ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងលោកស្រី រួមទាំងសប្បុរសជន បាននាំយកស្បៀងជាអង្ករចំនួន ប្រាំមួយតោនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំដើម្បីនាំយកបន្តទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងលិចលង់លំនៅឋានដោយសារតែទឹកជំនាន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

លោក ងួន រាសី បានថ្លែងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះថា រដ្ឋបាលខេត្តកំពង់ធំ យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងខិតខំប្រឹងប្រែងពន្យល់ណែនាំអប់រំ ជារឿយៗ នូវវិធីសាស្ត្រ និងការណែនាំនានា ជាពិសេសបញ្ហាទឹក ជំនន់នេះតែម្តង ។ ម៉្យាងទៀតស្បៀងទាំងនេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែកទៅតាមបណ្តា ស្រុកក្រុង យកទៅប្រើប្រាស់ ដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ងួន រាសី បានបន្ថែមថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ ជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ស្របតាមការ អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ដោយឡែកលោក ងួន រតនៈអភិបាលខេត្តកំពង់ធំបានថ្លែងថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិ បាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ ដោយសារទឹកជំនន់ ទឹកភ្លៀង ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាជនកម្ពុជាទាំងអស់៕ N