​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​តោ​ខៀវ Chelsea ក្រោយ​បំបាក់​ម្ចាស់​ជើងឯក​អ៊ីតាលី AC Milan ៣-០ យ៉ាង​ងាយស្រួល​ក្នុង UCL កាលពី​ថ្ងៃ​ពុធ​រំពឹង​បង្កើន​សន្ទុះ​ឈ្នះ​បន្តទៀត​នៅ​​ថ្ងៃ​សៅរ៍​នេះ​តាមរយៈ​ការ​ផ្តួល​ក្រុម​ធ្លាក់​ជើង Wolves​។ ទន្ទឹមនេះ ក្រុម​ឡើង​ជើង​ទប់​មិន​ឈ្នះ Man City អាច​នឹង​ឈ្នះ​យ៉ាង​ងាយស្រួល​ជា​ថ្មី​លើ Southampton​ក្រោយ​ពួកគេ​បាន​យក​ឈ្នះ​ស្រួលៗ​​លើ​ក្រុម​ជាច្រើន រួមទាំង Man U កាលពី​សប្តាហ៍​មុន​។​

​ដោយឡែក គូ Super Sunday សម្រាប់​ថ្ងៃអាទិត្យ​គឺ​ជំនួប​រវាង Arsenal និង Liverpool ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​ទស្សនា​បំផុត ក្នុងនោះ​កាំភ្លើង​ធំ​រំពឹង​អាច​ឈ្នះ​ដើម្បី​រក្សា​ក្តី​សង្ឃឹម​លើ​កពាន EPL ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៤​។

​ការព្យាករណ៍ ៖

– Chelsea vs Wolverhampton

* Chelsea បាន​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ក្នុង​ការប្រកួត​ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ផ្ទុយទៅវិញ Wolves របូត​៥​គ្រាប់​ក្នុង​ការប្រកួត​ពីរ​លើក​ចុងក្រោយ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​តដៃ​។​
* Wolves ខកខាន​ស៊ុត​បញ្ចូល​ទី​៥​លើក​ក្នុង​ការប្រកួត EPL ប្រាំពីរ​លើកចុងក្រោយរ​បស់​ពួកគេ​។​
* រាល់​ការប្រកួត EPL ៦ លើក​ចុងក្រោយ​របស់ Chelsea បង្កើត​បាន​គ្រាប់​បាល់​ជាង ២,៥ គ្រាប់​សរុប​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​នៅ Chelsea មក លោក Graham Potter មិនទាន់​ចាញ់​នៅឡើយ​ទេ (​ឈ្នះ​២, ស្មើ​១) ហើយ​ទម្រង់​លេង​ដ៏​ល្អ​នោះ​មើល​ទៅ​នឹង​បន្ត​នៅក្នុង​ផ្ទះ​ទល់នឹង​ក្រុម​ចចក Wolves ដែល​កំពុង​ទទួល​រង​នូវ​ភាពវឹកវរ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ពួកគេ​។​

​ឥឡូវនេះ​តោ​ខៀវ Chelsea បាន​ស៊ុត​បាល់​បញ្ចូល​ទី ៥ គ្រាប់​ជាមួយនឹង​ការ​របូត​វិញ​ត្រឹមតែ ១ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ ខណៈ​ដែល Wolves បាន​របូត​គ្រាប់​បាល់ ៥ ប្រកួត​ជាប់ៗ​គ្នា ចាប់តាំងពី​ពួកគេ​ស៊ុត​ចូល​ទី​ខ្លួនឯង​លើក​ចុងក្រោយ​បំផុត​។ ភាពខុស​គ្នា​នៃ​ទម្រង់​លេង​បែប​បទ​នេះ​ចង្អុលបង្ហាញ​ថា​ជ័យជម្នះ​នឹង​កើត​មាន​សម្រាប់​ក្រុម​តោ​ខៀវ​។​

Wolves សង្ឃឹម​ថា​ការប្រកួត​នេះ​អាច​ជា​ការចាប់ផ្តើម​យុគសម័យ​ថ្មី​សម្រាប់​ក្លិប បន្ទាប់ពី​លោក Bruno Lage ត្រូវ​បាន​បណ្តេញចេញ​បន្ទាប់​ពី​រង​បរាជ័យ ២-០ ក្រោម​ថ្វីដៃ West Ham កាលពី​សប្តាហ៍​មុន​។ គ្រូបង្វឹក Sevilla ដែល​ទើប​ត្រូវ​បាន​បណ្តេញចេញ​ថ្មីៗ​នេះ​គឺ​លោក Julen Lopetegui កំពុង​ពិភាក្សា​ដើម្បី​កាន់កាប់​បន្ត ប៉ុន្តែ​ពួកគេ​អាច​នឹង​ពិបាក​ក្នុង​ប្រកួត​នេះ ព្រោះ​មិន​ទាន់​មាន​អ្នកចាត់ការ​ថ្មី​ដឹកនាំ​យុទ្ធសាស្ត្រ​លេង​។​

​នេះ​ជា​ប្រកួត​ដំបូង​ដែល​គ្រូបង្វឹក​បណ្ដោះអាសន្ន​លោក Steve Davis និង​លោក James Collins ចាត់ចែង ប៉ុន្តែ​ពួកគេ​មាន​ភារកិច្ច​ធំធេង​ក្នុង​ដៃ​របស់​ពួកគេ​ក្នុង​ការកត់ត្រា​ជ័យជម្នះ​លើកដំបូង​ចាប់តាំងពី​ខែ​កញ្ញា​នៅផ្ទះ​របស់​ម្ចាស់​ជើងឯក​អឺរ៉ុប​ថ្មីៗ Chelsea ។​

​បច្ចុប្បន្ន​កំពុង​លេង​មិន​ដែល​ឈ្នះ​៨​ប្រកួត​ក្រៅ​ទឹកដី ការ​ដែល​អាច​ដោះស្រាយ​រឿង​នេះ​បាន​នឹង​ជា​ការកែ​ជោគវាសនា​របស់ Wolves នៅក្នុង Premier League ទៅ​ថ្ងៃមុខ​។ ទោះយ៉ាងណា Wolves មិន​ដែល​ឈ្នះ​នៅ​កីឡដ្ឋាន Stamford Bridge នោះទេ ចាប់តាំងពី​ពួកគេ​បានឈ្នះ​លើកចុងក្រោយ​នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ ២០.០០០ នាក់​ក្នុង​ឆ្នាំ ១៩៧៩​។​

​ដោយសារ​ក្បួន​លេង​របស់លោក Potter បាន​ទទួល​ផ្លែផ្កា​នៅ Chelsea យើង​ព្យាករណ៍​ថា តោ​ខៀវ​នឹង​មិន​ពិបាក​កម្ចាត់ Wolves ដែល​គ្មាន​គ្រូបង្វឹក​នៅក្នុង​ជំនួប​នេះ​នោះ​ឡើយ​។ ដូច្នេះ យើង​ជឿ​ថា Chelsea នឹង​ឈ្នះ​ដាច់​គ្រាប់​ត ១​។​

Wolves បាន​ស៊ុត​បញ្ចូល​ទី​បានតែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជាង ៦ ម៉ោង​នៃ​ការប្រកួត ហើយ​ដោយ​ពិចារណា​ថា ពួកគេ​មិន​ដែល​ឈ្នះ​នៅ​ទឹកដី​តោ​ខៀវ​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា ពួកគេ​នឹង​ពិបាក​ទទួលបាន​ពិន្ទុ​នៅទីនេះ​ម្តងទៀត​។ យើង​ព្យាករណ៍​ថា Chelsea អាច​ឈ្នះ​ក្នុង​លទ្ធផល ២-០​។​

– Manchester City vs Southampton

* Manchester City រកបាន​ជា​មធ្យម ៣,៦ គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ Premier League រដូវ​កាល​នេះ​។​
* Erling Haaland ស៊ុត Hat-trick ក្នុង​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង ៣ លើក​ចុងក្រោយ​របស់​គេ​នៅ EPL​។​
* Phil Foden ស៊ុត​បញ្ចូល​ទី​ជា​មធ្យម​២​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ EPL ហើយ​ឥឡូវ​រកបាន ៥ គ្រាប់​រួច​ទៅ​ហើយ​។​
* Southampton របូត​១៦​គ្រាប់​ក្នុង​៥​លើក​ចុង​ក្រោយ​នៅ​ទឹកដី​របស់ City​។​

​តើ​មាន​ក្រុម​ណា​អាច​បញ្ឈប់​ក្រុម​មេឃ​ខៀវ Manchester City ដែលមាន Haaland ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​ដែរឬទេ​?

​ទោះបីជា​ឥឡូវ​ពួកគេ​មិន​ទាន់​ឈរ​នៅលើ​កំពូល​តារាង​ក៏ដោយ ក៏ប៉ុន្តែ​គ្រប់គ្នា​ហាក់​មាន​អារម្មណ៍​ថា​ពួកគេ​បានឈ្នះ​ពាន EPL ក្នុង​រដូវ​កាល​នេះ​រួចទៅហើយ ជាពិសេស​គឺ​ដោយសារ​អំណាច​អមនុស្ស​ដ៏​អស្ចារ្យ​របស់​ខ្សែ​ប្រយុទ្ធ Erling Haaland ។​

​វា​ប្រហែលជា​ងាយស្រួល​ជាង​ក្នុងការ​និយាយ​អំពី​កំណត់ត្រា​ដែល Haaland មិនទាន់​បំបែក ដោយ​គិត​ពី​ឥទ្ធិពល​មិន​គួរ​ឱ្យ​ជឿ​ដែល​រូបគេ​មាន​ចាប់តាំងពី​ចូលរួម​ជាមួយ City ។ កីឡាករ​សញ្ជាតិន័​រវែស​រូប​នេះ​ស៊ុត​បញ្ចូល​ទីបាន ២៨ គ្រាប់​បន្ទាប់ពី​ការប្រកួត Champions League ២២ លើក ហើយ​រូបគេ​គឺជា​កីឡាករ​ដំបូង​គេ​ដែល​ស៊ុត Hat-trick ក្នុង​ផ្ទះ​នៅ EPL ៣ ដង​ជាប់ៗ​គ្នា ខណៈ​ការ​ស៊ុត​ចូល ១៤ គ្រាប់​ក្នុង​ការប្រកួត EPL ៨ លើកដំបូង​របស់​កីឡាករ​រូបនេះ​គឺ​ខ្ពស់ជាង​កីឡាក​រណាៗ​ទាំងអស់ បន្ទាប់​ពី​ការប្រកួត​១០​ជុំ​ដំបូង​។​

​ប្រាកដ​ណាស់​រូបគេ​នឹង​បន្ត​បំបែក​ឯតទគ្គ​កម្ម​ជាច្រើន​ទៀត​នៅពេល​ខាងមុខ ហើយ Hat-trick អាច​នឹង​កើតឡើង​ម្តងទៀត​នៅ​ប្រកួត​នេះ​ក៏​ថា​បាន​។​

Southampton ច្បាស់​ណាស់​នឹង​ពិបាក​ទប់ទល់​នឹង City​។ វា​មិន​គ្រាន់តែ​ជា Haaland ទេ​ដែល Southampton ត្រូវ​ព្រួយ ព្រោះ​ថា​ឥឡូវនេះ​ពួក​គេ​លេង​ក្រៅ​ដី​ជាង ៣ ម៉ោង​ដោយ​មិនទាន់​ស៊ុត​ចូល​មួយ​គ្រាប់​ទេ និង​ចាញ់​ទាំង​ពីរ​លើ​ក​នោះ​ទៀត​។​

​អ្នក​ចាត់ការ​ទូទៅ​របស់ Southampton លោក Ralph Hassenhuttl ល្បី​ថា​ជិត​បាត់បង់​ការងារ ហើយ​វា​ពិត​ភ្ញាក់ផ្អើល​ដែល​គាត់​នៅតែ​ស្ថិត​ក្នុង​ការងារ​បន្ទាប់​ពី​ចាញ់ ៩-០ ដល់​ទៅ​ពីរដង​! បរាជ័យ​ធំ​ម្តង​ទៀត​កំពុង​រង់ចាំ​នៅ​នឹង​មុខ ពេល​ពួកគេ​ទៅ​ទឹកដី​របស់ Man City នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ដោយហេតុ​ថា Man City លេង​កាច​សាហាវ​ពេក ដូច្នេះ​ត្រឹម​គ្រាប់​ត ២ គ្រាប់ នឹង​មិន​ពិបាក​វាយ​ផ្តាច់​នោះទេ​។ លទ្ធផល​ទស្សនទាយ Man City ឈ្នះ ៣ គ្រាប់​ឡើងទៅ​។

– Arsenal vs Liverpool (​ថ្ងៃអាទិត្យ​)

* Liverpool ខកខាន​ឈ្នះ​៥​ប្រកួត​ក្នុងចំណោម​ការប្រកួត​បើកឆាក Premier League ៧​លើ​ក​របស់​ពួកគេ​។​
* Arsenal បានចាប់ផ្ដើម​រដូវ​កាល EPL ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្រុម​ណា​ធ្វើ​ដូច ចាប់តាំងពី​ក្រុម Liverpool ឈ្នះ​ពាន​រដូវ​កាល ២០១៩/២០​។​
* Arsenal បាន​ចាញ់​ការប្រកួត​លី​ក​ចំនួន ៤ លើក​ចុងក្រោយ​របស់​ពួកគេ​ទល់នឹង Liverpool ប៉ុន្តែ​មិន​ដែល​ចាញ់ ៥ ប្រកួត​ជាប់ៗ​គ្នា​នោះ​ទេ​។​
* Arsenal កំពុង​រីករាយ​នឹង​ការ​ឈ្នះ ៧ ប្រកួត​ជាប់​គ្នា​ក្នុង​ផ្ទះ​នៅ EPL​។​

Arsenal កំពុងតែ​បង្ហាញ​ថា​ពួកគេ​កំពុង​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះ​។ បន្ទាប់​ពី​ឈ្នះ​៧​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Premier League ចំនួន​៨​លើ​ក​របស់​ពួកគេ ក្រុម​កាំភ្លើង​ធំ Arsenal បានចាប់ផ្តើម​រដូវ​កាល​ខ្លាំង​បំផុត​ក្នុង​រដូវ​កាល​នេះ​ដោយ​មិន​មាន​ក្រុម​ណា​ធ្លាប់​ធ្វើ​បាន​ពី​មុន ចាប់តាំងពី Liverpool បានឈ្នះ​ការប្រកួត​បើកឆាក​ចំនួន ៨ ដង ដើម្បី​ឈ្នះ​ពាន​ក្នុង​រដូវ​កាល ២០១៩/២០​។​

​ក្តី​ស្រ​មៃលើ​កពាន​គឺ​នៅ​ឆ្ងាយ​ណាស់​សម្រាប់​ក្រុម​កាំភ្លើង​ធំ ក្នុងពេល​ដែល​កីឡាករ Erling Haaland កំពុង​រក​គ្រាប់​បាល់​គ្រប់​ការប្រកួត​ឱ្យ Manchester City ប៉ុន្តែ​ការទទួល​ជ័យជម្នះ​លើ​ក្រុម​ហង្ស​ក្រហម Liverpool ពិត​ណាស់​នឹង​បង្កើត​ទំនុកចិត្ត​ក្នុងចំណោម​អ្នកគាំទ្រ​កាំភ្លើង​ធំ ដែល​ជឿ​ថា ការ​ឈ្នះ​ពាន​នឹង​អាច​កើតឡើង​។​

​ការទទួល​ជ័យជម្នះ ៣-១ ក្នុងការ​ប្រកួត​ជា​មួយ Spurs សប្តាហ៍​មុន បាន​ពង្រីក​ការប្រកួត EPL របស់ Arsenal ដោយ​មិន​មាន Clean Sheet ដល់​ទៅ ១៣ លើក ដែល​នេះ​បង្ហាញថា ពួកគេ​ត្រូវ​សម្រុក​ដល់​មាត់​ទី​របស់​ហង្ស​ក្រហម និង​ស៊ុត​ឱ្យបាន​ច្រើន​ជាង ប្រសិន​បើ​ពួកគេ​ចង់យក​ឈ្នះ​លើ Liverpool​។​

​ខណៈ​ការ​ឈ្នះ​ដ៏​គួរ​ឱ្យ​ជឿជាក់​លើ​ក្រុម Rangers ក្នុង​សកម្មភាព Champions League ពាក់កណ្តាល​សប្តាហ៍​បាន​ជួយ Liverpool ឱ្យ​នាំមុខគេ​ក្នុង​ពូ​ល ការចាប់អារម្មណ៍​បាន​បង្វែរ​មក​ភ្លាមៗ​ទៅលើ​យុទ្ធនាការ EPL ដែល​កំពុង​ធ្លាក់ចុះ​របស់​ពួកគេ ដែល​ក្នុងនោះ​ពួកគេ​បាន​ឈ្នះ​ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​បើកឆាក ៧ លើក (​ឈ្នះ​២, ស្មើ​៤, ចាញ់​១)​។

​នេះ​គឺជា​ការចាប់ផ្តើម​៧​ប្រកួត​ដ៏​អាក្រក់​បំផុត​របស់ Liverpool ក្នុង​រដូវ​កាល EPL ចាប់តាំងពី​ទទួលបាន​លទ្ធផល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៤/១៥​។ ក្រុម​ហង្ស​ក្រហម​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៦​នៅក្នុង​រដូវ​កាល​ចុងក្រោយ​របស់​លោក Brendan Rodgers មុនពេល​ការមកដល់​របស់​លោក Klopp​។ ឥឡូវ យុគសម័យ​របស់ Klopp គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចាស់ទុំ​ជោ​រហើយ ដោយ​គ្រូបង្វឹក​អាល្លឺម៉ង់​រូបនេះ​ឥឡូវ​កំពុង​ពិបាក​រក្សា​ទម្រង់​លេង​សាហាវ​របស់គាត់​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​។​

​ក្រុម​ហង្ស​ក្រហម​បាន​ឈ្នះ​រាល់​ការជួបគ្នា​ក្នុង​លី​ក​ចំនួន​៤​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម Arsenal ហើយ​ជ័យជម្នះ​ទី​៥​នៅ​ទី​នេះ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​ការ​ឈ្នះ​ដ៏​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ១២៩ ឆ្នាំ​ក្នុងជំនួប​រវាង​ពួកគេ​។ ទោះយ៉ាងណា យើង​មិន​មើលឃើញ​ជ័យជម្នះ​បែប​នោះ​នឹង​កើតឡើង​នោះទេ ដោយសារ​តែ​ទម្រង់​លេង​ដ៏​អន់​របស់ Liverpool នៅ EPL​។​

​ដោយ​គិត​ពី​ទម្រង់​លេង​ផ្ទុយ​គ្នា​ស្រឡះ​នៅ EPL យើង​ជឿ​ថា Arsenal នឹង​យក​ឈ្នះ​លើ Liverpool តែ​នឹង​របូត​គ្រាប់​បាល់​វិញ​ផង​ដែរ​។ លទ្ធផល​ទស្សន៍ទាយ Arsenal ឈ្នះ ២-១៕

Man City រំពឹង​ឈ្នះ​ងាយៗ​លើ Southampton