ដោយៈ មុនីរ័ត្ន / ភ្នំពេញៈការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ”។ នេះជា ការបញ្ជាក់របស់លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប. ក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោត” ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានី ខេត្ត ទាំង ២៥ ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែតុលា និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។

រូបថត ( សិក្ខាកាមចូលរួមនៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត ) 

គ.ជ.ប.​បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ​និងបញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃ ការបោះឆ្នោត” ដោយមានការផ្តល់កិច្ចសហការ ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់យុវជន ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ឱ្យបានទូលំទូលាយ និងដើម្បីជំរុញការចូលរួមរបស់យុវជន ក្នុងព្រឹត្តិការណ៍នៃ ការបោះឆ្នោត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អគ្គលេខាធិការរង គ.ជ.ប. បានមានប្រសាសន៍ថាៈ វគ្គអប់រំ ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹង ដល់យុវជនអំពី មូលដ្ឋានគ្រឹះនៃសិទ្ធិបោះឆ្នោត តាមរយៈភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្ពោះទៅរកការសម្រេចចិត្តបោះឆ្នោតជ្រើសរើស តំណាងរបស់ខ្លួន។

លោក ម៉ុក ដារ៉ា មានការជឿជាក់ថាៈ វគ្គអប់រំ ផ្សព្វផ្សាយនេះ នឹងក្លាយជាផ្នែកមួយ ជួយជំរុញ ដល់យុវជនដែលគ្រប់អាយុបោះឆ្នោត ក្នុងការមកចុះឈ្មោះបោះឆ្នោត តាមពេលវេលាកំណត់ របស់ គ.ជ.ប។ ចំពោះការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញ ដោយមន្រ្តីជាន់ខ្ពស់របស់ គ.ជ.ប. ទៅលើប្រធានបទចំនួន ៤ រួមមាន៖
– ប្រវត្តិ និងដំណើរការនៃការបោះឆ្នោត
– ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
– សារៈសំខាន់នៃការបោះឆ្នោត តាមរយៈការចូលរួមរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ
– ការចូលរួមរបស់យុវជនក្នុងដំណាក់កាលនៃការបោះឆ្នោត។

សូមជម្រាបថា សិក្ខាកាមដែលបានចូលរួម នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការ យល់ដឹង ស្តីពីសារៈសំខាន់ នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សរុបទាំងពីរខេត្ត មានចំនួនប្រមាណ ៦០០ នាក់ ដែលជាសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីបោះឆ្នោត និងសិស្ស និសិ្សត៕ V / N

រូបថត ( សិក្ខាកាមចូលរួមនៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត )