ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេច ផ្អាកការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧ ចម្ងាយប្រមាណ ៥០០ ម៉ែត្រជាបណ្តោះអាសន្ន ក្នុងភូមិសាស្រ្តភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរគឺដើម្បីកាយដាក់លូបង្កប់រំដោះជំនន់ទឹកភ្លៀងពីលើផ្លូវជាតិ មួយខ្សែនេះ។

រូបថត ( លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំមន្រ្តីត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៧ ស្រុកព្រៃឈរ )

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្ត កំពង់ចាមដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការីជាច្រើនរូបចុះត្រួតពិនិត្យទីតាំងទឹកជំនាន់លិចថ្នល់នារសៀលថ្ងៃទី ៧ តុលានេះបានឱ្យដឹងថា ខណៈនេះម៉ោង៦ ល្ងាច លោកកំពុងសហការជាមួយអាជ្ញាធរ យកគ្រឿងចក្រមកជីកប្រឡាយ កាត់ទទឹងផ្លូវជាតិ៧ ដើម្បីដាក់បង្កប់លូដែលមានមុខកាត់ទំហំ មួយ ម៉ែត្រ ភ្លោះជាប់គ្នា ជាប្រឡាយរំដោះទឹកភ្លៀងឱ្យ ស្រកពីលើថ្នល់។ នេះជាការសម្រេចរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត កំពង់ចាម ក្រោយពីការដឹកនាំការត្រួតពិនិត្យជាក់ស្តែងរួច។

លោកប្រធានមន្ទីររូបនេះបានឱ្យដឹងទៀតថាដើម្បីអនុវត្តកិច្ចការនេះដោយផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានសម្រេចជូនដំណឹងដល់សាធារណជន ជាម្ចាស់ យានយន្ត និងរថយន្តគ្រប់ប្រភេទ ផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី PK89+000 ដល់PK91+000 ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ។
លោកបានបន្តថាៈ ការផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ននេះ អាចបើកឱ្យដំណើរការឡើងវិញ នៅក្រោយពីការរំដោះ ទឹកភ្លៀង គោកអស់ពីលើថ្នល់ ហើយការបើកឱ្យការចរាចរណ៍ឡើងវិញនោះ ទៀតសោត ក៏អនុញ្ញតឱ្យធ្វើដំណើរឆ្លងកាត់បានត្រឹមតែរថយន្ត ធុនតូចចុះក្រោម ប៉ុន្តែរថយន្តធំហាមឆ្លងកាត់ដាច់ខាត់៕សរន / N