ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ អ្នកគ្រប់គ្រងវិទ្យាល័យកំពង់ធំ បាននិមន្តព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ និងលោក ស៊ុយ កុកធានជាអនុប្រធាន សភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ អញ្ជើញជាវាគ្មិនចែករំលែកនូវចំណេះដឹងនិងការត្រិះរិះនានា​ដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សជាង ៦០០នាក់។

ក្នុងពិធីដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៩ខែតុលានេះ ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានមានសង្ឃដីកាថ្ងៃនេះគឺ ជាថ្ងៃមួយប្រកបដោយមោទនភាពយ៉ាងក្រៃលែងនៅវិទ្យាល័យកំពង់ធំដែលបានរៀបចំនូវកម្មវិធីដ៏មានអត្ថន័យមួយគឺការគាំទឥរិយាបថវិជ្ជមានរបស់សិស្សដែលផ្តោតសំខាន់ទៅលើការអប់រំសីលធម៌គុណធម៌និងការរស់នៅរបស់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងនៅក្នុងសាលារៀននិងនៅក្នុងសង្គមសំដៅទៅរកឥរិយាបថមួយវិជ្ជមាននាពេលអនាគត។ កម្មវីធីនេះដែរក៏ជាជំនួយដែលចេញពីចង្កោមសកម្មភាពតូចៗនៃកម្មវិធីមគ្គុទេ្ទសអាជីពនិងការផ្ដល់ប្រឹក្សារបស់ ក្រសួងអប់រំ ដើម្បីចូលរួមចំណែកអប់រំឥរិយាបថវិជ្ជមានរបស់សិស្ស ឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពលករថ្លៃថ្នូរនាពេលអនាគត។

លោក ស៊ុយ កុកធាន បានឡើកឡើងថា ការអប់រំសិស្សានុសិស្ស ត្រូវមានផែនការនិងគោលដៅពិតប្រាកដមួយក្នុងជីវិតដើម្បីឱ្យក្មួយៗក្លាយទៅជាមនុស្សមានតម្លៃនៅក្នុងសង្គម។ជាទូទៅសិស្សានុសិស្សនៅតាមវិទ្យាល័យនីមួយៗសង្កេតឃើញ ពីការរៀនសូត្រ មិនសូវយកចិត្តទុកដាក់គឺផ្ដោតទៅលើមេរៀន ដែលលោកគ្រូអ្នកគ្រូដាក់ឱ្យអនុវត្ត គឺមិនបំពេញនឹងធ្វើឱ្យបានទាន់ពេលវេលានោះឡើយ។

លោក ស៊ុយ កុកធាន ក៏បានសំណូមពរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះមេត្តាខិតខំយកចិត្តទុកដាក់ដល់ការអប់រំគុណធម៌ និងសីលធម៌ក្នុងការរស់នៅត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់សិស្សានុសិស្សជំនាន់ក្រោយៗ។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ N