ដោយៈ សុផល / ភ្នំពេញ: នាឱកាសបេសកកម្មចុះសំណេះសំណាល និងចែកអាវរងា ជូនកងទ័ព នៅតាមបណ្តាកងពល ប្រចាំទិសនានា ចំណុះយោធភូមិភាគទី៥ លោក ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់លោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រចាំ នៅភូមិសាស្រ្តទួលខុសត្រូវ​របស់ខ្លួន បានល្អប្រសើរ។

លោកបានបន្ថែមទៀតថាៈ ទាំងសម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត តែងតែណែនាំ ដល់លោក និងសមាជិកក្រុមគ្រួសារ អំពីគុណតម្លៃ និងភាពអង់អាចក្លាហានកងទ័ព និងបានផ្តលឱកាស ក្នុងការហ្វឹកហាត់លត់ដំសមត្ថភាព និងស្វែងយល់ពីស្មារតី ឆន្ទៈ របស់នាយទាហាន ពលទាហាន នៅតាមខ្សែបន្ទាត់ព្រំដែន ការពារទឹកដី និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានគូសបញ្ជាក់ថាៈ កងទ័ពមិនត្រឹមតែបំពេញតួនាទី ក្នុងវិស័យការពារជាតិ តែប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋ ដែលជួប គ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈ ដែលក្នុងភូមិសាស្រ្ត កំពុងប្រុងជើងការ ចំពោះគ្រោះទឹកជំនន់ផងដែរ។ លោក ហ៊ុន ម៉ានី ក៏សូមអបអរសាទរ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងការការពារបូរណ ភាពដែនដី ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ឱ្យខាងតែបាន ទោះក្នុងតម្លៃ ណាក៏ដោយ។

ទន្ទឹមនឹងនេះ ក្នុងដំណើរបេសកម្មមកជួបកងកម្លាំងគ្រប់ប្រភេទ ប្រចាំយោធភូមិភាគទី៥ លោក ហ៊ុន ម៉ានី បានធ្វើការបញ្ជាក់ ក្នុងគ្រប់ពិធីជូនដល់ មេបញ្ជាការ និងកងកម្លាំង ចំពោះការបេ្តជ្ញាគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិបន្ទាប់ និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត។

សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ឱ្យ លោក ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងប្រគល់អាវរងា ចែកជូនដល់កងកម្លាំង គ្រប់ប្រភេទ ប្រចាំយោធភូមិភាគទី៥ នៅតាមបញ្ជាការដ្ឋានទិសទាំង៣ ។ ក្នុងនោះ លោកក៏បាននាំយកមកជាមួយបន្ថែម នូវស្បៀងអាហារ និងសម្ភារៈមួយចំនួនផងដែរ៕ V / N