ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សកម្មជន​សិទ្ធិមនុស្ស​បេឡា​រូស​ដែល​កំពុង​ជាប់​ឃុំ​លោក អ៊ែល​ស៍ បាយ​អាល់​យ៉ាត​ស្គី​( Ales Byalyatski)​អង្គការ​សិទ្ធិមនុស្សរុស្ស៊ី Memorial​និង​ក្រុម​សិទ្ធិ​មនុស្ស​»​អ៊ុយ​ក្រែន​មួយ​​ហៅ​ខ្លួនឯង​ថា​«​មជ្ឈមណ្ឌល​សំរាប់​សេរីភាព​ស៊ីវិល​»​បាន​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២២​រួមគ្នា​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​វា​រំលេច​អំពី​សារសំខាន់​នៃ​សង្គម​ស៊ីវិល​សំរាប់​សន្តិភាព​និ​លទ្ធិប្រជាធិបតេយ្យ​។​

​ប្រធាន​គណៈកម្មាធិការ​លោកស្រី ប៊ែ​រីត រី​ស​-​អាន់​ឌឺ​សុន​(Berit Reiss-Andersen) បាន​និយាយថា​«​គណៈកម្មាធិការ​នូ​បែ​លន័​រ​វេស្ស មានបំណង​ផ្តល់​កិត្តិយស​ដល់​ជើងឯក​លេចធ្លោ​ចំនួន​បី​ខាង​​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​និង​សហ​អត្ថិភាព​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​គ្នា បេឡា​រូស រុស្ស៊ី​និង​អ៊ុ​យក្រែន​»​។​

​លោកស្រី​ក៏​អំពាវនាវ​អោយ​បេឡា​រូស​ដោះលែង​លោក​បាយ​អាល់​យ៉ាត​ស្គី​ចេញពី​ពន្ធនាគារ​ផងដែ​រ​។​

​រង្វាន់​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​មើលឃើញថា​ជាការ​ថ្កោលទោស​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ឈាន​ចូល​វ័យ​៧០​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​ទី​៧​តុលា​នេះ និង​ប្រធានាធិបតី​បេឡា​រូ​សលោក អា​ឡេស​ង់​ដឺ​​លូ​កា​សេនកូ​ដែល​ជា​សម្ព​ន្ធមិត្តរប​ស់ពូ​ទីន ។​

​តែ​លោក​ស្រី រី​ស​-​អាន់​ឌឺ​សុន បាន​និយាយថា រង្វាន់​នេះ​មិនមែន​សំរាប់​ប្រឆាំង​ពូ​ទីន​ទេ​។​

​ប៉ូលិស​បេឡា​រូស​កាលពី​ខែ​កក្កដា​ឆ្នាំមុន បាន​ឆ្មក់​ចូល​ការិយាល័យ​និង​ផ្ទះ​របស់​សកម្មជន​សិទ្ធិមនុស្ស​និង​មេធាវី ដោយ​បាន​ចាប់ខ្លួន​លោក​បាយ​អាល់​យ៉ាត​ស្គី​និង​មនុស្ស​មួយចំនួន​ទៀត​ក្នុងកា​រ​បង្គ្រាប​ក្រុម​ប្រឆាំងនឹង​លោក​លូ​កា​សេន​កូ​។​អាជ្ញាធរ​ក៏​បាន​បិទ​អង្គការ​សារព័ត៌មាន​មិន​ជា​របស់​រដ្ឋ​និង​ក្រុម​សិទ្ធិ​មនុស្ស​ក្រោយផ្ទុះ​ការតវ៉ា​មហាជន​ប្រឆាំង​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​ក្រុមប្រឆាំង​ថា​មាន​​ការលួចបន្លំ​។​

​ដាន់ ស្មី​ត​(Dan Smith)​ប្រធាន​វិទ្យាស្ថាន​សិក្សា​អំពី​សន្តិភាព​អន្តរជាតិ​នៅ​ក្រុង​ស្តុក​ខុម បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា « គណៈកម្មាធិការ​ណូបែល​កំពុង​បញ្ជូន​សារ​មួយ​ថា សេរីភាព​នយោបាយ សិទ្ធិមនុស្ស​និង​សង្គម​ស៊ីវិល​សកម្ម​គឺជា​ផ្នែក​នៃ​សន្តិភាព​»​។​

​លោក​ថា រង្វាន់​នេះ​ក៏​នឹង​ជួយ​ជំរុញ​លើកទឹកចិត្ត​លោក​បាយ​អាល់​យ៉ាត​ស្គី​ហើយ​ពង្រឹង​ដៃ​«​មជ្ឈមណ្ឌល​សំរាប់​សេរីភាព​ស៊ីវិល​»​ដែលជា​អង្គការសិទ្ធិមនុស្ស​ឯក​រាជ្យ​មួយ​នៅ​អ៊ុយ​ក្រែន​ដែល​ផ្តោត​លើ​ការប្រ​​យុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។​

​លោក​ស្មី​បាន​បន្ថែមថា «​ទោះ​ជា​អង្គការ​Memorial​ត្រូវ​បាន​បិទ​នៅ​រុស្ស៊ី ក៏វា​នៅ​បន្ត​មាន​ជីវិត​ជា​គំនិត​មួយ​ដែល​ថា វា​ជា​ការត្រឹមត្រូវ​ដែល​រិះគន់​អ្នកកាន់អំណាច​និង​និយាយការពិត​ព្រមទាំង​បញ្ហា​ប្រវត្តិសាស្ត្រ​»​។​

​រង្វាន់​ណូបែល​សន្តិភាព​នេះ មាន​តំលៃ​១០​លាន​ក្រោន​ស៊ុយអែត ប្រមាណ​៩​សែន​ដុល្លារ ។​វា​នឹង​ត្រូវ​ប្រគល់ជូន​នៅ​ថ្ងៃ​១០​ធ្នូ​ក្នុង​ពិធី​មួយ​នៅ​ក្រុង​អូ​ស្លូ ចំ​ខួប​មរណភាព​ឧស្សាហករ​ស៊ុយអែត​លោក អាល់​ហ្វ្រេដ​ ណូបែល ដែល​បាន​បង្កើត​រង្វាន់​នេះ​ក្នុង​បណ្តាំមរតក​ឆ្នាំ​១៨៩៥​របស់លោក​៕