ដោយ៖ វណ្ណៈ / ព្រះសីហនុ៖ កាលពីវេលាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក សុខ​ កល្យាណ ប្រធានសាលា​ឧទ្ធរណ៍ព្រះសីហនុ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ស្តីពី​ ” បច្ចេកទេសការងារ និងបញ្ហាផ្សេងៗ ” ជាមួយលោក លោកស្រី ចៅក្រម និងក្រឡាបញ្ជី​ នៃសាលាឧទ្ធរណ៍ព្រះសីហនុ​។

ក្នុងកិច្ចប្រជុំនោះ​ លោកប្រធាន បានក្រេីនរំលឹកដល់លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី​ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញមុខងារវិជ្ជាជីវៈរបស់ខ្លួន ឲ្យបានល្អប្រសេីរ​ដេីម្បីស្វែងរក​យុត្តិធម៌​ជូនភាគីវិវាទ និងជនរងគ្រោះ ឲ្យអស់លទ្ធភាព​ជាពិសេសរាល់សេចក្តីសម្រេច ត្រូវប្រកបដោយគុណភាព​ក្នុងនាមជាតុលាការជាន់ខ្ពស់​។

ក្នុងឱកាសនោះ​ កិច្ចប្រជុំ ក៏បានលេីកឡេីងផងដែរ​អំពីផលលំបាក​នៃការបញ្ជូនដីកាកោះ ភាគីក្នុងរឿងរដ្ឋប្បវេណី​ដោយហេតុថា ចាប់ពីមាត្រា២៤៦​ ដល់មាត្រា២៥៧​ នៃ​ក្រមនីតិវិធី រដ្ឋប្បវេណី ដែលបានប្បញ្ញត្តិ​អំពីការបញ្ជូន គឺពុំមានគោលការណ៍​នៃការបញ្ជូនតាមប្រព័ន្ធ ទូរគមនាគមន៍ទេ ដូច្នេះថា តេីការបញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិក​ដូចជា Telegram , Facebok Messenger ,Viber …។ ល។ យេីងអាចទទួលយកបានដែរឬទេ​?។

ផ្អែកតាមទឡ្ហីករណ៍ដែលបានលេីកឡេីងនេះ​ លោកប្រធាន បានគូសបញ្ជាក់ថាៈ ជាការពិត​យោងតាមក្រមនីតិវិធីរដ្ឋប្បវេណី ពិតជាពុំបានចែងពីចំណុចនេះទេ​ ហេីយភាពយឺតយ៉ាវ មួយចំនួន នៃនីតីវិធីក្នុងរឿងរដ្ឋប្បវេណី ក៏ពាក់ព័ន្ធនឹងការបញ្ជូននេះផងដែរ។
ចំពោះបញ្ហានេះ លោកប្រធាន បានសន្យាថា​ លោកនឹងលេីកយកបញ្ហានេះជម្រាបជូន​ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ដេីម្បីផ្តល់ជូនជាមតិណែនាំដ៏ខ្ពង់ខ្ពស់​ ក៏ដូចជាសុំគោល ការណ៍ ក្នុងការធ្វេីសមាហរណកម្ម នៃការបញ្ជូនតាមប្រព័ន្ធទូរគមនាគមន៍​៕/V-PC