​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​KCNA​បានឱ្យដឹងថា​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​តុលា​ថា​ការសាកល្បង​មី​ស៊ី​ល​របស់ខ្លួន​គឺ​សម្រាប់​ស្វ័យ​​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ដោយ​ផ្ទាល់​ពី​យោធា​របស់​សហរដ្ឋ​អាម៉េរិក ហើយ​ការសាកល្បង​ទាំងនោះ​មិន​បាន​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រទេសជិតខាង​និង​តំបន់​នោះ​ទេ​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៦​គ្រាប់​ក្នុង​រយៈពេល​១២​ថ្ងៃ​គិត​ត្រឹម​សប្តាហ៍​នេះ រួម​ទាំង​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម (IRBM) រំលង​លើ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​

KCNA បាន​និយាយ​ដោយ​ដកស្រង់​សម្តី​អ្នកនាំពាក្យ​រដ្ឋបាល​អាកាសចរណ៍​ថា “​ការសាកល្បង​មី​ស៊ី​ល​របស់​យើង​គឺ​ជា​វិធានការ​ស្វ័យការពារ​ធម្មតា​មួយ​ដែល​បាន​គ្រោងទុក​ដើម្បី​ការពារ​សន្តិសុខ​របស់​​ប្រទេស និង​សន្តិភាព​ក្នុង​តំបន់​របស់​យើង​ពី​ការគំរាមកំហែង​ដោយ​ផ្ទាល់​ពី​យោធា​របស់​សហរដ្ឋ​អាម៉េរិក​”​។​

“(​ការសាកល្បង​មី​ស៊ី​ល​) មិន​បាន​បង្ក​ការគំរាមកំហែង​ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​ក៏ដូចជា​សុវត្ថិភាព​របស់​ប្រទេសជិតខាង​និង​តំបន់​នោះ​ទេ​ដោយ​ពិចារណា​ពេញលេញ​អំពី​សុវត្ថិ​​ភាព​អាកាសចរណ៍​ស៊ីវិល​ជា​មុន​”​។​

KCNA បាន​និយាយថា សារ​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​ក្រុមប្រឹក្សា​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO)​ថ្មីៗ​នេះ​ដែល​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ថា​បង្ក​ហានិភ័យ​សុវត្ថិភាព​ធ្ងន់ធ្ងរ​​ដល់​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​។​

​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​នៅ​ដែនសមុទ្រ​រួមគ្នា​ដែល​ពាក់ព័ន្ធ​នឹង​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ពោលគឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញ​ធ្វើ​ប្រតិកម្ម​ទៅ​នឹង​សមយុទ្ធ​ទម្លាក់​គ្រាប់បែក​របស់​កូរ៉េខាងជើង​។​

​សហរដ្ឋ​អាម៉េរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង​៕

​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៦​គ្រាប់​ក្នុង​រយៈពេល​១២​ថ្ងៃ​គិត​ត្រឹម​សប្តាហ៍​នេះ