ដោយៈបាយ័ន / សៀមរាបៈ មេប៉ុស្តិ៍នគរបាលឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជនដៃដល់វាយត្រូវជិត ២០ ដំបង រងរបួសជាទម្ងន់ ហើយជនដៃដល់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

នគរបាលស្រុកស្វាយលើ បាននិយាយថាៈ ជនសង្ស័យមានឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ហើយមកស្នាក់នៅ លើភ្នំគូលែន កន្លែងកើតហេតុខាងលើ។

ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើ នគរបាល បាននិយាយថាៈនៅវេលាម៉ោង ១៩និង៣០ នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចតូបរបស់ជនរងគ្រោះ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ ឡុង ង៉ិក ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរនគរបាល (នាយប៉ុស្តិ៍នគរបាលឃុំខ្នងភ្នំ)
ត្រូវយុវជនដែលម្នាក់ មិនធ្លាប់ស្គាល់កំពុងស្រាយអង្រឹង នៅនឹងតូបរបស់ខ្លួន ដែលស្ថិតនៅមុខផ្ទះរបស់ខ្លួន ក្នុងភូមិកើតហេតុខាងលើ។

ស្របពេលនោះខ្លួន (ជនរងគ្រោះ) ក៏បានដើរទៅសួរគេថា ស្រាយធ្វើអី មិនបាច់ស្រាយទេ ដេកនៅទីនេះក៏បាន ស្រាប់តែពេលនោះជនសង្ស័យរូបនោះ បានប្រើហិង្សាមកលើខ្លួន ដោយក្តាប់ដៃ ហើយវាយត្រូវភ្នែកខ្លួនខាងឆ្វេងចំនួន១ដៃ បណ្តាលឲ្យខ្លួនងងឹតមុខឈឹង ហើយគេបានបន្តយកដំបងឈើមួយដើម មកវាយត្រូវក្បាល និងដងខ្លួនរបស់ខ្លួន ប្រហែល ១៥ ដំបងទៀត បណ្តាលឲ្យបាក់ដំបងនោះ ហើយគេយកដំបង មកចាក់ត្រូវពោះរបស់ខ្លួនចំនួន២ដង បណ្តាលឲ្យខ្លួនដួល ពេលឃើញខ្លួនដួលជនសង្ស័យរូបនោះ បានស្ទុះមកច្របាច់ ក ខ្លួនទៀត ចំណែកខ្លួនបានព្យាយាមរើបំរះ រហូតអាចងើប និងរត់ទៅស្រែកហៅឱ្យគេជួយ។

នគរបាល បាននិយាយថាៈ សំណាង មានអ្នកនៅម្តុំនោះ បានដើរមកមើល និងបានឃើញខ្លួនមានរបួសក្បាល ហូរឈាម ក៏នាំគ្នាដេញចាប់ជនសង្ស័យរូបនោះ តែជននោះ បានរត់គេចខ្លួនបាត់។

លុះព្រឹកថ្ងៃទី៨ ខែតុលា ជនសង្ស័យ ឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅឃុំខ្នងភ្នំខាងលើ ។

ក្រោយពេលកើតហេតុនោះដែរ សមត្ថកិច្ចវាស់វែងកន្លែងកើតហេតុ និងបានបញ្ជាក់ថាៈជនរងគ្រោះ មានរបួសពេញដងខ្លួន ទាំងខាងមុខ និងខាងក្រោយ ព្រមទាំងបែកក្បាល ប្រវែង ៣ សង់ទីម៉ែត្រ ។

ជនរងគ្រោះ បានសំណូមពរ ឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនសង្ស័យ ឈ្មោះ ធឹម ឧត្តម នេះ ដោយមិនមានការលើកលែងឡើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើ ពិតប្រាកដមែន។ ជននោះ ត្រូវបានតេស្តរកសារធាតុញៀន លើជនសង្ស័យ លទ្ធផល អវិជ្ជមាន៕ V / N