ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: រថយន្ត​ព្រូស​មួយគ្រឿង​ត្រូវ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​បុក​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​បីនាក់​យ៉ាង​អាណោចអាធ័ម ខណៈ​ឆ្លងផ្លូវ​ហាយ​វេ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រហូតដល់​ទៅ​បីនាក់​នេះ​បានកើត​ឡើង​នៅ​រសៀល​ម៉ោង ០៣:៣០​នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ ត្រង់​ផ្លូវ​ហាយ​វេ​បែក​ជា​បួន​ឋិត​ក្នុងភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​ជនរងគ្រោះ​មានឈ្មោះ​រ៉េត ណា​រ៉ង់ ហៅ​ខ្លី ចំណែក​ពីរ​ទៀត​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​។​

​ប្រភព​នៅ​ទីតាំង​កើតហេតុ​បាន​បញ្ជាក់ថា​÷ មុនពេល​កើតហេតុ​មាន​រថយន្ត​ធុន​ស្រាល​ម៉ាក ព្រូស ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AW-៦៣១៦ បានធ្វើ​ដំណើរ​រួមមាន​គ្នា​ចំនួន​បីនាក់ ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ត្រង់​កំណាត់​ផ្លូវបំបែក​រថយន្ត​ព្រូស​បាន​ឆ្លងកាត់​ផ្លូវ ភ្លាមៗ​គាប់​ជួន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ ៣G-១១០៩ កំពុង​ដឹក​ថ្ម​បើកបរ​លឿន​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក៏បាន​បុក​យ៉ាង​ពេញទំហឹង​អូស​ជិត ១០០​ម៉ែត្រ បណ្តាលអោយ​អ្នកបើកបរ និង​អ្នករួមដំណើរ​សរុប​ចំនួន បីនាក់​បាន​កៀប​ក្នុង​រថយន្ត​ស្លាប់​ភ្លាមៗ ឯ​រថយន្ត​ក៏បាន​ខូចខាត​យ៉ាងដំណំ​ផងដែរ​៕​

ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់ឈ្មោះរ៉េត ណារ៉ង ហៅខ្លី ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូស និងរថយន្តដឹកទំនិញ ។

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូស និងរថយន្តធុនធំដឹកទំនិញបណ្តាលឱ្យស្លាប់មនុស្សបីនាក់នៅត្រង់​ផ្លូវ​ហាយ​វេ​បែក​ជា​បួន​ឋិត​ក្នុងភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​នារសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២។