​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងទ័ពជើងទឹក​អាម៉េរិក​បានធ្វើ​សមយុទ្ធ​ដ្រូ​ន​រួមគ្នា​ជាមួយ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ទី​៧​តុលា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដោយ​សាកល្បង​នាវា​ឃ្លាំ​មើល​គ្មាន​​មនុស្ស​បើក​ដូចគ្នា​នឹង​នាវា​ដែល​អ៊ីរ៉ង់​បាន​រឹបអូស​យក​ពីរដង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​មជ្ឈិម​បូព៌ា​។​

​សមយុទ្ធ​នេះ​ធ្វើឡើង ខណៈ​កងទ័ពជើងទឹក​អាម៉េរិក​បាន​ប្រាប់​នាវា​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដាច់ដោយឡែក​ពីគ្នា​ថា​ខ្លួន​នឹង​បន្ត​ប្រើប្រាស់​ដ្រូ​ន​នៅក្នុង​តំបន់​និង​ព្រមាន​កុំឱ្យ​​ជ្រៀតជ្រែក​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ​។​

​សមយុទ្ធ​ដ្រូ​ន​និង​ការសន្យា​របស់​អាម៉េរិក​ក្នុង​ការបន្ត​បើក​ពួក​វា​ក៏​កើត​ឡើង​ផងដែរ ខណៈ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​នៅ​សមុទ្រ​ពែ​ក្ស​នៅតែ​មាន​កម្រិត​ខ្ពស់​ចំ​ពេល​ការចរចា​ជាប់​​គាំង​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ដាច់​ហែក​របស់ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក និង​ខណៈ​ដែល​ការតវ៉ា​បាន​រីក​រាលដាល​ទូ​ទាំង​សាធារណរដ្ឋ​អ៊ីស្លាម​។​

​មេបញ្ជាការ ឈ្មោះ ធី​ម៉ូ​ធី ហក​គីន (Timothy Hawkins) ជា​អ្នកនាំពាក្យ​កង​នា​វាទី​៥​ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា​របស់​កងទ័ព​ជើង​ទឹក​អាម៉េរិក បាន​និយាយ​ថា​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​​គឺពាក់ព័ន្ធ​នឹង​នាវាចម្បាំង​អាម៉េរិក​ពីរ​គ្រឿង​និង​អង់គ្លេស​ពីរ​គ្រឿង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ក៏​ដូច​ជា​កូន​នាវា​រុករក​លើ​ផ្ទៃ​ទឹក Saildrone បី​គ្រឿង​ផងដែរ​។

​ដ្រូ​ន​ទាំងនេះ​ស្វែងរក​គោលដៅ​នៅលើ​សមុទ្រ បន្ទាប់​មក​បញ្ជូន​រូប​ភាព​ដែល​កាមេរ៉ា​របស់​វាថ​ត​បាន​ត្រឡប់​ទៅ​នាវាចម្បាំង និង​មជ្ឈមណ្ឌល​បញ្ជាការ​របស់​កងនា​វាទី​៥ នៅក្នុង​ព្រះរាជាណាចក្រ​កោះ​បា​រ៉ែ​ន​។ នៅ​ទីនោះ ប្រព័ន្ធ​បញ្ញា​សិប្ប​និមិត្ត​មួយ​បាន​ដំណើរការ​តាមរយៈ​រូបថត​ទាំងនោះ​។​

​កង​នា​វាទី​៥​បាន​បើក​ដំណើរការ​ក្រុមការងារ​គ្មាន​មនុស្ស​បើក​លេខ ៥៩ របស់ខ្លួន​កាលពី​ឆ្នាំមុន​។ ដ្រូ​ន ដែល​ប្រើ​ម​មាន ដ្រូ​ន​ឃ្លាំ​មើល​ពី​លើ​អាកាស​ដែល​ធន់​ទ្រាំ​ខ្លាំង នាវា​លើ​ផ្ទៃ​ទឹក​ដូចជា Sea Hawk និង Sea Hunter និង​ដ្រូ​ន​ក្រោម​ទឹក​តូចៗ ដែល​ស្រដៀង​នឹង​គ្រាប់​ថូ​ផេ​ដូ​៕

​កូន​នាវា​រុករក​លើ​ផ្ទៃ​ទឹក Saildrone ចូលរួម​សមយុទ្ធ​របស់​អាម៉េរិក​និង​អង់គ្លេស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​