ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មួយថ្ងៃបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចចផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លៀងទៀននោះមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថាគ.ជ.បបានបញ្ជាក់ថានេះគឺបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប និងទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមស្ថាប័នជាតិ។

សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈលើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ការប្រកាសសាលក្រមនេះបានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប(រូបថតៈហ្វេសប៊ុកគ.ជ.ប)

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី៨ ខែតុលានេះថាសេចក្តីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប ដែលត្រូវបានកំណត់ភារកិច្ចឲ្យរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដូចចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការផ្តល់យុត្តិធម៌មួយនេះ ពិតជាឆ្លើយតបទៅនិងស្ថានភាពជាក់ស្តែងដែល គ.ជ.ប កំពុងអនុវត្ត។គ.ជ.បនឹងកាន់តែរឹងមាំឡើងដោយការជឿជាក់របស់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លង
មក ពិសេសគឺការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។

លោកអគ្គលេខាធិការរងបានបញ្ជាក់ទៀតថា នៅឆ្នាំ២០២៣ខាងមុខនេះ ដែលគ.ជ.បត្រូវរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣គ.ជ.បនឹងបំពេញកិច្ចការរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ។គ.ជ.ប ជឿជាក់ថា ភាគីពាក់ព័ន្ធនឹងចូលរួមនៅក្នុងការបោះឆ្នោត ជាពិសេសប្រជាពលរដ្ឋ ហើយការបោះឆ្នោតនៅពេលខាងមុខនេះ ពិតជាប្រព្រឹត្តទៅក្នុងបរិយាកាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។

សូមជម្រាបថា គ.ជ.ប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យអនុប្រធានគណបក្ស ភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ការដាក់ពាក្យបណ្តឹងបានធ្វើឡើងបន្ទាប់ពីលោកសុន ឆ័យ បានធ្វើការចោទប្រកាន់គ្មានការពិតទៅលើស្ថាប័ន គ.ជ.ប៕សរន