ភ្នំពេញ៖ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់AMS នៅព្រឹកថ្ងៃទី៩ ខែតុលានេះថា ការអំពាវនាវរបស់គណបក្សភ្លើងទៀនទាក់ទងករណីលោក សុន ឆ័យគឺអត់យល់ អំពីនីតិវិធីនិងគោលការណ៍ច្បាប់ទាល់តែសោះ។សាលាដំបូងរាជធានីភ្នំពេញបានសម្រេចរួចហើយហើយមានរឿងអីត្រូវពិចារណាឡើងវិញ។អ្វីដែលត្រូវធ្វើគឺធ្វើការប្តឹងទៅឧទ្ធរណ៍ដើម្បីការពារសិទ្ធិបើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវ ។ខ្លួននៅមានសិទ្ធិការពារខ្លួនតាមរយៈការប្តឹងឧទ្ធរណ៍មិនមែនឱ្យសាលាដំបូង រាជធានីភ្នំពេញពិចារណាឡើងវិញទេ។ ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺអត់យល់ពីនីតិវិធីច្បាប់តែម្តង ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌(រូបថតៈក្រសួងយុត្តិធម៌)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានបញ្ជាក់ថា”បើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវទេ អាចធ្វើការការពារសិទ្ធិការពារខ្លួនតាមផ្លូបច្បាប់នៅក្នុងដំណើរការនីតិវីធីតុលាការបន្តទៀតហើយធ្វើការបង្ហាញ ភស្តុតាងសក្ខីកម្មផ្លូវច្បាប់ឱ្យបានរឹងមាំក្នុងការដោះបន្ទុកតតាំងគ្នានៅឧទ្ធរណ៍បន្តទៀត។នេះជានីតិវិធីច្បាប់អ្វីដែលគាត់ត្រូវធ្វើ” ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យអនុប្រធានគណបក្ស ភ្លើងទៀនដោយពិន័យជាប្រាក់ចំនួន៩លានរៀលបង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈទាក់ទិននឹងបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ចំណែកសំណុំរឿងមួយទៀតសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាសសាលក្រម​យកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លាន​រៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង បង្គាប់ឱ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣.០០០លានរៀល៕ (ប្រភព AMS)