ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធាន និងឧតុនិយម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ថាៈ ព្រះរាជាណាចក្រកម្ពុជា ពេលនេះ ស្ថិតនៅក្នុងតំបន់ប្រសព្វ រវាងទ្រនុងសម្ពាធខ្ពស់ ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រាន ពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានោះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមាន សម្ពាធទាបសកម្ម (Active Low) មួយ ដើរចូលមកលើ ភាគអាគ្នេយ៍ នៃប្រទេសវៀតណាម ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើនេះ នឹងធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់ លើផ្ទៃប្រទេស ។ ក្នុងនោះ បណ្តាខេត្តនៃតំបន់ខ្ពង់រាប ភាគឦសាន និងពាយព្យ ជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត នៅភាគខាងក្រោម នឹងអាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀង លាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គួរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕/V-PC