ដោយៈ បាយ័ន / សៀមរាបៈ នគរបាលស័ក្តិ៍៤កន្លះម្នាក់ ខឹងប្រពន្ធពូកែប្រច័ណ្ឌរឿងដើរយប់ យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្តាលឱ្យស្លាប់។ ហេតុការណ៍នេះ បានកើតឡើង
នៅវេលាម៉ោង ៧:០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅផ្ទះជួល ស្ថិតនៅក្នុងក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

នគរបាលខេត្តសៀមរាបម្នាក់ បាននិយាយថាៈ អត្តឃាតជន ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ នគរបាល ឋានៈនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាល ខេត្តសៀមរាប ។

បើតាមការបំភ្លឺពីសាក្សី ដែលស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់សមត្ថកិច្ចថាៈ កន្លងមក អត្តឃាតជន ធ្លាប់មានទំនាស់ពាក្យសម្តី ជាមួយប្រពន្ធ ជាញឹកញាប់ ដោយសារប្រពន្ធ ប្រច័ណ្ឌរឿងប្តី ដើរផឹកស៊ី ដល់យប់ជ្រៅពេក។

សាក្សីបាននិយាយថាៈ នៅវេលាម៉ោង ២៤ៈ១៥ នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធរបស់អត្តឃាតជន បានមកគោះទ្វាផ្ទះ ហៅរូបគាត់ (សាក្សី) ឲ្យជួយប្តីរបស់គាត់ ។ នៅពេលគាត់ មកដល់កន្លែងកើតហេតុ ក្នុងផ្ទះអត្តឃាតជន ឃើញអត្តឃាតជន ដេកក្នុងថ្លុកឈាម ដោយក្បាលបែរទៅទិសខាងកើត។ ភ្លាមនោះ ពួកគាត់នាំគ្នាលើកអត្តឃាតជន យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួល​ទើបក្រុមគ្រួសារ បន្ដបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រភពបានបន្តថាៈ លុះដល់ម៉ោង ៨ៈ៣០ នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធរបស់ អត្តឃាតជន បានបញ្ជាក់តាមទូរស័ព្ទថា ប្ដីរបស់គាត់ បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។

មន្ត្រីមានសមត្ថកិច្ច មិនបានពិនិត្យ ឬធ្វើកោសលវិច័យ លើអត្តឃាតជនទេ ដោយសារក្រុម គ្រួសារ បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ នៅវេលាម៉ោង ២៤ៈ១៥ នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។ ប៉ុន្តែសមត្ថកិច្ចជំនាញ បានរកឃើញអាវុធខ្លីម៉ាក GLOCK 19 លេខ MGDYC 190800097 ទំហំ 9x19mm បង់1 គ្រាប់ចំនួន ១១ គ្រាប់ នៅលើតុ ចម្ងាយពីអត្តឃាតជន ២,៣ ម៉ែត្រ សំបកគ្រាប់ជាប់នៅក្នុងកាំភ្លើង ចំណែកក្បាល គ្រាប់ នៅចម្ងាយ ៣០ ម.ម ពីចំណុចចុងជើង ដែលអតឃាតជន បានដួល៕/V-PC