ប្រទេសរុស្ស៊ី៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងសុន្ទរកថា ក្នុងពិធីបិទ កិច្ចប្រជុំពេញអង្គ នៃសន្និសីទអន្តរគណបក្សអន្តរជាតិ ក្រោមប្រធានបទ គោលនយោបាយ បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដែលបានប្រព្រឹត្តិទៅ នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី ។

លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ដោយមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ ទើបកម្ពុជាអាចចូលរួមយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ ក្រៅពីការលើក ឡើង អំពីទិសដៅសំខាន់ៗ នៃរបៀបវារៈ គោលនយោបាយ បរិស្ថាន និងការអភិវឌ្ឍ ដោយចីរភាព ក៏ដូចជាសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងវិស័យបរិស្ថាន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ អំពីជំហរប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនប្រភពថាមពលស្អាត ជំរុញការវិនិយោគបៃតង និងការគាំទ្រហិរញ្ញវត្ថុ ប្រកបដោយចីរភាព ដើម្បីរួមគ្នាកសាងពិភពលោកមួយ ប្រកបដោយភាពបៃតងស្រស់ បរិស្ថានល្អស្អាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូន៕/V-PC