ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ធំ​មួយ​បាន​បង្ក​អគ្គិភ័យ​និង​បំបាក់​កំណាត់​ស្ពាន​មួយ​ដែល​ភ្ជាប់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃសៅរ៍ នេះ​បើ​តាម​អាជ្ញាធរ​រុស្ស៊ី​។​

​ស្ពាន​គឺ​ច​ប្រវែង​២០​គីឡូម៉ែត្រ​កាត់​ច្រក​សមុទ្រ​គឺ​ច​(Kerch)​មាន​សារសំខាន់​ណាស់​ដោយ​វា​បំរើ​ជា​ផ្លូវ​ផ្គត់ផ្គង់​សំរាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ភាគខាងត្បូង​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ឈាន​ចូល​វ័យ​៧០​ឆ្នាំ ដែល​អាច​ជា​កាដូ​ដ៏​អាម៉ាស​មួយ​សំរាប់​លោក​។​

​លោកពូ​ទីន ត្រូវ​បាន​ប្រាប់​អំពី​ការផ្ទុះ​នេះ និង​បាន​បញ្ជា​អោយ​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ដោះស្រាយ​កិច្ចការ​គ្រា​អាសន្ន​

​គណៈកម្មាធិការ​ប្រឆាំង​ភេរវកម្ម​ជាតិ​រុស្ស៊ី បាន​និយាយថា គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​បាន​បណ្តាល​អោយ​ឆេះ​ទូរ​រថភ្លើង​ដឹក​ប្រេង​ចំនួន​ប្រាំពីរ និង​នាំអោយ​បាក់​ស្ពាន​ពីរ​កំណាត់​។​ការផ្ទុះ​និង​អគ្គិភ័យ​នាំ​​អោយរ​លំបាក់​ស្ពាន​ពី​កំណាត់​នៅ​ចំណែក​ផ្លូវ​មួយ រី​ឯ​ចំណែក​ផ្លូវ​មួយ​ទៀត​មិន​ប៉ះពាល់​ទេ​តែ​អាជ្ញាធរ​បាន​ផ្អាក​ចរាចរណ៍​រហូត​ទាល់តែ​មាន​ការជូន​ដំណឹង​ថ្មី​។​

​ឧបទ្វីប​គ្រី​ម៉េ​តំណាង​អោយ​តំលៃ​សំរាប់​រុស្ស៊ី និង​សំខាន់​សំរាប់រ​ក្សាប្រតិបត្តិ​កា​រ​យោធា​របស់​ខ្លួន​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន​។​បើ​ស្ពាន​នេះ​ដាច់ វា​កាន់តែ​ពិបាក​ក្នុង​ការដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​មកកាន់​​ឧបទ្វីប​នេះ​ព្រោះ​ស្ពាន​នេះ​មាន​ផ្លូវ​រថភ្លើង​និង​រថយន្ត​។​

​វា​ជា​ស្ពាន​វែង​ជាង​គេ​នៅ​អឺរ៉ុប​និង​ផ្តល់​ការតភ្ជាប់​ដ៏​សំខាន់​ទៅកាន់​ឧបទ្វីប​គ្រី​ម៉េ​ដែល​រុស្ស៊ី​វាយយក​ពី​អ៊ុយ​ក្រែ​ន​និង​ដាក់​ជា​ឧ​ប​សម្ពន្ធ​នៅ​ឆ្នាំ​២០១៤​។​ពួក​មន្ត្រី​អ៊ុយ​ក្រែន​បាន​គំរាម​វាយប្រហារ​ស្ពាន​នេះ​ម្តង​​ជា​ពីរ​ដង​។​

​ស្ពាន​តំលៃ​៣,៥៥​ពាន់​លាន​ដុល្លារ​នេះ​ជា​និម្មិត​រូប​របស់​រុស្ស៊ី​ដាក់​អធិបតេយ្យភាព​លើគ្រី​ម៉េ​។​វា​ជា​ខ្សែ​ភ្ជាប់​តែមួយគត់​របស់​រុស្ស៊ី​ទៅកាន់​ឧបទ្វីប​នេះ​មុន​កងកម្លាំង​រុស្ស៊ី​បើក​ប្រតិបត្តិការ​ពិសេស​ចូល​ទឹកដី​​អ៊ុយ​ក្រែន​កាលពីដើមឆ្នាំ​នេះ​នៅ​ចុង​ខាងជើង​នៃ​សមុទ្រ​អា​ហ្សូ​វ​៕

​ផ្សែង​និង​ភ្លើង​ហុយ​ក្រោយ​ការផ្ទុះ​ដ៏​ខ្លាំង​លើ​ស្ពាន​នៅគ្រីម៉េ​គឺ​ចកាលពីព្រឹកថ្ងៃសៅរ៍

​កំណាត់​ស្ពាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​

​ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​បាន​បណ្តាល​អោយ​ឆេះ​ទូរ​រថភ្លើង​ដឹក​ប្រេង​ចំនួន​ប្រាំពីរ នៅលើ​ស្ពាន​គឺ​ច​