ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំនិងលោកស្រី ខៀវ ស៊ីណាព្រមទាំង សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញបានអញ្ជើញនិងនិមន្តជាព្រះអធិបតីភាពក្នុងពីធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងពុទ្ធាភិសេក វត្តទីបការាម ហៅវត្តពៅវើយ ស្ថិតនៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២។

ក្នុងឱកាសនោះលោក ជា ចាន់តូ អំពាវនាវចំពោះព្រះសង្សនិងប្រជាពលរដ្ឋរស់នៅឃុំពៅវើយទាំងអស់ឱ្យរួបរួមសាមគ្គីគ្នាជា​បន្តក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលពីបុរាណ និងសម្ទ្ធផលដែលបានខិតខំកសាងឲ្យបានល្អសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់និងបានរស់នៅដោយសេចក្ដីសុខសាន្ត ក្នុងសុខសន្តិភាពព្រោះថាគ្មានអ្វីមានតម្លៃជាងសុខសន្តិភាពនោះទេ។

លោកបានបន្តទៀតថា បើយើងការពារសន្តិភាពបានល្អនិងស្ថិតស្ថេរនោះយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្ត កសាងនិងអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ។ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវើយដ៏ស្កឹមស្កៃបង្ហាញខ្លួនអណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបនេះជាសក្ខីភាពស្រាប់។លោកចោទជាសំណួរថា តើយើងបាននឹកស្មានថាតំបន់ដាច់ស្រយាលមួយនេះទទួលបានការីកចម្រើនដូចសព្វថ្ងៃនេះទេ?ទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាពនិងការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោហ៊ុនសែននិងការចូលរួមពីមហាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា ព្រះវិហារថ្មីវត្តពៅវើយ នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ី ណា។ព្រះវិហារនេះបាន ចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨នឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០កន្លងទៅនេះ។ព្រះវិហារថ្មីនេះកសាងតាមរចនាបទខ្មែរខ្ពស់ផុយពីទឹកមានបណ្ដោយ២៩,៧០ម៉ែត្រនិងទទឹង២១,៧០ម៉ែត្រដោយចំណាយថវិកា២៧៧.០០០ម៉ឺនដុល្លាអាមេរិក ។

នៅក្នុងឱកាសនោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹមបានឧបត្ថម្ភម៉ាស៊ីនភ្លើងមួយគ្រឿងតាមការបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តពៅវើយហើយលោក ជា ចាន់តូនិងលោកស្រីបានប្រគេនបច្ច័យ៥០លានរៀលដើម្បីទុកកសាងសមិទ្ធផលក្នុងវត្តបន្តនិងបានចែកអំណោយដ៏សប្បុរសមានថវិកា,ក្រណាត់,សារុងនិងសម្ភារសិក្សាដែលបានចូលមានលោកយាយលោកតាចំនួន៥៥នាក់ប្រជាពលរដ្ឋចំនួន៨៣០នាក់និងសិស្សនុសិស្ស២៥០នាក់ព្រមទាំងកម្លាំងដែលបានបំរើការក្នុងកម្មវិធីផងដែរ៕សរន

លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំនិងលោកស្រី ខៀវ ស៊ីណាព្រមទាំង សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញបានអញ្ជើញនិងនិមន្តជាព្រះអធិបតីភាពក្នុងពីធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងពុទ្ធាភិសេក វត្តទីបការាម ហៅវត្តពៅវើយ(រូបថតៈក្រុមការងារ)