​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​នឹង​លែង​អាច​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​ប្រភេទ​គ្រាប់រំសេ​វដែល​កន្លងមក​បាន​ជួយ​អោយ​កងកម្លាំង​អ៊ុយ​ក្រែន​ដណ្តើម​បាន​ជ័យជម្នះ​និង​មាន​ប្រៀប​លើ​​កងកម្លាំង​រុស្ស៊ី​ក្នុង​សមរភូមិ​ខាងកើត​ប្រទេសដោយសារ​ការប្រើប្រាស់​អស់​លឿន​ជាង​ការផ្គត់ផ្គង់​។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុត​សំរាប់​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ប្រទេស​ក្បែរ​ខាង​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​។​ជំនួយ​យោធា​ជាង​១៦,៨​ពាន់​លាន​ដុល្លារ​ត្រូវបាន​ផ្តល់អោយ​អ៊ុយ​ក្រែន​ចាប់តាំងពី​ពេលនោះ​។​

​តែ​ស្តុក​អាវុធ​ខ្លះ​របស់​អាម៉េរិក​បាន​ឈាន​ដល់​កំរិត​ទាប​បំផុត​សំរាប់​ផែនការ​សង្គ្រាម​និង​ការហ្វឹកហាត់ ហើយ​ការបំពេញ​ស្តុក​​អោយ​ឡើង​ដល់​កំរិត​មុន​សង្គ្រាមឡើងវិញ​អាច​ចំណាយពេល​រាប់​ឆ្នាំ នេះ​បើ​តាម​​លោក ម៉ាក ឃែន​សៀន​(Mark Cancian)នៅ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​។

​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ត្រង់​ហាយ​ម៉ាស​(Himars)​របស់​អាម៉េរិក​ត្រូវបាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​អ៊ុ​យក្រែន​ តែគ្រាប់កាន់តែអស់

​មន្ត្រី​យោធា​អាម៉េរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​«​កំពុង​រៀន​មេរៀន​»​ពី​ជម្លោះ​អំពី​គ្រាប់រំសេវ​ដែល​ត្រូវការ​នៅក្នុង​សង្គ្រាម​ធំ​ជាងណាមួយ ។​

​បណ្តា​ក្រុមហ៊ុន​អាវុធ​អាម៉េរិក​បាន​ផ្តោត​លើ​ការ​កាត់​ប​ន្ថ​យ​ផលិតកម្ម​យ៉ាងច្រើន​នៅ​ទសវត្សរ៍​១៩៩០ នៅពេល​អាម៉េរិក​កាត់បន្ថយ​ចំណាយ​ការពារជាតិ ក្រោយ​ការដួលរលំ​សហភាពសូវៀត និង​ចំនួន​របស់​​វា​បាន​ធ្លាក់ចុះ​យ៉ាង​គំហ៊ុក​។​

​ឥឡូវ រដ្ឋាភិបាល​អាម៉េរិក​ត្រូវតែ​ទាក់ទាញ​ឧស្សាហកម្ម​អាវុធ​អោយ​បើក​ខ្សែសង្វាក់​ដំឡើង​និង​ផលិត​ឡើង​វិញ ដូចជា​កាំជ្រួច​ប្រឆាំង​យន្តហោះ​Stinger ដែល​មិន​ត្រូវបាន​ផលិត​ចាប់តាំងពី​ឆ្នាំ​២០២០​។​

​គ្រឿង​បរិក្ខារ​យោធា​ដែល​អាម៉េរិក​ផ្តល់អោយ​ខ្លះ បាន​ក្លាយជា​តំណាង​គំរូ​​នៃ​សង្គ្រាម​នៅ​អ៊ុ​យក្រែន តួ​យ៉ាង​សព្វាវុធ​ប្រឆាំង​រថក្រោះ​Javelin​ដែល​ត្រូវ​កងកម្លាំង​អ៊ុយ​ក្រែន​ប្រើ​ជា​ទូទៅ​ដើម្បី​រារាំង​ដំណើរ​​ទ័ព​របស់​រុស្ស៊ី​ចូល​មក​កាន់​រដ្ឋធានី​គៀវ និង​ប្រព័ន្ធ​រ៉ុក្កែត​ហាយ​ម៉ាស ដែល​ឥឡូវ​ដើរ​តួនាទី​សំខាន់​មួយ​ក្នុងការ​វាយបក​លើ​ទាហាន​រុស្ស៊ី​នៅ​ខាងកើត​និង​ខាងត្បូង​ប្រទេស​។​

​តែ​ស្តុក​គ្រាប់​កាំជ្រួច​ហាយ​ម៉ាស ដែល​ហោះ​នាំ​ផ្លូវ​ដោយ​GPS​ជាមួយនឹង​ចម្ងាយ​វាយប្រហារ​៨០​គីឡូម៉ែត្រ កំពុង​ខើច​ទៅហើយ​។​

​បើ​តាម​លោក ម៉ាក ឃែន​សៀន​ដែល​ពីមុន​ធ្វើ​ការងារ​ខាង​ស្វែងរក​សព្វាវុធ​សំរាប់​រដ្ឋាភិបាល​អាម៉េរិក «​បើ​អាម៉េរិក​បញ្ជូន​សព្វាវុធ​ខ្លួន​មួយ​ភាគ​បី​ទៅ​អោយ​អ៊ុ​យក្រែន ដូច​ក្នុងករណី​កាំ​ជ្រួច​Javelin​និង​Stinger អ៊ុយ​ក្រែ​ននឹង​ទទួល​គ្រាប់​រ៉ុក្កែត​៨.០០០​ទៅ​១០.០០០​គ្រាប់​។​ស្តុក​គ្រាប់​នេះ​នឹង​ទំនង​ជា​នៅសល់​សំរាប់​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​នៅពេល​ស្តុក​នេះ​អស់ មិន​មាន​គ្រាប់​សំរាប់​ដាក់ជំនួស​ទេ​»​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​ផ្តល់​កាំជ្រួច Javelin​ប្រមាណ​៨.៥០០​ដើម​ទៅ​អោយ​អ៊ុ​យក្រែន តែ​ការផលិត​បាន​ត្រឹម​ប្រមាណ​១.០០០​ដើម​ក្នុង​មួយឆ្នាំ​។​កាលពី​ខែ​ឧសភា រដ្ឋាភិបាល​អាម៉េរិក​បាន​បញ្ជា​ទិញ​​កាំជ្រួច​ប្រភេទ​នេះតំលៃ​៣៥០​លាន​ដុល្លារ តែ​វា​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំមុន​ឃ្លាំង​កាំជ្រួច​នេះ​ត្រូវ​បំពេញ​ដូចដើម​វិញ​។​

​អាម៉េរិក​ក៏​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​១៥៥​មី​លី​ម៉ែត្រច្រើនជាងគេ គឺបានផ្តល់ជាង​៨០០.០០០​គ្រាប់​ដល់​អ៊ុ​យក្រែន គឺ​ស្មើនឹង​បី​ភាគ​បួន​នៃ​គ្រាប់​ដែល​ផ្តល់​ដោយ​ប្រទេស​លោកខាងលិច​ផ្សេងទៀត​។​ការផលិត​គ្រាប់កាំភ្លើង​ធំ​ប្រ​​ភេទ​នេះ​បាន​ប្រមាណ​១៤.០០០​ក្នុង​មួយខែ តែ​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា​ខ្លួន​បាន​បំណង​បង្កើន​ចំនួន​អោយដល់​៣៦.០០០​គ្រាប់​ក្នុង​មួយខែ​នៅ​បី​ឆ្នាំ​ខាង​មុខ​។​បើ​ផលិត​បាន​ចំនួន​នេះ ​នោះ​មួយ​ឆ្នាំ​ផលិត​បាន​៤៣២.០០០​គ្រាប់ គឺមិន​បាន​ពាក់កណ្តាល​ចំនួន​គ្រាប់​ដែល​អាម៉េរិក​ផ្តល់​អោយ​អ៊ុយ​ក្រែន​នៅ​ប្រាំពីរ​ខែ​មក​នេះ​ផង​៕