ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសហគមន៍ទាំងនេះ នៅបន្តរងការជន់លិច បណ្តាល មកពីភ្លៀង ធ្លាក់ជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃ មកនេះ ស្របពេលជាមួយនឹងអង្គការទស្សនៈ ពិភពលោក បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅទីនោះ ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ អង្គការទស្សនៈពិភពលោក កន្លងមក និងក្នុងពេលនេះ បានយកចិត្តទុកដាក់ខ្ពស់ សហការ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយដល់ប្រជាពលរដ្ឋ និងកុមារងាយរងគ្រោះបំផុត រាល់ពេលមានគ្រោះមហន្តរាយ ព្រមទាំងការងារកាត់បន្ថយហានិភ័យ ។

ផ្អែកតាមគំរូដ៏ល្អរបស់អង្គការទស្សនៈពិភពលោក នាពេលនេះ លោកទេសរដ្ឋមន្ត្រី បានអំពាវ នាវដល់បណ្តាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សូមចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹង តម្រូវការ ប្រជាពលរដ្ឋរងគ្រោះ នៅខេត្តផ្សេងៗទៀត ដូចជា បន្ទាយមានជ័យ សៀមរាប និង បាត់ដំបង ជាដើម បើទោះជាគ្រោះទឹកជំនន់ នាពេលនេះ មិនដល់កម្រិតប្រកាសរកជំនួយ កម្រិតអន្តរជាតិក៏ដោយ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ការងារអាទិភាព ដើម្បីគ្រប់គ្រងស្ថាន ភាពទឹកជំនន់ នាពេលនេះ គឺមានបួនចំណុចធំៗ៖ ទី១. បន្តការត្រៀមជម្លៀស និងសង្គ្រោះ គ្រួសារ ដែលនៅដាច់ស្រយាល ទៅទីកន្លែងមាន សុវត្ថិភាព សម្រាប់តំបន់ដែលនឹងមានភ្លៀង ធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាល សម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តា អាទិភាពទី១ ។ ទី២. បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានា សម្រាប់បំពេញតម្រូវ ការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅ តាមផ្ទះ អ្នកជិតខាង ហើយសូមកត់សម្គាល់ថា ជំនួយនេះ ជាជំនួយសម្រាប់សម្រួលទុក្ខ លំបាក ក្នុងពេលទឹកជំនន់ ដែលប្រជាពលរដ្ឋ មិនអាចរក ចំណូលបាន។ ទី៣. បន្តតាមដាន និងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំនានា ព្រោះទឹកលិចជាង ១០ ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះ មិនអាចឱ្យការវាយតម្លៃ ការខូចខាត ឱ្យបានច្បាស់ទាំងស្រុង នៅពេលនេះ និងទី៤ . បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទ នានា និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រក ដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិត និងការស្តារជីវភាពឡើងវិញ របស់បងប្អូន ក្នុងសហគមន៍ឡើងវិញ។

សូមបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៨ ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយខេត្ត បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះ សរុបបានចំនួន ១.៩៣៧ គ្រួសារ ដែលជាគ្រួសាររងគ្រោះបំផុត។

លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានថា ការចែកជំនួយទាំងនេះ ចាំបាច់ ត្រូវចែកតាមក្រុមតូចៗ តាមមូលដ្ឋាននិមួយៗ សំដៅបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋមកទទួល និងកាត់បន្ថយហានិភ័យនានា ពេលមកទទួលជំនួយ នៅពេលកំពុងមានទឹកលិចបែបនេះ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចូលរួមចែកជំនួយមនុស្សធម៌ឧបត្ថម្ភ ដោយអង្គការទស្សនៈពិភពលោក ដែលធ្វើនៅវត្តតាប៉ោង ភូមិតាប៉ោង ឃុំកំពង់ស្វាយ ចំនួន ១៤៥ គ្រួសារ ដែលមួយគ្រួសារ ទទួលបានអង្ករ ប្រេងឆា ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល សាប៊ូ និងសាប៊ូម្សៅវីសូ៕/V-PC