​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វីរបុរស​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក់​គី​អៅ កាលពី​ថ្ងៃ​សុក្រ​ទី​៧​តុលា​បានឈ្នះ​ការតស៊ូ​នៅ​តុលាការ​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​គេច​ពី​ការបង់ពន្ធ​បន្ថែម​រាប់សិប​​លាន​ដុល្លារ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណុំរឿង​បង់ពន្ធ​ប្រឆាំងនឹង​គាត់​។​

​ប៉ាក់​គី​អៅ​និង​ភរិយា​ឈ្មោះ ជីន​គី (Jinkee) ត្រូវបាន​ចោទប្រកាន់​ដោយ​ការិយាល័យ​ចំណូល​ផ្ទៃក្នុង​ក្នុង​ឆ្នាំ ២០១២ ពី​បទ​ជំពាក់​ពន្ធ​ជាង ២,២ ពាន់​លាន​ប៉េសូ (៣៧ លាន​ដុល្លារ​)​នៅក្នុង​ពន្ធ​ដែល​មិន​​បាន​បង់​សម្រាប់​ឆ្នាំ ២០០៨ និង ២០០៩​។​

​បុរស​វ័យ ៤៣ ឆ្នាំ​រូប​នេះ​ពី​មុន​បាន​ទទូចថា​គាត់​បាន​បង់ពន្ធ​នៅ​សហរដ្ឋ​អាម៉េរិក​រួចហើយ ដូច្នេះ​មិន​ចាំបាច់​បង់​នៅ​ហ្វីលីពីន​ទេ​ពីព្រោះ​ប្រទេស​ទាំង​ពីរ​មាន​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់​​ពួកគេ​ជៀសវាង​ការបង់ពន្ធ​ពីរដង​។​

​ប្រធានាធិបតី​ជំនាន់​នោះ គឺ​លោក បេនី​ក​ណូ អា​គីណូ (Benigno Aquino) បាន​ធ្វើ​យុទ្ធនាការ​ដ៏​កក្រើក​ប្រឆាំង​នឹង​ការ​គេចពន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ទូទៅ​លើ​អំពើពុករលួយ​។​

​ប៉ាក់​គី​អៅ ជា​អតីត​ជើងឯក​ពិភពលោក​និង​ជា​អ្នកនយោបាយ​ម្នាក់ បាន​ក្លាយ​ជា​គោលដៅ​លេចធ្លោ​បំផុត​នៃ​ការ​បោសសម្អាត​ពី​សំណាក់​ការិយាល័យ​ពន្ធដារ​។​

​ប៉ុន្តែ​សាលាឧទ្ធរណ៍​ផ្នែក​ពន្ធ​បាន​រកឃើញថា ការិយាល័យ​ពន្ធដារ​បាន​ពឹងផ្អែក​លើ “​អត្ថបទ​ព័ត៌មាន​ដែល​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​” ដើម្បី​ធ្វើ​ការវាយតម្លៃ​របស់​ខ្លួន​។​

​នៅក្នុង​សេចក្តីសម្រេច​កម្រាស់ ៤៩ ទំព័រ តុលាការ​បាន​និយាយថា​”​ការវាយតម្លៃ​សម្រាប់​ការ​មិន​ទាន់​បង់​ពន្ធ​លើ​ប្រាក់ចំណូល​គឺ​ទុក​ជា​មោឃៈ​សម្រាប់​ការរំលោ​ភ​លើ​សិទ្ធិ​របស់​អ្នកប្តឹង​និង​សម្រាប់​កង្វះ​​មូលដ្ឋាន​អង្គហេតុ​គ្រប់គ្រាន់​”​។​

​សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៩ ខែ​កញ្ញា ប៉ុន្តែ​ទំនងជា​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​តុលា​៕

ប៉ាក់​គី​អៅ​ឈ្នះក្តី​លើ​ការតម្រូវ​ឱ្យ​បង់ពន្ធ​បន្ថែម ៣៧ លាន​ដុល្លារ