ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​ទី​៩​តុលា​បាន​បាញ់​កាំជ្រួច​ពីរ​ដើម​ចូល​ក្នុង​សមុទ្រ និង​ជា​ការបាញ់​លើក​ទី​ប្រាំបី​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មកនេះ​ចំពេល​មាន​ភាព​តានតឹង​​អំពី​សមយុទ្ធ​យោធា​រួម​គ្នា​ដឹកនាំ​ដោយ​អាម៉េរិក​នៅក្នុង​តំបន់នេះ​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បានប្រកាសថា​ការបាញ់​បង្ហោះ​ទី​៧​និង​៨​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​មកនេះ ចេញពី​ភាគ​អាគ្នេយ៍​ប្រទេស​ហើយ​«​នៅពេល​កំពុង​ពង្រឹង​ការ​ពិនិត្យ​តាមដាន​និង​​ប្រុងប្រយ័ត្ន​ យោធា​របស់​យើង​រក្សា​ស្ថានភាព​ត្រៀមខ្លួន​ពេញលេញ​ដោយ​សហការ​ជាមួយ​សហរដ្ឋ​អាម៉េរិក​»​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​បាន​ចេញមក​ការពារ​ការបាញ់​កាំជ្រួច​បន្តបន្ទាប់​របស់​ខ្លួន ដោយ​ចាត់ទុក​វា​ថា​ជា​ការឆ្លើយតប​ស្របច្បាប់​ចំពោះ​ការគំរាម​យោធា​អាម៉េរិក ដែល​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​ជា​មួ​​យ​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅក្នុង​ដែនទឹក​ក្បែរ​កូរ៉េខាងជើង​។​

​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​បាន​បញ្ជាក់ថា​យ៉ាងហោច​ណាស់​កាំជ្រួច​មួ​យ​ដើម​ត្រូវ​បាន​បាញ់​កាលពី​ថ្ងៃអាទិត្យ​។​ការិយាល័យ​បាន​សរសេរ​បង្ហោះ​ថា​« កូរ៉េខាងជើង​ទំនង​បាន​បាញ់​បង្ហោះ​កាំជ្រួច​​ផ្លោង​មួយ​។​ព័ត៌មាន​ពិស្តារ​បន្ថែមនឹង​ចេញ​បន្តបន្ទាប់​»​។​

​ចំណែក​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​និយាយថា វា​អាច​ជា​កាំ​ជ្រួចផ្លោងហោះ​នៅមុន​ម៉ោង​ពីរ​រំលង​អធ្រាត​និង​ហោះ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​នៅ​រយៈ​កំពស់​១០០​គីឡូម៉ែត្រ​។​វា​ត្រូវ​បាន​បាញ់​ចេញពី​នាវា​​មុជទឹក​។​

​សារព័ត៌មាន​NHK​បាន​រាយការណ៍​ថា កាំជ្រួច​ត្រូវបាន​បាញ់​ឆ្ពោះទៅ​កាន់​សមុទ្រ​ខាងកើត ហើយ​ទំនងជា​បាន​ធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន នៅ​ពេល​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា​តាំង​​ពីមុនមក​មិន​មាន​សេចក្តីរាយការណ៍​អំពី​ឧបទ្ទវហេតុ​បង្កឡើង​ពី​កាំជ្រួច​នេះ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យោធា​អាម៉េរិក បាន​និយាយថា ខ្លួន​ដឹង​អំពី​ការបាញ់​កាំជ្រួច​ផ្លោង​ពីរ​គ្រាប់និង​«​កំពុង​ប្រឹក្សា​យោបល់​យ៉ាង​ដិត​ដល់​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង​»​ហើយ​ថា​ការបាញ់​នេះ​បង្ហាញ​លក្ខណៈ​«​អស្ថិរភាព​»​នៃ​កម្មវិធី​កាំជ្រួច​របស់​កូរ៉េខាងជើង​ រីឯ«​ការប្តេជ្ញា​ចិត្ត​របស់យើងក្នុងការការពារ​សាធារណរដ្ឋ​កូរ៉េ​និង​ជប៉ុន​មិន​ផ្លាស់ប្តូរ​»​។​

​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ជា​ការបាញ់​បង្ហោះ​ចុង​ក្រោយ​ក្នុងចំណោម​ការបាញ់​បន្តបន្ទាប់​រួម​មាន​ការបាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យមមួយ​ដែល​បាន​ហោះ​រំលង​ជប៉ុន​។​

​អាម៉េរិក​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​មកកាន់​ដែនទឹក​នៅ​ខាងកើត​កូរ៉េ​ឡើងវិញ ជា​ផ្នែក​នៃ​ការឆ្លើយតប​ខាង​យោធា​ចំពោះ​សកម្មភាព​គឃ្លើន​ឡើង​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ដើម្បី​ហ្វឹកហាត់​ជា​​មួយ​កងកម្លាំង​សម្ពន្ធមិត្ត​ក្នុង​តំបន់ រួម​មាន​ការហ្វឹកហាត់​បាញ់​កាំ​ជ្រួច ទម្លាក់​គ្រាប់​និង​ប្រឆាំង​នាវាមុជទឹក​ផង​។​

​សមយុទ្ធ​យោធា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង បានបញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​៕