ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបង្ហាញក្តីរំភើប និងមោទនភាព ចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគម TYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ ក្នុងរយៈពេល ១០ ឆ្នាំនេះ ដែលទាំងអស់នេះ បានមកពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត ការប្រើប្រាស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងធ្វើសកម្មភាពមនុស្សធម៌ នៅទូទាំងប្រទេស។

រូបថត ( លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) )

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញក្តីរំភើប និងមោទនភាពបែបនេះ  ក្នុងពិធីប្រកាសបញ្ចូល សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី៧ នៅរសៀលថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ​ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដៃគូសហការ អាជ្ញាធរ សប្បុរសជន ថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកា សមាគមTYDA ប្រមាណជាង ៨០០ នាក់។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថាៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) គិតត្រឹមឆ្នាំ២០២២ នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាព មនុស្សធម៌ទូទាំងប្រទេស ដោយបានផ្ដល់នូវជីវិតទីពីរ សុភមង្គល និងស្នាមញញឹមជូន ប្រជាពលរដ្ឋ និងក្រុមគ្រួសារ។ លទ្ធផលជាក់ស្ដែង គឺព្យាបាលប្រជាពលរដ្ឋ បានចំនួនជិត ៣៥ ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរ ជាង ៦ ពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្ត នៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ចំនួន ៥៨ នាក់ ត្រូវបានវះកាត់ ដោយជោគជ័យ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី  ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបាននិង កំពុងឧបត្ថម្ភសម្ភារៈ បរិក្ខារ ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគម ឱ្យសមាគមមាន លទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូសហការ ដែលបានជួយឧបត្ថម្ភគាំទ្រ តាមរយៈការចូលរួមដោយផ្ទាល់ ក្នុងបេសកកម្ម ក៏ដូចជា ជួយសម្របសម្រួល យកចិត្តទុកដាក់ រាល់សកម្មភាពរបស់សមាគម។

សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក បានចំនួន ៧ លើក ដែលធ្វើឱ្យសមាគម មកដល់ពេលនេះ មានសមាជិកចំនួនជាង ៨.០៦០ នាក់ ៕ V / N

ប្រភពរូប ( TYDA )