ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងលោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមគ្នាដាំកូនឈើ ចំនួន ៨.០០០ ដើម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ នៅក្នុងបរិវេណផ្សារ ទំនើបអ៊ីអន ម៉ល មានជ័យ​ខណ្ឌមានជ័យ ដើម្បីបង្កើត គម្របបៃតងក្នុងទីក្រុង និងកែលម្អ សោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ក្រោយពីដើមឈើ ជាង ២ ម៉ឺនដើម បានដាំរួចរាល់ នៅក្នុងបរិវេណ ផ្សារទំនើបអ៊ីអន ម៉ល ២ ខណ្ឌសែនសុខ ។

រូបថត ( លោក ឃួង ស្រេង អភិបាលរាជធានី និងលោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមគ្នាដាំកូនឈើ ចំនួន ៨.០០០ ដើម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ )

 

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃការសាងសង់ផ្សារទំនើបអ៊ីអនម៉លគំរូទី៣ របស់ក្រុមហ៊ុនអ៊ីអនម៉ល ខូអិលធីឌី ដែលបានដំណើរការជាប្រក្រតី និងសម្រេចបាន តាមផែនការ ដែលបានគ្រោងទុក ទោះបីក្រៅពីបើកការដ្ឋាន ជាពិសេសនៅឆ្នាំ២០២១ កន្លងទៅ ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក រាជធានីភ្នំពេញ ក្រៅប្រឈមនឹងវិបត្តិជាសកល បង្ករឡើងដោយជំងឺ កូវីដ-១៩ យ៉ាងណាក្ដី។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ទោះបី ដៃម្ខាងរាជរដ្ឋា ភិបាល និងអាជ្ញាធរមូលដ្ឋាន​ត្រូវប្រយុទ្ធនឹងទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ក្នុងសហគមន៍ ប៉ុន្តែដៃម្ខាងទៀត យើងបានបន្តសហការគ្នា លើគ្រប់វិស័យ រួមទាំងការវិនិយោគ។

សម្រាប់ក្របខណ្ឌអភិវឌ្ឍន៍រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ បានតម្រង់ទិស​ការអភិវឌ្ឍ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ដោយមិនគ្រាន់តែផ្ដោតលើ ការអភិវឌ្ឍផ្នែករឹង ដូចជា ផ្លូវថ្នល់ ស្ពានអាកាស សំណង់បុរី អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប​និងសំណង់ អគារ គ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើង ក៏បានគិតគូរផងដែរ ពីសមត្ថភាពស្ថាប័ន ដោយ យើងបានយកចិត្តទុកដាក់ ចំពោះការវិវត្តន៍នៃស្ថានភាពជីវភាព របៀបរបបនៃការរស់នៅ និងតម្រូវការសេវាសាធារណៈ ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

អាកាសធាតុ និងបញ្ហាប្រឈមផ្នែកអនាម័យបរិស្ថាន ក្នុងទីក្រុងមានលក្ខណៈជាអន្តរវិស័យ និងជាបញ្ហាសាកល ដែលទាមទារឲ្យមានការសម្របសម្រួល និងចូលរួមគ្នាដោះស្រាយ រវាងវិស័យសាធារណៈវិស័យឯកជន ប្រជាពលរដ្ឋ យុវជន និងគ្រប់តួអង្គ​ក្នុងសង្គមជាតិ យើងទាំងមូល។

លោកបានបន្តថាៈ ការដាំឈើមឈើ ផ្កា នៅពេលនេះ មិនត្រឹមតែបង្ហាញឲ្យឃើញពី ការផ្ដល់តម្លៃរបស់យើង ចំពោះបញ្ហាបរិស្ថានក្នុងទីក្រុង និងការផ្សារភ្ជាប់គម្រោងវិនិយោគ​ឯកជន ទៅនឹងធម្មជាតិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតី យកចិត្តទុកដាក់ និងការចូលរួមចំណែកយ៉ាងខ្លាំង រវាងវិស័យសាធារណៈ និងវិស័យឯកជន និងកម្លាំងមហាជន អាកាសធាតុ បង្កើតគម្របបៃតងក្នុងទីក្រុង និងកែលម្អសោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត។ គម្រោងអភិវឌ្ឍន៍ ផ្សារទំនើបរបស់ក្រុមហ៊ុន aeon mall បានយកចិត្តទុកដាក់ខ្ពស់ លើការងារបរិស្ថានដោយគិតមកដល់ពេលនេះ យើងដាំដើមឈើ បានចំនួន ២២.០០០ ដើម ។

ថ្ងៃនេះ យើងកំពុងចូលរួមគ្នាដាំដើមឈើ ចំនួន ៨​ ពាន់ដើមថែមទៀត។ ដើមឈើ​ដែលយើង បានដាំកន្លងមក និងដាំរួមគ្នានៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ផ្សារភ្ជាប់យ៉ាង ស្អិតរវាងវិស័យសាធារណៈវិស័យឯកជន និងកម្លាំងមហាជន ក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន ក្នុងទីក្រុង ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណងសាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការ កាន់តែស៊ីជម្រៅ នៃទំនាក់ទំនងការទូត កម្ពុជា ជប៉ុន ឱ្យកាន់តែមានភាពរឹងមាំ ស្ថិតស្ថេរជានិរន្តរ៍។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក​មីកាមិ ម៉ាសាហីរ៉ូ បានមានប្រសាសន៍ថាៈ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងក្លាយជាផ្សារធំជាងគេ នៅអាស៊ី ក្រោយពេលសាងសង់រួច បើកឱ្យ ដំណើរការ ហើយតាមរយៈផ្សារទំនើបនេះ នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋ ប្រសើរឡើង ពិសេសធ្វើឱ្យផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ នៃប្រទេសទាំង ២ កម្ពុជា ជប៉ុន កាន់តែប្រសើរឡើង ៕​ V / N

រូបថតសកម្មភាព (លោក ឃួង ស្រេង អភិបាលរាជធានី និងលោក មីកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមគ្នាដាំកូនឈើ ចំនួន ៨.០០០ ដើម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ )