ដោយ: ភ្នំស្វាយ/ បន្ទាយមានជ័យៈ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត បានអះអាងថាៈ ដោយសារកត្តាធម្មជាតិ ដែលពុំមានភ្លៀងធ្លាក់ គ្មានជំនន់ទឹកភ្លៀង គ្មានទឺកជំនន់ថ្មី និងកត្តាមនុស្សអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារច្រើនសមាសភាព បានធ្វើឱ្យទំនប់អូរខៃដន ក្រុងប៉ោយប៉ែត ត្រូវបានគ្រប់គ្រងបាន ១០០% ឡើងវិញ មានន័យថា មិនបាក់ទំនប់ឡើយ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ថាៈ កន្លងមក អាជ្ញាធរមានសមត្ថកិច្ច បានប្រើកម្លាំងសរុបដើម្បីទប់ស្កាត់ ឬទ្រោលបញ្ហាគម្រាមកំហែងទឹកជំនន់ដែលដាក់សម្ពាធលើទំនប់អូរខៃដន នៅភូមិយាង និងភូមិសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែក។

ក្នុងនោះ ក្រុមការងារនៃយុវជនស្រឡាញ់សន្តិភាព ដឹកនាំដោយ លោកប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសហការមួយផ្នែកដែរជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលទាំង ២ ខាងលើ។ ពោលគឺ មកដល់ពេលនេះ កម្លាំងសរុប គ្រប់គ្រងបាន ឬទ្រោលស្ថានការណ៍ទំនប់អូរខៃដន ឬបង្ការការពារបាន ១០០% ហើយវាមិនអាចបាក់ទំនប់អាងនេះទេ។ នោះគឺដោយសារទឹកជំនន់ វាបានស្រកផុតខ្នងទំនប់អូរខៃដូន ហើយចំណុចដែលកម្ពស់ទឹកលើសខ្នងទំនប់ ដែលត្រូវប្រកាសអាសន្ន វាបានថមថយមកត្រឹមប៉ប្រះខ្នងទំនប់ និងចំណុចខ្លះវាផុតខ្នងទំនប់ទៅហើយ ។

ហេតុនេះ គិតត្រឹមថ្ងៃទី៨ ខែតុលា កន្លងមក ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ បានឯកភាពជាមួយគណ:បញ្ជាការកងឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត សម្រេចដកកម្លាំងសរុប ដែលអន្តរាគមន៍ និងឈរជើងក្តាប់សភាពការណ៍ការពារទំនប់អាង គឺទុកតែកម្លាំងផ្នែកសឹករងប៉ោយប៉ែត យាមប្រចាំការ និងផ្តល់ព័ត៌មានត្រឹមចំនួន ១០នាក់ ដើម្បីត្រួតពិនិត្យបន្ថែមបង្ការការពារនូវការដឹកយកបាវខ្សាច់ចេញពីខ្នងទំនប់។

ឯប្រភពពីពលរដ្ឋ និងមន្ត្រីអាជ្ញាធរមានសមត្ថ កិច្ចផ្សេងទៀត បានឱ្យដឹងថាៈ លទ្ធផល អាចគ្រប់គ្រងស្ថានការណ៍ខ្នងទំនប់អាងអូរខៃដន នេះបាន ក៏ដោយសារកត្តាធម្មជាតិ គឺដោយសារគ្មានភ្លៀងធ្លាក់ខ្លាំង គ្មានជំនន់ទឹកភ្លៀង និងទឹកជំនន់ថ្មី៕/V