ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​ទី​១ ក្នុង​ខែតុលា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ រួមមាន សារ​នយោបាយ​សំខាន់ៗ ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​គុយបា នៅ​កម្ពុជា ជាដើម​។​

១- សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អនុវត្តន៍​វិធានការ​ក្តៅ ចំពោះ​អ្នករស់នៅ​តំបន់​អង្គរ ដែល​ជឿ​តាម​ការ​ញុះញុង ពី​ជន​អគតិ មិន​ព្រម​ចាកចេញ

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ កាលពី​ថ្ងៃ​ចន្ទ ទី​៣ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​នៅ​តំបន់​អង្គរ អោយបាន​ចប់សព្វគ្រប់ ដោយ​មិន​បន្ត​អង្គុយ​បក់ផ្សែង ទៀត​ទេ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​អនុវត្តន៍​វិធានការ​ក្តៅ ចំពោះ​ពលរដ្ឋ អ្នករស់នៅ​តំបន់​អង្គរ ដែល​ជឿ​តាម​ការ​ញុះញុង ពី​ជន​អគតិ មិន​ព្រម​ចាកចេញ​។ សម្តេច ព្រមាន​ថា នៅពេល​ប្រើ​វិធានការ​ក្តៅ​នោះ រាជរដ្ឋាភិបាល នឹងមិន​ផ្តល់​សំណង សូម្បីតែ ១​សេន​។ សម្តេច​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ត្រូវតែ​សង្គ្រោះ តាមរយៈ​ការបញ្ចប់​បញ្ហា នៅ​តំបន់​អង្គរ ដោយ​មិន​បណ្តែតបណ្តោយ​រហូតដល់​អង្គរ ត្រូវ​ដកចេញ​ពី​បញ្ជី​របស់​អង្គការ យូ​នី​ស្កូ នោះទេ​។

២- សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឱ្យ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​បន្ថែម កើតចេញ ពីស​ន្ទ​ស្សន៍ កើនឡើង​ថ្លៃទំនិញ ឬ​អតិផរណា​

​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ កាលពី​ថ្ងៃទី​៣ ខែតុលា សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សង្គមកិច្ច ស្រាវជ្រាវ​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​បន្ថែម ដែល​កើតចេញពី ឥទ្ធិពល​ជំងឺ​កូ​វីដ ១៩ និង​ស​ន្ទ​ស្សន៍​កើនឡើង​ថ្លៃទំនិញ ដើម្បី​ដាក់ចេញ​វិធានការ ជួយ​ទំនុកបំរុង​សំរួលការ​លំបាក ផ្នែក​ជីវភាព​បន្ថែម​។ ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ផែនការ​ត្រៀម​បំរុង មួយចំនួន ឆ្លើយតប​នឹង​វិ​បិ​ត្ត​សេដ្ឋកិច្ច​សាកល​ដ៏​ធំ​មួយ ដែល​អាច​នឹង​កើតមានឡើង នាពេលខាងមុខ ផ្តើម​ពី​បញ្ហា​អាមេរិក និង​អឺរ៉ុប ក៏ដូចជា ឥទ្ធិពល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

៣- កម្ពុជា មិន​តម្រូវឱ្យ​ទេសចរ​ជនបរទេស បង្ហាញ​សេចក្ដីប្រកាស​សុខភាព ឬ ប័ណ្ណ​វ៉ាក់សាំង​ទៀតឡើយ​

​កាលពី​ថ្ងៃទី​៣ ខែតុលា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដកចេញ​នូវ​វិធានការ​សុខាភិបាល មួយចំនួនទៀត សម្រាប់​ជនបរទេស ដែល​ចូលមក​ប្រទេស​កម្ពុជា ដោយ​មិន​តម្រូវឱ្យ​បង្ហាញ សេចក្ដីប្រកាស​សុខភាព ឬ វិញ្ញាបនបត្រ​វ៉ាក់សាំង​។ ប៉ុន្តែ​ក្រសួង នៅតែ​ទ​ទួ​ច​ឱ្យ​គ្រប់គ្នា មានការ​ប្រុងប្រយ័ត្ន និង​បន្ត​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​តាមដាន​សុខភាព​ខ្លួនឯង ឱ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាយថាហេតុ​។​

៤-​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការរៀបចំ​មហាសន្និបាត ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នៅ​កម្ពុជា នាពេលនេះ នឹង​រួមចំណែក​ផ្តល់​ធាតុ​ចូល​វិជ្ជមាន​បន្ថែម សម្រាប់​វិស័យ​កីឡា​កម្ពុជា

​កាលពី​ថ្ងៃទី​៤ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​មហាសន្និបាត ក្រុមប្រឹក្សា​អូឡាំពិក អាស៊ី​លើក​ទី​៤១ ដែល​រៀបចំ​ធ្វើ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ សម្តេច​តេ​ជោ បាន​ចាត់ទុកថា មហាសន្និបាត​នេះ ជាការ​ចែករំលែក និង​ផ្លាស់ប្តូរ​យោបល់​គ្នា រវាង​អ្នកជំនាញ​ផ្នែក​កីឡា មកពី ៤៥ ប្រទេស ហើយក៏​នឹងចូលរួម​ចំណែក ផ្តល់នូវ​ធាតុ​ចូល​វិជ្ជមាន​បន្ថែមទៀត ជំរុញ​អភិវឌ្ឍន៍​វិស័យ​កីឡា កម្ពុជា ពិសេស​ការ​ឈានទៅ​សម្រេចបាន​ជោគជ័យ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

 

៥- សម្ដេច​តេ​ជោ ហ៊ុន សែន ជួប​ពិ​ក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​គុយបា និង​អញ្ជើញ​ជា សាក្សី​រួមគ្នា ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ​មួយចំនួន

​នាយករដ្ឋមន្ត្រី គុយបា លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ នៅ​កម្ពុជា នា​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែតុលា​។ នៅពេល​មកដល់​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​គុយបា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សំដៅ​រិះរក​យន្ត​ការរួម​ថ្មីៗ​បន្ថែមទៀត ក្នុងការ​រួមចំណែក ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ ដែលជា​ផលប្រយោជន៍​រួម សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​ទាំងពីរ កម្ពុជា និង​សាធារណរដ្ឋ​គុយបា​។ ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​គុយបា ក៏បាន​អញ្ជើញ​ជា​អធិបតី ធ្វើជា​សាក្សី​រួមគ្នា ក្នុង​ពិធី​ចុះហត្ថលេខា​ទ្វេភាគី ដែលជា​អនុស្សរណៈ​រួមគ្នា រវាង​កម្ពុជា និង​គុយបា ផ្តោតលើ​វិស័យ​កីឡា អប់រំ និង​វប្បធម៌ ផងដែរ​។​

៦-​សម្តេច​តេ​ជោ ហ៊ុន សែន សំដែង​ការសោកស្តាយ ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច មី​ស៊ី​ល ផ្លោង​របស់​កូរ៉េខាងជើង ឆ្លងកាត់​ប្រទេស​ជប៉ុន

​កាលពី​ថ្ងៃទី​៥ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស សំដែង​ការសោកស្តាយ ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង ឆ្លងកាត់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៤ ខែតុលា​។ តាម​សម្តេច​តេ​ជោ ឥរិយាបថ​របស់​កូរ៉េ ខាងជើង នាពេលនេះ គឺ​ប្រកបដោយ​គ្រោះថ្នាក់ និង​ជាការ​បំពាន​មួយទៀត ទៅលើ​សេចក្តី សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

 

៧-​សម្ដេច​តេ​ជោ ហ៊ុន សែន ចែករំលែក​ទស្សនទាន ស្ដីពី អនាគត​កម្ពុជា ឆ្នាំ​២០២២

​កាលពី​ថ្ងៃទី​៦ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចែក រំលែក​ទស្សនទាន​គន្លឹះ​ជាច្រើន នៅក្នុង​វេទិកា​ចក្ខុវិស័យ អនាគត​កម្ពុជា ឆ្នាំ​២០២២​។ ទស្សនទាន​គន្លឹះ​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានប្រកាស​ដាក់ចេញ នៅថ្ងៃនេះ សំដៅ​បន្ត​ដឹកនាំ​កម្ពុជា ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន តទៅ​មុខ​បន្ថែមទៀត ឆ្លើយតប​នឹង​ភាពស្មុគស្មាញ នៃ​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​កើត​មកពី​ឥទ្ធិពល​នៃ​សង្គ្រាម អតិផរណា​ទំនិញ ឡើងថ្លៃ និង​គ្រោះមហន្តរាយធម្មជាតិ ជាដើម​។​

៨- សម្ដេច​តេ​ជោ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រះ​ដាក់ រក្សា​ភាព​អត់ធ្មត់ ដោយ​រាជរដ្ឋាភិបាល គ្មាន​ផែនការ​បណ្ដេញ​ពលរដ្ឋ​ចេញ​នោះទេ

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ចែករំលែក​ទស្សនទាន ក្នុង​វេទិកា​ស្ដីពី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​៦ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​ប្រមូលផ្តុំ​តវ៉ា នៅក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី​៥ ខែតុលា សូម​រក្សា​ភាព​អត់ធ្មត់ និង​ស្ងប់ស្ងាត់​។ សម្ដេច​តេ​ជោ បញ្ជាក់​ច្បាស់ៗ ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ផែនការ​បណ្ដេញ​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រះ​ដាក់ ឱ្យ​ចេញទៅ រស់នៅក្នុង​តំបន់​ណាមួយ​ផ្សេង​ឡើយ​។​

៩-​សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ការសោកស្តាយ និង​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ហេតុការណ៍ បាញ់សម្លាប់​មនុស្ស នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ

​ក្នុងឱកាស​អនុញ្ញាតឱ្យ​រដ្ឋមន្ត្រី​ឧ​ត្ត​មសិ​ក្សា​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​ថៃ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​រងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ចូលរួម​សោកស្តាយ និង​សម្តែង​នូវ មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​រាជរដ្ឋាភិបាល ថៃ និង​គ្រួសារ​ជនរងគ្រោះ ក្នុង​ហេតុការណ៍​បាញ់ប្រហារ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ ដែល​បាន​បណ្តាលឱ្យ​មនុស្ស យ៉ាងហោច ៣៤​នាក់ ក្នុងនោះ ក្មេង​មាន​រហូត ដល់​ទៅ ២៣ នាក់ បាន​ស្លាប់ នៅ​ខេត្ត​ភាគ​ឦសាន របស់​ប្រទេស​ថៃ​។​

១០-​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​លិខិត​ជូន នាយករដ្ឋមន្ត្រី​ថៃ រំលែក​មរណទុក្ខ ចំពោះ​ការបាញ់រះ សម្លាប់​រង្គាល នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​

​បន្ថែម​លើ​ការ​ថ្លែង​ផ្ទាល់មាត់​ជាមួយ​រដ្ឋមន្ត្រី​ថៃ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ បាន​សរសេរ​លិខិតផ្លូវការ ជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។ សម្តេច​តេ​ជោ លើកឡើងថា «​ខ្ញុំ​មាន​សេចក្តី​តក់ស្លុត និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​បានទទួល​ព័ត៌មាន អំពី​ការបាញ់រះ​សម្លាប់​រង្គាល នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ក្នុង​ខេត្ត​ណង​ប៊ូ​ឡាំ​ភូ ភាគ​ឦសាន នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន ដែល​ភាគច្រើន​ជា​កុមារ និង​មាន​អ្នករងរបួស​មួយចំនួន​។
​ក្នុង​កាលៈទេសៈ​ដ៏​សែន​សោកសៅ​នេះ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​សមានចិត្ត យ៉ាង​ជ្រាលជ្រៅ និង​សូម​ចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​ឯកឧត្តម រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​ថៃ ជាពិសេស​ក្រុមគ្រួសារ​នៃ​សព និង​ជនរងគ្រោះ​។ កម្ពុជា​ស្ថិតនៅ​ជាមួយ​ថៃ ក្នុងខណៈពេល ដ៏​សោកសង្រេង នៃ​ឧប្បត្តិហេតុ​សម្លាប់​រង្គាល​នេះ និង​សូម​បួងសួង​ឱ្យ​អ្នក​ដែល​ទទួល​រងរបួស ឆាប់​បានជា​សះស្បើយ​»៕/V​