​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊​ស៊ី​) ៖ កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​គម្រោង​ផលិត​ទូរស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​បំផុត​របស់​ខ្លួន​គឺ iPhone 14 នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជា​ព្រឹត្តិ​​ការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​ការផលិត​នៅ​ក្រៅ​ប្រទេស​ចិន​។​

​ប្រាំ​ភាគរយ​នៃ​ផលិតកម្ម iPhone 14 ត្រូវ​គេ​រំពឹងថា​នឹង​ផ្លាស់​ទៅកាន់​ប្រទេស​ឥណ្ឌា​ក្នុងឆ្នាំនេះ ដែល​លឿន​ជាង​អ្នកវិភាគ​បាន​រំពឹងទុក​ទៅទៀត​។​

​ពួក​អ្នកវិភាគ​នៅ​ធនាគារ​វិនិយោគ JP Morgan បាន​និយាយថា នៅ​ត្រឹម​ឆ្នាំ ២០២៥ មួយ​ភាគ​បួន​នៃ iPhone​ដែល​ក្រុមហ៊ុន​ផលិត គឺ​អាច​ផលិត​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

Apple បាន​ផលិត iPhone នៅ​រដ្ឋ​តា​ម៉ិល​ណា​ឌូ (Tamil Nadu) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា តាំងពី​ឆ្នាំ ២០១៧​។​ប៉ុន្តែ​ការសម្រេចចិត្ត​ផលិត​ស្មា​ត​ហ្វូន​ស៊េរី​ខ្ពស់​របស់​ពួកគេ​នៅក្នុង​ប្រទេស​​ឥណ្ឌា​គឺជា​ជំហាន​ដ៏​គួរឱ្យ​កត់សម្គាល់​មួយ ខណៈ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​មិន​បង្ហាញ​សញ្ញា​ថមថយ​។​

​ចំណាត់ការ​នេះ​ក៏​សន្មត​ថា​មាន​សារៈសំខាន់​ផងដែរ​ក្នុង “​ការកាត់បន្ថយ​ហានិភ័យ​” នៃ​វិបត្តិ​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ដែល​កំពុង​បន្ត​កើតមាន ដោយសារ​តែ​គោលនយោបាយ “​កូ​វីដ​សូន្យ​” របស់​ចិន​។​

– “​ចិន​បូក​មួយ​”

​វិធីសាស្ត្រ​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការលុបបំបាត់​ជំងឺ​រាតត្បាត​បាន​នាំឱ្យ​មាន​ការបិទ​ឧស្សាហកម្ម​និង​ការរំខាន​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទ្រង់ទ្រាយ​ធំ​។​ជា​លទ្ធផល​ក្រុមហ៊ុន​សកល​កំពុង​បង្កើន​​នូវ​យុទ្ធសាស្ត្រ “​បូក​មួយ​” ឬ​ចៀសវាង​ការវិនិយោគ​នៅក្នុង​ប្រទេស​ចិន​តែឯង ដើម្បី​តម្រង់ទិស​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​ឡើងវិញ​។​

​លោក អូ​ស្ការ ដេបុក (Oscar De Bok) នាយក​ប្រតិបត្តិ​អាជីវកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ភស្តុភារ DHL បាន​ប្រាប់ BBC ថា​”​ក្រុមហ៊ុន​នានា​លែង​មាន​ឆន្ទៈ​ក្នុងការ​អង្គុយ​រង់ចាំ​ការ​​ផ្លាស់ប្តូរ​គោលនយោបាយ​នៅក្នុង​ប្រទេស​ចិន ឬ​ដាក់​ស៊ុត​របស់​ពួកគេ​នៅក្នុង​កន្ត្រក​តែ​មួយ​សម្រាប់​តម្រូវការ​ប្រភព​របស់​ពួកគេ​ទៀតហើយ​”​។​

​លោក​ដេ​បុក​បាន​និយាយថា “​ពួក​គេ​ចង់​ធ្វើ​ឱ្យ​ប្រាកដថា​ពួកគេ​មាន​ជម្រើស​ពីរ​ឬ​បី​” ដោយ​បន្ថែម​ថា និន្នាការ​ឆ្ពោះទៅរក “​ប្រភព​បរិបូណ៍​” ផ្តល់​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​ដូចជា​ឥណ្ឌា វៀតណាម និង​ម៉ិក​ស៊ិក​។​

​លោក​ដេ​បុក​កំពុងស្ថិត​នៅ​ក្នុង​រដ្ឋធានី​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា មុំ​បៃ ដើម្បី​ប្រកាស​ការវិនិយោគ ៥០០ លាន​អឺរ៉ូ ដើម្បី​បង្កើន​សមត្ថភាព​ឃ្លាំង​និង​ចំនួន​មនុស្ស​ធ្វើការ​នៅ​ក្រុមហ៊ុន DHL ទ្វេ​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​។​

​លោក​បាន​និយាយថា ការប្តេជ្ញា​ចិត្ត​នេះ​ត្រូវបាន​ជំរុញ​មួយ​ផ្នែក​ដោយ​កំណើន​នៃ​ការវិនិយោគ​បរទេស​ក្នុង​វិស័យ​ដូចជា​ផលិតកម្ម​និង​អេឡិចត្រូនិច ដែល​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី​បាន​និង​កំពុង​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ណា​ដែល​មាន​បំណង​ចង់​ធ្វើឱ្យ​ឥណ្ឌា​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ពួកគេ​។​

​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការលើកទឹកចិត្ត​ដែល​ទាក់ទង​នឹង​ការផលិត (PLI) ក្រុមហ៊ុន​រុករក​រ៉ែ Vedanta Resources ក៏​គ្រោង​វិនិយោគ​ជិត​២០​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​បន្ទះ​ឈីប​នៅក្នុង​ប្រទេសឥ​ណ្ឌា​ផង​ដែរ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Foxconn ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​របស់​តៃវ៉ាន់​។​

​លោក អា​នី​ល អា​ហ្គា​វ៉ា​ល់ (Anil Agarwal) ប្រធាន​ក្រុមហ៊ុន Vedanta Resources បាន​និយាយ​កាលពី​ខែ​មុន​ថា ពិភពលោក​កំពុង​សម្លឹងមើល​ការអនុម័ត​យុទ្ធសាស្ត្រ “​ចិន​បូក​មួយ​” ហើយ​ថា “​ឥណ្ឌា​ច្បាស់​ណាស់​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​”​។​

– គុណប្រយោជន៍​ឥណ្ឌា​

​ឥណ្ឌា ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​បី​របស់​អាស៊ី បាន​និង​កំពុង​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ដាក់​ខ្លួនឯង​ជា​មជ្ឈមណ្ឌល​ផលិតកម្ម និង​នាំចេញ​ដ៏​ទាក់ទាញ​សម្រាប់​ពហុ​ជាតិ​សាសន៍​។​

​ឥណ្ឌា​មាន​ទីផ្សារ​ក្នុងស្រុក​ដ៏​ធំ​និង​មាន​អ្នក​មាន​ទេពកោសល្យ​តម្លៃ​ទាប​ច្រើន​។​

​ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ចន្លោះ​ពី ៦-៧ ភាគរយ​និង​អតិផរណា​មាន​កម្រិត​ទាប​ជាង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ឥណ្ឌា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​សេដ្ឋកិច្ច​ធំៗ​ដែល​ធ្វើ​បាន​ល្អប្រសើរ​នៅ​ឆ្នាំ​នេះ​។​

​ការនាំចេញ​ទំនិញ​របស់​ខ្លួន​បាន​កើន​ដល់ ៤០០ ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​នៅ​ទ្រឹង​ខ្ទង់ ៣០០ ពាន់​លាន​ដុល្លារ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។​

​ក្រៅពី​សោហ៊ុយ​សារពើពន្ធ រដ្ឋបាល​របស់​លោក​ម៉ូ​ឌី​ក៏​កំពុង​ផ្តល់​ការជំរុញ​ដ៏​សំខាន់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​គោលបំណង​ធ្វើ​សមាហរណកម្ម​ឥណ្ឌា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល និង​កែ​មុខមាត់​របស់​ខ្លួន​ឡើងវិញ​ក្នុងនាម​ជា​ដៃគូ​ចរចា​យឺតយ៉ាវ​គួរឱ្យកត់សម្គាល់​ផងដែរ​។​

​អាជីវកម្ម​នានា​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងនេះ​។​

​ប៉ុន្តែ​អ្នកជំនាញ​និយាយថា វិធីសាស្ត្រ​របស់​ឥណ្ឌា​ចំពោះ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម បាន​បោះ​មួយ​ជំហាន​ទៅមុខ បោះ​បី​ជំហាន​ថយក្រោយ​។​

​ការ​ប្រញាប់ប្រញាល់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​កែលម្អ​ការចូល​ប្រើប្រាស់​ទីផ្សារ​និង​កាត់បន្ថយ​ពន្ធគយ ត្រូវ​បាន​អម​ដោយ​ការគាំទ្រ​ឱ្យ​មាន​ការពឹងផ្អែក​លើ​ខ្លួនឯង​និង​ការយកពន្ធ​លើ​ទំនិញ​យ៉ាងហោច ៣.០០០ មុខ ដែល​ភាគច្រើន​ជា​ទំនិញ​សំខាន់​នៅក្នុង​ដំណើរការ​ផលិតកម្ម​។​

​ជា​លក្ខណៈ​ឯកជន ក្រុមហ៊ុន​បរទេស​ជាច្រើន​ក៏​ត្អូញត្អែរ​ផងដែរ​អំពី​កង្វះ​នៃ​ការប្រកួតប្រជែង​ស្មើភាព​គ្នា និង​ការកើនឡើង​នូវ​ការ​គាំពារ​និយម​។​

​ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ឥណ្ឌា នៅតែ​បន្ត​ជួប​ការលំបាក​ក្នុងការ​ហែ​ឆ្លង​ប្រព័ន្ធ​ការិយាធិបតេយ្យ​ស្មុគស្មាញ​របស់​ឥណ្ឌា​។ អ្នកជំនាញ​និយាយថា កំណែទម្រង់​ដែល​រំខាន​យ៉ាង​ខ្លាំង​លើ​ការទទួលបាន​ដី​និង​ការផ្តល់​អាជ្ញាប័ណ្ណ​លឿន​ជាង​មុន​គឺ​ពិតជា​ពិបាក​យល់​។ ហើយ​ហេដ្ឋារចនាសម្ពន្ធ​អន់​ថយ​នៅតែ​ជា​ចំណុ​ចជាប់គាំង​ដ៏​សំខាន់​។​

​លោក មី​ហៀ សា​ម៉ា (Mihir Sharma) នាយក​នៅ​មូលនិធិ​ស្រាវជ្រាវ Observer (ORF) បាន​និយាយថា “Apple គឺ​ពិតជា​សាច់​រឿង​ជោគជ័យ​មួយ​រហូតមកទល់​ពេលនេះ ប៉ុន្តែ​ការ​ធ្វើ​ឱ្យ​ឥណ្ឌា​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​នឹង​ទាមទារ​មិន​ត្រឹមតែ​ការចាប់យក​វិនិយោគ​ធំៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រព័ន្ធ​អេកូ​ដែល​គាំទ្រ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ផងដែរ​”​។​

“​វា​លឿន​ពេក​ក្នុងការ​ប្រាប់​ថា​តើ​ការវិនិយោគ​ទាំងអស់នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​ឬ​យ៉ាងណា ហើយ​ថា​តើ​ការវិនិយោគ​ទាំងនោះ​នឹង​មាន​និរន្តរភាព​តាម​ពេលវេលា​ដែរ​ឬ​អត់​”​។​

​លោក​សា​ម៉ា​បាន​និយាយថា សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ភាគច្រើន​របស់​ឥណ្ឌា ត្រូវបាន​ទុកចោល​ភាគច្រើន​ចេញពី​គម្រោង​លើកទឹកចិត្ត​សារពើពន្ធ​របស់​លោក​ម៉ូ​ឌី​។​

​យោងតាម ORF លើកលែង​តែ​ផ្នែក​វាយ​ន​ភណ្ឌ​និង​សម្លៀកបំពាក់ គ្រោងការ​នេះ​មិន​បាន​គ្របដណ្តប់​លើ​ឧស្សាហកម្ម​ផលិតកម្ម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ផ្សេង​ទៀត​នោះ​ទេ ដែល​វា​អាច​ឱ្យ​ឥណ្ឌា​ជំរុញ​យ៉ាង​មាន​អត្ថន័យ​ដល់​យុទ្ធសាស្ត្រ​បូក​មួយ​នៃ​កំណើន​ដែល​ផ្តោត​លើ​ការនាំចេញ និង បង្កើត​ការងារ​សម្រាប់​ប្រជាជន​ឥណ្ឌា ១២ លាន​នាក់ ដែល​ចូលរួម​ក្នុង​កម្លាំង​ការងារ​ជា​រៀងរាល់ឆ្នាំ​។

​លោក​សា​ម៉ា​បាន​បន្ថែមថា ឥណ្ឌា​ត្រូវតែ​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​របស់​ខ្លួន និង​បង្កើត “​បរិយាកាស​ធុរកិច្ច​ដែល​កាន់តែ​មាន​ការស្វាគមន៍​” ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​សេដ្ឋកិច្ច​អាស៊ី​ផ្សេងទៀត​។​

​ប្រទេស​ថៃ វៀតណាម និង​កូរ៉េខាងត្បូង ទាំងអស់​នេះ​សុទ្ធតែ​ឈរ​នៅ​ពីលើ​ឥណ្ឌា​យ៉ាង​ខ្លាំង​នៅក្នុង​ចំណាត់​ថ្នាក់​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​របស់​ធនាគារ​ពិភពលោក​។ វៀតណាម​ក៏​បាន​បង្កើត​ផែនការមេ​ឆ្នាំ ២០៣០ ផងដែរ​ដើម្បី​សាងសង់​ច្រករបៀង​ហេដ្ឋារចនាសម្ពន្ធ​រួម​បញ្ចូល​គ្នាដ៏​សំខាន់​សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំ​។​

– ចំណុច​ទាក់ទាញ​

​ប៉ុន្តែ លោក អា​ឡិច កា​ព្រី (Alex Capri) អ្នក​ស្រាវជ្រាវ​នៅ​មូលនិធិ Hinrich បាន​និយាយថា ត្បិត​មានការ​ប្រឈម​ទាំងនេះ​ក៏ដោយ ក៏​ឥណ្ឌា​នៅ​តែ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ​ជាង​ពេលមុនៗ ដើម្បី​ប្រើប្រាស់ “​ឱកាស​ជា​ប្រវត្តិសាស្ត្រ​” នេះ​។​

​លោក​បាន​និយាយថា “​ចំណុច​ស្រូប​ទាញ​ដ៏​សំខាន់​” មួយចំនួន​នៅក្នុង​ប្រទេស​ឥណ្ឌា គឺ​រដ្ឋ​ភាគខាងត្បូង​ដូចជា តា​ម៉ិល​ណា​ឌូ (Tamil Nadu) ថេ​ឡាន​ហ្គា​ណា (Telangana) និង​តំបន់​រដ្ឋធានី​ជាតិ​នៅ​ភាគ​ខាងជើង គឺ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការអភិវឌ្ឍ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​ដ៏​សំខាន់ ខណៈ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​បំបែកចេញ​ពី​ចិន​។

​នេះ​ទំនងជា​នឹង​បញ្ចេញ​នូវ​យុគសម័យ​នៃ​សហព័ន្ធ​និយម​ដ៏​ប្រកួតប្រជែង​ក្នុង​ចំណោម​រដ្ឋ​នានា​។​

​លោក​កាព្រី​បាន​បន្ថែមថា ឥណ្ឌា​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ​ពី​ក្រុមហ៊ុន​បច្ចេកវិជ្ជា​តៃវ៉ាន់​ដែល​ផ្លាស់​ការផលិត​មក​ទៅកាន់​ប្រទេស​នេះ​ក្រោម​ការចាត់ចែង​រៀបចំ “​របស់​សម្ពន្ធមិត្ត​” ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ភាព​អាច​រកបាន​យ៉ាង​ងាយស្រួល​នៃ​មនុស្ស​មាន​ទេពកោសល្យ​តម្លៃ​ទាប​។​

​ដូច្នេះ​តើ​នេះ​ជា​ចំណុច​ទាញ​?

​លោក​កាព្រី​និយាយថា “​មិត្តភក្តិ​ឥណ្ឌា​របស់ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ឥណ្ឌា​មិន​ដែល​ខកខាន​ឱកាស​ណាមួយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា លើក​នេះ​វា​ផ្សេង​ពីមុន​”៕

​ប្រាំ​ភាគរយ​នៃ​ផលិតកម្ម iPhone 14 ត្រូវ​គេ​រំពឹងថា​នឹង​ផ្លាស់​ទៅកាន់​ប្រទេស​ឥណ្ឌា​ក្នុងឆ្នាំនេះ​