ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ បើយោងតាមរបាយការណ៍នោះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឲ្យដឹងថាៈ ស្ថានភាពទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម គិតត្រឹមថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ នេះ ទឹកមានកម្ពស់ ៩,៦៧ ម៉ែត្រ តែបើធៀបឆ្នាំចាស់ ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៧ ខែតុលា ដូចគ្នានេះដែរ ទឹកមានកម្ពស់ត្រឹមតែ ៧,២២ ម៉ែត្រ តែប៉ុណ្ណោះ គឺមានន័យថា កំពស់ទឹកទន្លេឆ្នាំនេះ មានកម្ពស់ជាងឆ្នាំចាស់ ២,៤៥ ម៉ែត្រ ។ កំពស់ទឹកដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១ ម៉ែត្រ  ដូច្នេះនៅខ្វះត្រឹមតែ ១,៥៦ ម៉ែត្រ នឹងត្រូវប្រកាសអាសន្នហើយ។

បើតាមការឱ្យដឹងពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ថាៈ នៅចំណុចភូមិក្រចាប់ ដែលជាភូមិបម្លាស់ទី ភូមិឆ្នុកទ្រូ និងចុងភូមិសេះស្លាប់ ត្រូវបានកាត់ផ្តាច់​ដោយជំនន់ទឹកទន្លេ ហើយការធ្វើដំណើរទៅមក​របស់ប្រជាពលរដ្ឋ តាមដងទន្លេ ដោយកាណូត ។

សូមបញ្ជាក់ដែរថា ស្ថានភាពទឹក ក្នុងឆ្នាំ ២០២២ នេះ មានកម្រិតខ្ពស់ គួរកត់សម្គាល់ ដែលមួយផ្នែក ហូរធ្លាក់ពីប៉ែកខាងលើ ចូលបឹងទន្លេសាប ចំណែកមួយផ្នែកផ្សេងទៀត បានហូរចាក់ពីទន្លេមេគង្គ មកចូលក្នុងបឹងទន្លេសាបដែរ ដែលជាហេតុធ្វើឲ្យផ្ទះប្រជាពលរដ្ឋ មួយចំនួន នៅតាមដងទន្លេ នៃខេត្តកំពង់ឆ្នាំង បានរងការលិចលង់ ដូចជានៅឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង និងឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ និងស្រុកជលគីរី​ជាដើម។

បើតាមសម្តីប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ បានឱ្យដឹងថាៈ ប្រសិនបើស្ថានភាពទឹកទន្លេ​ មេគង្គ នៅតែបន្តហូរចាក់ចូលបឹងទន្លេសាប ស្ថានភាពទឹក នឹងបន្តជន់ឡើង បណ្តាលឱ្យចំការ នៅតាមខ្នងកោះ​ លិច និងតាមបណ្តាបឹងបួ ត្រូវទឹកទន្លេហូរនាំមកនូវសម្រាមស្បោងប្លាស្ទិក​និងកំប្លោកមកជាមួយ រាយបាយតាមដងទន្លេ៕/V-PC