ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាកបានអះអាងថា ខេត្តកំពតកំពុងតែចាប់ផ្តើមទទួលផលពីគម្រោង កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្រោមការគាំទ្រនៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលមានទីតាំងឋិតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពត។
លោកបានមានប្រសាសន៍នៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២២ ថា យោងតាមទិន្នន័យថ្នាក់ជាតិបានបង្ហាញថា ផ្ទៃដីសរុបក្នុងខេត្តកំពតដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅសល់ មានចំនួន៩៧៥ហិកតា កំលាំងអង្គភាពស៊ីម៉ាក់បានទទួលអនុវត្តរំដោះខេត្តកំពត ដោយបានចាប់ផ្តើមអនុវត្តនៅដើមខែសីហា ឆ្នាំ២០២២ ដោយប្រើប្រាស់កម្លាំងប្រតិបត្តិការសំរាប់ទិសខាងត្បូងសរុបចំនួន១៤ក្រុម។ គិតត្រឹមចុងខែកញ្ញាកន្លងទៅថ្មីៗនេះ សម្រេចសមិទ្ធិផលបោសសម្អាតផ្ទៃដីសរុបចំនួន ១៩៩ហិកតាហើយបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៣៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ១៦០គ្រាប់។ តាមផែនការអង្គភាពស៊ីម៉ាក់ត្រៀមបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពត ក្នុងចុងខែមីនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងសម្តេចតេជោក្នុងជំហានទី១ សំរាប់អនុវត្តភារកិច្ចបញ្ចប់ខេត្តចំនួន៥ ជា”ខេត្តអស់គ្រាប់មីនប្រឆាំងមនុស្ស” រួមមានខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីចម្ការមីនសរុបជិត៣.០០០ហិចតា។ N