ដោយៈ គង់ហេង / កំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ៧ ចន្លោះ PK89+000 ដល់ PK91+000 ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ដែលខាងអាជ្ញាធរ សម្រេចផ្អាកចរាចរ ជាបណ្តោះអាសន្ន ដើម្បីរំដោះជំនន់ទឹកភ្លៀង គឺនឹងបើកឱ្យចរាចរឡើងវិញ នៅល្ងាចថ្ងៃទី ៨ តុលានេះ។ ប៉ុន្តែអនុញ្ញាតចរាចរឆ្លងកាត់ តែត្រឹមរថយន្តធុនតូច ចុះក្រោមប៉ុណ្ណោះ។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង នៅប៉ុន្មានម៉ោងមុននេះថាៈ យប់មិញ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងការសហការពី អាជ្ញាធរស្រុកព្រៃឈរ ជីកកាយប្រឡាយ កាត់ទទឹងផ្លូវជាតិលេខ៧ ទំហំប្រហែល ប្រាំ ម៉ែត្រ គឺជាលទ្ធផលទឹក បានស្រកគោក ផុតអស់ពីលើថ្នល់។

លោកប្រធានមន្ទីររូបនេះ បានបន្តថាៈ ឥឡូវនេះ ការងារបន្ត គឺដាក់លូដែលមានទំហំមុខកាត់ មួយម៉ែត្រ ចំនួនពីរ ចូលក្នុងប្រឡាយ ដែលបានកាយនោះ កប់ក្នុងដី ហើយចាក់ដីគ្របពីលើវា ដើម្បីបើកឱ្យអ្នកដំណើរ អាចចរាចរ ឡើងវិញ នៅល្ងាចនេះ។ ប៉ុន្តែអនុញ្ញាតឱ្យតែរថយន្ត ធុនតូចចុះក្រោម រីឯរថយន្តធុនធំ នៅមិនអាចឆ្លងកាត់បានទេ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងរយៈពេលប្រមាណ មួយខែ កន្លងមកនេះ បានជន់លិចប្រព័ន្ធផ្លូវ គមនាគមន៍ជាច្រើនកន្លែង ពិសេសផ្លូវជាតិសំខាន់ៗ លេខ ៦ និងលេខ៧ បង្ខំឱ្យអាជ្ញាធរ សម្រេចផ្អាកចរាចរ ជាបណ្តោះអាសន្ន ដើម្បីកាយប្រឡាយ ដើម្បីរំដោះទឹកចេញ រក្សាគុណភាពថ្នល់ និងសម្រួលដល់ការធ្វើដំណើរ មិនឱ្យស្ទះចរាចរណ៍ របស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ផ្លូវជាតិលេខ៧ ខាងលើ បានផ្អាកចរាចរ ឆ្លងកាត់កាលពីរសៀលថ្ងៃទី ៧ តុលា ម្សិលមិញ៕/V-PC