ភ្នំពេញ៖គណបក្សខ្មែររួបរួមជាតិបានប្រកាសដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃទី៩ខែតុលាឆ្នាំ២០២២ តទៅ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅរសៀលថ្ងៃទី៩ខែតុលា២០២២នេះបានឱ្យបញ្ជាក់ថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារសុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះគណបក្សខ្មែររួបរួមជាតិបានសម្រេចដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។

គួររំលឹកថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សចំនួនបី រួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិងគណបក្សខ្មែរតែមួយ ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕សរន