ដោយៈប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែតុលា បានអញ្ជើញពិនិត្យលទ្ធភាព នៃការរំដោះទឹក ស្ទឹងព្រែកត្នោត ដោយបង្ហូរទម្លាក់ចូលទៅក្នុង ទន្លេបាសាក់ តាម រយៈប្រឡាយលេខ៩៤ និងប្រឡាយលេខ៩៦ ដែលទើបបានកាយស្តារ រួច នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុនពេលមានជំនន់ទឹកស្ទឹង ព្រែកត្នោត កើតមាន ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែតុលា បានអញ្ជើញពិនិត្យលទ្ធភាព នៃការរំដោះទឹកស្ទឹងព្រែកត្នោត ដោយបង្ហូរទម្លាក់ចូលទៅក្នុង ទន្លេបាសាក់ តាម រយៈប្រឡាយលេខ៩៤ និងប្រឡាយលេខ៩៦ ដែលជាប្រឡាយ ទើបត្រូវបានជីកកាយស្តារសម្អាតរួច ដោយក្រសួងធនធានទឹក និងឧតុនិយម នៅក្នុង ភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

នៅក្នុងឱកាសខាងលើ លោករដ្ឋមន្ត្រី បានបន្តពិនិត្យស្ថានភាពទឹក តាមទំនប់សណ្តស្ទឹង ព្រែកត្នោត ឃើញថា ទឹកស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានសញ្ញាទឹកជំនន់ កើតឡើងនៅឡើយទេ។ ទោះជាយ៉ាងណា លោកមន្ត្រី បានធ្វើការណែនាំដល់ប្រធាន មុខ ព្រួញទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តំបន់តាមគោលដៅ ដែលខ្លួនទទួលខុសត្រូវ។

ទឹកស្ទឹងព្រែកត្នោត នៅទ្វារទឹកទំនប់ ៧មករា នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២២ មានកម្ពស់ ខាងមុខទ្វារ ៥,០៥ ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៥,៣០ម៉ែត្រ) ទឹកហូរលើទំនប់បង្ហៀរ កម្ពស់០,២៥ ម៉ែត្រ។ ទឹកខាងក្រោយទ្វារ កម្ពស់ ៧,២០ ម៉ែត្រ។

រំលឹកឱ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែតុលានេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបើកទ្វារទឹក នៅទំនប់តាសាល បីទ្វារ ដោយមួយទ្វារ កម្ពស់ ០,៧០ ម៉ែត្រ និងពីរទ្វារ ដោយទ្វារនីមួយៗ កម្ពស់ ០,៤០ ម៉ែត្រ។ បើកទ្វារទឹកទំនប់រលាំង ជ្រៃ បីទ្វារ ដោយមួយទ្វារ កម្ពស់ ២,៨០ ម៉ែត្រ និង ពីរទ្វារ ដោយមួយទ្វារ កម្ពស់ ២,៣០ ម៉ែត្រ ។

ទឹកស្ទឹងព្រែកត្នោត នៅទំនប់រលាំងជ្រៃ ថ្ងៃទី៩ ខែតុលា មានកម្ពស់ ៧,១៨ ម៉ែត្រ​ទាបជាង ថ្ងៃទី៨ ខែតុលា ០,០៩ ម៉ែត្រ។ នៅពាមឃ្លៃ ទឹកមានកម្ពស់ ៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៨ ខែតុលា ០,២៨ ម៉ែត្រ ។ នៅតាសាល ថ្ងៃទី៩ខែតុលាទឹកមានកម្ពស់១៩,៦០ម៉ែត្រ ទាបជាងថ្ងៃទី៨ ខែតុលា ០,១០ម៉ែត្រ៕/V