​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ត្រី​បា​ឡែន​កដបប្រមាណ​២៥០​ក្បាល​បាន​ងាប់​ក្រោយ​កឿង​នៅលើ​ឆ្នេរ​នៃ​កោះ​ឆា​ថា​ម​(Chatham)​ដាច់ស្រយាល​របស់​នូវែល​សេឡ​ង់​កន្លែង​ដែល​ត្រី​និង​មនុស្ស​ប្រឈម​ការវាយប្រហារ​ពី​ឆ្លាម នេះ​បើ​តាម​រដ្ឋាភិបាល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​បា​ឡែន​ក្នុងគ្រួសារ​ត្រី​ដូ​ហ្វាំង​ទាំងនេះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ហែល​មក​ជាប់​លើ​ឆ្នេរ​កាលពី​ថ្ងៃ​សុក្រ​នៅ​ភាគ​ពាយព្យ​កោះ​។​

​រដ្ឋាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា «​យើង​មិន​បាន​ព្យាយាម​នាំ​ត្រី​ទាំងនោះ​ចូល​ទឹក​វិញ​ទេ ដោយសារ​ប្រឈម​ការ​ការវាយប្រហារ​ពី​ត្រី​ឆ្លាម​ទាំង​ត្រី​បា​ឡែន​ខ្លួន​វា​និង​ទាំង​មនុស្ស​តែ​ក្រុម​ជនជាតិដើម​បាន​មាន​វត្តមាន​នៅ​ទីនោះ​ដើម្បី​ជួយ​ត្រី​ដែល​នៅរស់​»​។​

​មន្ត្រី​នូវែល​សេឡ​ង់​បាន​និយាយថា ត្រី​បា​ឡែន​ជាប់កឿង​ងាប់​ទាំងអស់នឹង​ទុក​អោយ​ស្អុយរលួយ​តាម​ធម្មជាតិ​នៅ​នឹង​កន្លែង​

​ការជាប់​កឿង​ត្រី​ច្រើនៗ​ដូច្នេះ​មិន​ជា​រឿង​ចម្លែក​ទេ​នៅ​កោះ​ឆា​ថា​ម នៅ​ឯនាយ​ឆ្នេ​រកោះ​សោត​អាយ​លែ​ន​របស់​នូវែ​លសេ​ឡង់ ។​ការជាប់​កឿង​ត្រី​បា​ឡែនធំ​បំផុ​តត្រូវ​បាន​កត់ត្រា​ឃើញ​នៅ​ឆ្នាំ​១៩១៨​ដែល​ពេលនោះ​ត្រី​ប្រមាណ​១.០០០​ក្បាល​បាន​ជាប់​កឿង​ក្នុងពេល​តែមួយ​។​នៅ​ឆ្នាំ​២០១៧ ត្រី​បា​ឡែន​ជិត​៧០០​ក្បាល​បាន​ជាប់​កឿង​ន​ឆ្នេរ​នៅ​នូវែ​លសេ​ឡង់​។​

​ទើប​ពីរ​សប្តាហ៍​មុន ត្រី​បា​ឡែន​ជិត​២០០​ក្បាល​បាន​ងាប់​នៅលើ​ឆ្នេរ​មួយ​ក្នុង​រដ្ឋ​តាស​ម៉ានៀ​(Tasmania)​របស់​អូស្ត្រាលី​។​សេវា​សត្វព្រៃ​ប្រចាំ​រដ្ឋ​បាន​ជួយ​សង្គ្រោះ​ពួក​វា​បាន​ប្រមាណ​៤៤​ក្បាល​ដោយ​ទាញ​ស្ទូច​ចូល​ទឹក​វិញ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​យល់​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​នាំ​អោយ​បាឡែ​ន​និង​ដូ​ហ្វាំង​ហែល​មក​ជាប់​លើ​ឆ្នេរ​ក្នុង​ចំនួន​ច្រើនៗ ។​អ្នកខ្លះ​ថា​មក​ពី​ពួក​វា​រក​ចំណី​ក្បែរ​ឆ្នេរ​ពេក និង​ខ្លះ​ថា​មកពី​ពួក​វា​ហែល​រត់គេច​ពី​ការ​វាយប្រហារ​របស់​ឆ្លាម​៕