងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្ន ពីទឹកជំនន់ ដែលកើតឡើងដោយសារទឹកទន្លេ ឡើងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន។

លោកអភិបាលស្រុកតាំងគោក បានបន្ថែមថាៈដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រយ័ត្នខ្ពស់។ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗ កុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។ រដ្ឋបាលឃុំ ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះ ឲ្យបានជាប្រចាំរាល់ថ្ងៃ ដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។

សូមបញ្ជាក់ថា ក្រោយពីការធ្លាក់ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ស្រុកតាំងគោក ជួបនូវស្ថានភាពទឹកទន្លេជន់ឡើង រង្វង់ពី ០,១០ ម៉ែត្រ ទៅ ០,១៥ ម៉ែត្រ ក្នុងមួយថ្ងៃ ជាពិសេស នៅភូមិសាស្ត្រឃុំពង្រ ការជន់ឡើង នៃទឹកទន្លេក្នុងឃុំនេះ ពុំមានផលប៉ះពាល់ដល់ដំណាំស្រូវប្រជាពលរដ្ឋទេ។ វាលស្រែដែលបានលិច បានក្លាយជាដែននេសាទរបស់បងប្អូនប្រជាពលរដ្ឋ៕ V / N