​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី និយាយ​ថា​មន្ត្រី​រុស្ស៊ី​បានចាប់ផ្តើម​«​ត្រៀម​សង្គម​របស់​គេ​»​សំរាប់​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ តែ​លោក​បាន​បន្ថែមថា​លោក​​មិន​ជឿ​ថា​រុស្ស៊ី​ត្រៀមខ្លួន​ប្រើ​វា​ទេ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី លោក​ហ្សេ​លេន​ស្គី​បាន​បដិសេធ​ថា​លោក​មិន​បាន​ទទូច​សុំ​អោយ​វាយប្រហារ​លើ​រុស្ស៊ី​ទេ ដោយ​ថា​ពាក្យ​សម្តី​លោក​កាលពី​មុន​ត្រូវ​បាន​បកប្រែ​ខុស​។​

​និយាយ​យោង​ទៅ​ដល់​ទណ្ឌកម្ម លោក​បាន​និយាយថា​«​អ្នក​ត្រូវ​តែ​វាយ​បង្ការ​ទុកជាមុន មិនមែន​ការវាយប្រហា​រ​ដោយអាវុធទេ​»​។​

លោក​ហ្សេ​លេន​ស្គី បាន​ផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី និង​ព្រមាន​ថា រុស្ស៊ី​ត្រៀម​សង្គ្រាម​នុយក្លេអ៊ែរ​

​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ទាហាន​អ៊ុយ​ក្រែន​បាន​វាយ​ដណ្តើម​យក​មក​វិញទឹក​ដី​ធំៗ​ក្នុងការ​វាយបក​ដ៏​ជោគជ័យ​មួយ​ដោយ​បាន​បង្ខំ​អោយ​ទាហាន​រុស្ស៊ី​បោះបង់ចោល​ទីតាំង​ឈរជើង​ដែល​ខ្លួន​វាយ​​កាន់កាប់​យូរ​មក​ហើយ​។​

​ក្នុង​អ្វី​ដែល​ពណ៌នា​ថា​ជា​ចម្លើយ​តប​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចំពោះ​បរាជ័យ​របស់ខ្លួន ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​កាត់​យក​តំបន់​បួន​របស់​អ៊ុយ​ក្រែនដាក់ជា​ឧបសម្ពន្ធ​របស់​​រុស្ស៊ី ហើយ​បាន​ព្រមាន​ទុក​ថា រុស្ស៊ី​នឹងមិន​ខ្លាច​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​វា​ទេ​។​

​លោកពូ​ទីន និង​មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា​សព្វាវុធ​នុយក្លេអ៊ែរ ​អាចជា​ប្រភេទ​គ្រាប់បែក​កល​យុទ្ធ​តូច​កម្លាំង​ខ្សោយ អាច​ត្រូវ​ប្រើ​ការពារ​តំបន់​ទាំងនេះ ទោះជា​យ៉ាងណា​មន្ត្រី​លោកខាងលិច​និយាយថា​មិន​​មាន​ភស្តុតាង​បង្ហាញ​ថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កំពុងត្រៀម​ប្រើ​វា​ទេ​។​

​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ការិយាល័យ​ប្រធានាធិបតី​នៅ​ក្រុង​គៀវ លោក​ហ្សេ​លេន​ស្គី បាន​និយាយថា​«​ពួកគេ​បាន​ចាប់ផ្តើម​ត្រៀម​សង្គម​របស់​គេ​។​វា​គ្រោះថ្នាក់​ណាស់​។​ពួកគេ​មិន​ត្រៀម​ធ្វើ​វា​ទេ តែ​ចាប់ផ្តើម​​ទាក់ទង​គ្នា​។​ពួកគេ​មិន​ដឹង​ថា​នឹង​ប្រើ​វា​ឬ​អត់​។​ខ្ញុំ​គិតថា​វា​គ្រោះថ្នាក់ សូម្បី​តែ​និយាយ​វា​»​។​

​លោក​ក៏​បាន​បដិសេធថា​លោកមិន​បាន​អំពាវនាវ​អោយ​វាយប្រហារ​លើ​រុស្ស៊ី​ទេ​ក្នុងអំឡុង​ព្រឹត្តិការណ៍​តាម​អន​ឡាញ​មួយ​កាលពី​ថ្ងៃ​ព្រហស្បត៍ ដោយសារ​ពាក្យ​អ៊ុយ​ក្រែន​ដែល​លោក​ប្រើ​ត្រូវ​បាន​បកស្រាយ​ខុស​។​

​សម្តី​ដែល​លោក​ថា​ត្រូវ​បាន​បកប្រែ​និង​បកស្រាយ​ខុស​នោះ ដំបូង​ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ទី​ក្រុង​មូ​ស្គូ​ថ្កោលទោ​សដោយ​ចាត់ទុក​វា​ជា​«​ការអន្ទង​រក​សង្គ្រាម​លោក​មួយទៀត​» នៅ​ពេល​រដ្ឋមន្ត្រី​ការ​​បរទេស​រុស្ស៊ី​បាន​និយាយថា វា​បង្ហាញ​ថា​ហេតុអ្វី​បានជា​រុស្ស៊ី​ត្រឹមត្រូវ​ក្នុង​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន​។​

​កិច្ចសម្ភាសន៍​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា ការ​គំរាម​របស់​រុស្ស៊ី​ក្នុង​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រនាំ​ពិភពលោក​ចូល​កៀក​សង្គ្រាម​នុយក្លេអ៊ែ​ររ​វាង​សភាវ​​ល្អ​និង​អាក្រក់កាន់តែ​មែនទែនហើយ ចាប់តាំងពី​វិបត្តិ​កាំជ្រួច​គុយបា​ក្នុងអំឡុង​សង្គ្រាមត្រជាក់​។​

​ប្រធានាធិបតី​អ៊ុ​យក្រែន បាន​និយាយថា​ត្រូវតែមានចំណាត់ការ​នៅពេល​ឥឡូវ នៅពេល​ការ​គំរាម​របស់​រុស្ស៊ី​ជា​ហានិភ័យ​របស់​ភពផែនដី​ទាំងមូល​។​ពិភពលោក​អាច​បញ្ឈប់​សកម្មភាពរ​បស់​ជន​ឈ្លានពាន​រុស្ស៊ី​​ជាបន្ទាន់ ដោយ​ពិភពលោក​អាច​អនុវត្ត​ទណ្ឌកម្ម​ជា​កញ្ចប់​និង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ដើម្បី​អោយ​ទាហាន​រុស្ស៊ី​ចាកចេញ​ពី​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ហ្សាប៉ូរិហ្ស៍យ៉ា៕

កងកម្លាំងរុស្ស៊ីអាចប្រើក្បាលគ្រាប់នុយក្លេអ៊ែរតូច ដោយបាញ់ចេញពីកាំភ្លើងធំធម្មតា ដូចជាកាំភ្លើងMalka