ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា វី សុ​ភ័ស និង​កីឡាការិនី វី ស្រី​ស្រស់​ជា​ប្អូនស្រី បាន​កំពុង​ចាប់ដៃគ្នា​ក្នុងការ​ប្រឡូក​អាជីព​ប្រដាល់សកល​ដើម្បី​នាំ​លើកមុខ​លើក​មុខមាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ​។​

​ពួកគេ​ទាំងពីរ​នាក់​ជា​អ្នក​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា​ដែល​មកពី​ខេត្តកណ្តាល និង​សង្ឃឹម​លើកមុខ​មាត់​ប្រដាល់សកល​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​ត្រកូល «​វី​» សព្វថ្ងៃនេះ ក្នុងចំណោម​បងប្អូន​បីនាក់​ដែល​កំពុង​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់​សកម្ម​គឺ ពីរ​នាក់​ជា​អ្នក​ប្រដាល់សកល និង​ម្នាក់ទៀត​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​។ ដោយសារ​ក្រុមគ្រួសារ​មាន​ជីវភាព​ខ្វះខាត អ្នក​ទាំង​ពីរបាន​តាំងចិត្ត​ខ្ពស់​ដើម្បី​ឈានទៅរក​សមិទ្ធផល​ធំ​ក្នុង​អាជីព​។ ពួកគេ​មិន​ត្រឹមតែ​មានការ​តាំងចិត្ត​ខ្ពស់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ សូម្បី​ក្រុមគ្រួសារ និង​សាច់ញាតិ​ក៏​លើកទឹកចិត្ត​ពួកគេ​យ៉ាងខ្លាំង​ដែរ​។​

​វី សុ​ភ័ស ដែលមាន​វ័យ​២២​ឆ្នាំ បាន​និយាយថា​ប្រដាល់​ជួយ​សម្រាល​បន្ទុកគ្រួសារ​របស់គេ​ច្រើនណាស់​។ សព្វថ្ងៃនេះ ពុក​ម៉ែ​គេ​មិនសូវ​លំបាក​ដូច​មុន​ទេ​។​​កីឡាករ​រូបនេះ​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់សកល​ក្នុង​ឆ្នាំ​២០០៩ និង​សង្ឃឹម​តំណាង​ឲ្យ​កម្ពុជា​នៅពេល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ បងប្រុស​ឈ្មោះ វី សាវុធ ដែល​អតីត​កីឡាករ​ប្រដាល់សកល​ជា​បុគ្គល​មាន​ឥទ្ធិពល​លើ​រូបគេ​ក្នុង​ការចូល​អាជីព​ប្រដាល់​នេះ​។​

សុ​ភ័ស បាន​និយាយ​ដោយ​ក្ដី សង្ឃឹមថា​ថ្ងៃ​ណាមួយ​រូបគេ នឹង​ក្លាយជា​កីឡាករ​ប្រដាល់​អាជីព និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។​​កីឡាករ​រូបនេះ​បានឈ្នះ​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០២១ និង​ធ្លាប់​ឈ្នះ​មេដាយប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង​ពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំមុនៗ​។ រូបគេ​បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើកដំបូង​នៅ​ឆ្នាំ​២០១៩​នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នៅ​ប្រទេស​ចិន ហើយ​ពេលនោះ​ទទួលបាន​មេដាយសំរិទ្ធ​។​គេ​ជា​កីឡាករ​ដែល​ជំរុញ​ក្មេងជំនាន់ក្រោយ​ឲ្យ​ចាប់អារម្មណ៍​ប្រដាល់សកល​ច្រើន​បាន​និយាយថា ៖«​ខ្ញុំ​បាន​តំណាង​ឲ្យ​ជាតិ​លើកដំបូង ហើយ​បានឈ្នះ​មេដាយ​។ នេះ​ជា​សមិទ្ធផល​សំខាន់​មួយ​»​។​

​សុ​ភ័ស​បន្ថែមថា រូបគេ​ប្តេជ្ញាចិត្ត​បង្ហាញ​សមត្ថភាព​នៅលើ​ឆាក​អន្តរជាតិ​។ «​ខ្ញុំ​សរសើរ កីឡាករ​ប្រដាល់​អាមេរិក ប្ល៊​យ មេ​វេ​ឌើ​រ ខ្លាំងណាស់​។ គាត់​ពូកែ​កណ្តាប់ដៃ ល្បឿន​លឿន ការពារ​ក៏​ល្អ វាយបក​មាន​ប្រសិទ្ធភាព​។ និយាយ​ទៅ​ជំនាញ​ឥតខ្ចោះ​តែម្តង​ដែល​ខ្ញុំ​រៀន​តាម​។ ពេល​ខ្ញុំ​អាច​បង្ហាញ​សមត្ថភាព ខ្ញុំ​សង្ឃឹមថា មហាជន​នឹង​គាំទ្រ​ខ្ញុំ​ដើម្បី​ឲ្យ​កាន់តែ​ជោគជ័យ​»​។​

​ដោយឡែក​កីឡាការិនី​វ័យ​២០​ឆ្នាំ វី ស្រី​ស្រស់ បាន​ជម្នះ​នឹង​ការជំទាស់​របស់​ឪពុកម្តាយ​រហូត​ទទួលបាន​ការយល់ព្រម និង​គាំទ្រ​ពេញទំហឹង​ក្នុង​ការចូល​ហ្វឹកហាត់​ប្រដាល់​។ ស្រី​ស្រស់ បាន​និយាយថា ៖ «​ពេល​បងប្រុស​ខ្ញុំ​ចូល​ហាត់​ប្រដាល់ ខ្ញុំ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគាត់​ឲ្យ​ខ្ញុំ​ចូល​ប្រដាល់​ដែរ​។ ឥឡូវនេះ ពួកគេ​គាត់​លែង​ជំទាស់ ហើយក៏​សប្បាយចិត្ត​ឃើញ​ខ្ញុំ​ប្រឹងប្រែង​»​។​

​តាមពិតទៅ កីឡាការិនី​រូបនេះ​បាន​ឈប់រៀន​ដើម្បី​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់​ពេញលេញ​។ ការតស៊ូ និង​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាការិនី​ជា​លទ្ធផល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ពីរដង​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ ស្រី​ស្រស់ បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​លើកដំបូង​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៩ ដែលជា​ពេលដែល​នាង​ទទួលបាន​មេដាយសំរិទ្ធ​។

​ទោះជា​ទទួលបាន​សមិទ្ធ​ផល​ខ្លះៗ កីឡាការិនី​រូបនេះ​ជឿថា នាង​នៅមាន​ពេលវេលា​វែងឆ្ងាយ​ទៀត​ដើម្បី​ស្វែង​ជោគជ័យ​បន្ថែម​។​
​នាង​បាន​និយាយថា ៖«​ខ្ញុំ​អត់​ខ្លាច​ឈឺចាប់ ឬ​របួស​ទេ​។ ខ្ញុំ​ចង់តែ​ម្យ៉ាង​គត់ គឺ​ក្លាយជា​កីឡាការិនី​ល្អ​បំផុត​តាម​ដែល​អាចទៅរួច​»​។ ដូច​បងប្រុស​របស់​នា​ង​ដែរ វី ស្រី​ស្រស់ ក៏​ចង់ឃើញ​ក្មេងជំនាន់ក្រោយ​ចូលរួម​សកម្មភាព​កីឡា និង​ចាប់​អាជីព​ក្នុង​វិស័យ​កីឡា​ឲ្យ​បាន​ច្រើន​។​
​នាង​បន្តថា «​ខ្ញុំ​ឃើញ​ប្រទេស​គេ​មាន​នារី​ចូលប្រឡូក​កីឡា​ច្រើន អីចឹង​ខ្ញុំ​ចង់ឃើញ​ស្ត្រី​ខ្មែរ​ចាប់​អាជីព​កីឡា​ច្រើន​ដែរ​។ ខ្ញុំ​ជឿ​ពេញទំហឹង​ថា ស្ត្រី​ក៏មាន​សមត្ថភាព និង​ពូកែ​ខាង​កីឡា​ដែរ​»​។

​សម្រាប់​ឥឡូវនេះ បងប្អូន​ប្រុស​ស្រី​ទាំងពីរ​បាន​កំពុង​ហ្វឹកហាត់ និង​ផ្តោត​យក​ទុកដាក់​យ៉ាងខ្លាំង​ដើម្បី​អភិវឌ្ឍ​ខ្លួន​សម្រាប់​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​៕​