ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាៈ ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដែលផ្ដើមចេញពីការគាំទ្រ ការអនុវត្តបែបពហុវិស័យរួមគ្នា។

លោក រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត ផែនការសកម្មភាពជាតិ ស្ដីពី “ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០២២-២០២៦” កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ កន្លងមក។

ក្នុងពិធីនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងដោយគូសបញ្ជាក់ថាៈ ជាក់ស្ដែង​ការស្រាវជ្រាវ ជាច្រើន បានឲ្យដឹងថា កុមារដែលបានទទួលសេវាគាំពារ និងឆ្លងកាត់ការៀនសូត្រ នៅកម្រិតមត្តេយ្យសិក្សា តែងតែរៀននៅសាលាបឋមសិក្សា ដោយជោគជ័យ ហើយរៀនចប់ បឋមសិក្សា ដោយពុំមានការត្រួតថ្នាក់ និងមិនបោះបង់ការសិក្សាឡើយ ដែលនឹងនាំមកនូវ ភាពជោគជ័យ ពេញមួយជីវិតរបស់ពួកគេ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីជំនាញក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ មន្ត្រីជំនាញពាក់ព័ន្ធ រាជធានី-ខេត្ត ទាំង ២៥ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣០៥ នាក់៕/V-PC