​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊​ស៊ី​) ៖ ត្រាក់ទ័រ​គឺជា​អំណោយ​ដ៏​ចម្លែក​មួយ​សម្រាប់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី ដែល​ឈាន​ចូល​អាយុ ៧០ ឆ្នាំ​។​

​វា​ត្រូវ​បាន​ផ្តល់ឱ្យ​គាត់​ដោយ​សម្ពន្ធមិត្ត​បេឡា​រូស​របស់គាត់​គឺ​លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ (Alexander Lukashenko) ដែល​ប្រទេស​របស់​គាត់​មាន​ស្នាដៃ​ខាង​ផលិត​ត្រាក់ទ័រ​។​

​លោក​លូ​កា​សិនកូ​បាន​បញ្ជាក់​អំពី​ព័ត៌មា​ន​នេះ ខណៈ​ដែល​លោក​បាន​ទៅ​កាន់​ទីក្រុង​កំណើត​របស់​បុរស​ខ្លាំង​រុស្ស៊ី គឺ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក (St Petersburg) ដើម្បី​ពិភាក្សា​គ្នា​។​

​លោកពូ​ទីន​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​មេដឹកនាំ​ផ្សេង​ទៀត​នៃ​អតីត​រដ្ឋ​សូ​វៀត ខណៈ​សង្គ្រាម​ដែល​ជំរុញ​ដោយ​ការឈ្លានពាន​របស់គាត់ កំពុង​ផ្ទុះ​ខ្លាំង​។​

​ប្រឈម​មុខ​នឹង​ការ​វាយបក​ដ៏​ជោគជ័យ​របស់​អ៊ុ​យក្រែន លោក​បាន​លើកឡើង​ពី​បញ្ហា​នេះ​ក្នុង​សប្តាហ៍​នេះ ដោយ​ពណ៌នា​អំពី​ស្ថានភាព​នៅក្នុង​តំបន់​ដែល​គាត់​បាន​កាត់​យក​នា​ពេល​ថ្មីៗ​នេះ​ថា​”​ជ្រួល​ច្រាល​”​។​​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​តុលា សម្ពន្ធមិត្ត​របស់គាត់​បាន​កោតសរសើរ​និង​ផ្តល់​អំណោយ​ដល់​បុរស ដែល​បាន​ដឹកនាំ​រុស្ស៊ី មិន​ថា​ជា​ប្រធានាធិបតី ឬ​ជា​នាយករដ្ឋមន្ត្រី អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​។​

​លោក​លូ​កា​សិន​កូ ដែលជា “​មេដឹកនាំ​ផ្តាច់ការ​ចុងក្រោយ​” របស់​អឺរ៉ុប ដែល​បាន​កាន់​អំណាច​យូរ​ជាង​មេដឹកនាំ​រុស្ស៊ី (​ចាប់តាំងពី​ឆ្នាំ ១៩៩៤)​និង​ដែល​រដ្ឋបាល​របស់​គាត់​ក៏​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​​របស់​លោក​ខាងលិច​ផង​ដែរ​នោះ បាន​មក​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក ជាមួយនឹង​វិញ្ញាបនបត្រ​អំណោយ​សម្រាប់​ត្រាក់ទ័រ​ផលិត​នៅ​បេឡា​រូស​។​

Minsk Tractor Works គឺជា​ក្រុមហ៊ុន​ដ៏​ល្បី​របស់​ឧស្សាហកម្ម​បេឡា​រូ​ស​។​

​ភ្លាមៗ​នោះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោកពូ​ទីន​ឆ្លើយតប​យ៉ាងដូចម្តេច​ទេ​ចំពោះ​អំណោយ​កង់​ធំៗ​នេះ ដែល​ត្រូវ​ប្រជែង​ជាមួយ​ភ្នំ​ឪឡឹក​និង​ត្រសក់ស្រូវ​ពី​ប្រធានាធិបតី​តាហ្ស៊ី​គី​ស្ថាន លោក អេ​ម៉ូ​ម៉ាលី រ៉ា​ម៉ុន (Emomali Rahmon)៕

ត្រាក់ទ័រ​និង​ភ្នំ​ឪឡឹក​គឺជា​អំណោយ​សម្រាប់​ខួប​គម្រប់​៧០​ឆ្នាំ​របស់​ពូ​ទីន