ដោយៈ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ៖ខ្ញុំឈ្មោះ អួន អាត ភេទប្រុសអាយុ​៦៦​ឆ្នាំ។ សព្វថ្ងៃខ្ញុំមានតួនាទីជាមេភូមិ នៅភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧០ លន់ នល់ធ្វើ រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ធ្វើឲ្យមានសង្រ្គាមកើតឡើងយ៉ាងខ្លាំងនៅក្នុងភូមិសំរោងវត្ត។

នៅក្នុងឆ្នាំ១៩៧២ ខ្ញុំបួសជាព្រះសង្ឃនៅវត្តសំរោងវត្ត។ នៅឆ្នាំ១៩៧៤ ឈ្មោះ ឈឹម ផ្លោន គឺជាមេកងចល័តបាននាំកូន ទាហានចូលមកវាយរូបព្រះពុទ្ធបដិមាធ្វើពីស៊ីម៉ង់ត៍នៅក្នុងវត្តសំរោងវត្ត។

អួន អាត អាយុ៦៦ឆ្នាំ គឺជាមេភូមិសំរោងវត្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៥នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចទាំងស្រុងខ្ញុំនិងព្រះសង្ឃនៅវត្តសំរោងវត្តទាំងអស់ត្រូវបានផ្សឹកដោយបង្ខំ។ ក្រោយពីផ្សឹករួច កម្មាភិបាលខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យចូលក្នុងកងចល័ត ជីកប្រឡាយនិងធ្វើស្រែអស់រយៈពេលបី​ខែនៅស្រុកពញាក្រែក ទើបឲ្យខ្ញុំត្រឡប់មកស្រុកកំណើតនៅភូមិសំរោងវត្តវិញ។ ពេលមកដល់ស្រុកកំណើតខ្ញុំឃើញប្រជាជន នាំគ្នាទៅបោះឆ្នោតឱ្យ សំ ហាន ឡើងធ្វើជាចៅហ្វាយស្រុក។ ការបោះឆ្នោតនេះរៀបចំធ្វើនៅភូមិទទឹងនិងមានប្រជាជន ប្រហែល១០០នាក់ចូលរួមបោះឆ្នោត។ សំហាន បានធ្វើជាចៅហ្វាយស្រុករហូតដល់ឆ្នាំ១៩៧៨។

នៅក្នុងឆ្នាំ១៩៧៧ ខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំសព្វថ្ងៃដែលត្រូវអង្គការរៀបចំឱ្យចំនួន៧០គូ ក្នុងពេលតែមួយ។ បន្ទាប់ពី ខ្ញុំបានរៀបការរួចកម្មាភិបាលខ្មែរក្រហមជម្លៀសខ្ញុំចេញពីភូមិឱ្យទៅនៅម្តុំក្រុងព្រៃវែង។នៅពេលដែលខ្ញុំបានទៅដល់ក្រុងព្រៃវែង អង្គការចាត់តាំងឲ្យខ្ញុំកាន់ម៉ាស៊ីនបូមទឹកដាក់ស្រូវប្រាំង។

ខ្ញុំបូមទឹកដាក់ស្រូវប្រាំងរហូតដល់ដើមខែមករាឆ្នាំ១៩៧៩ខណៈដែលខ្មែរក្រហមកំពុងតែបញ្ជូនប្រជាជនទៅខេត្តភាគខាងលិច។ខ្ញុំបានលួចរត់ត្រឡប់មកស្រុកកំណើតវិញ។នៅពេលខ្ញុំត្រឡប់មកដល់ពាក់កណ្តាលផ្លូវចូលបន់ស្រន់នៅវត្តបារាយណ៍អណ្តែតសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយខ្ញុំបានសុខសប្បាយ។ នៅតាមផ្លូវខ្ញុំរើសបានត្រាក់ដែលមានឈ្មោះ ចាន់ ស៊ី នៅក្នុងនោះដែរ ហើយខ្ញុំបានរើសយកមកអាន។ នៅក្នុងត្រាក់នោះបានសរសេរថា សូមឲ្យបងប្អូនទាំងអស់គ្នាត្រឡប់មកផ្ទះវិញប្រទេសយើង​ មានសន្តិភាពហើយ។ បងប្អូនអាចមករស់នៅផ្ទះសម្បែងរបស់ខ្លួនវិញបាន។

នៅពេលខ្ញុំត្រឡប់មកដល់ភូមិកំណើតខ្ញុំឃើញអ្នកភូមិនាំគ្នាចូលរួមអបអរជ័យជម្នះលើរបបខ្មែរក្រហមនិងមានការរាំច្រៀងយ៉ាង សប្បាយ៕សរន

អួន អាត កំពុងផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)