ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋចំនួន ៣៨៧ គ្រួសារទៀត ដែលជាអ្នករងផលប៉ះពាល់ពីទឹកជំនន់ អ្នកជម្លៀសទៅទីទួលសុវត្ថិភាព ជនក្រីក្រ ចាស់ជរា ស្ត្រីនិងកុមារងាយរងគ្រោះ នៅសង្កាត់ទឹកថ្លា អូរអំបិល ព្រះពន្លា កោះពងសត្វ ភ្នៀត និងសង្កាត់កំពង់ស្វាយ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានទទួលស្បៀងអាហារ សម្ភារៈ ថ្នាំពេទ្យជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត លោកស្រី ជ័យ ណារី ជាភរិយា និងលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីក្រុមការងារចុះជួយថ្នាក់ខេត្ត ក្រុង សង្កាត់ បានចំណាយពេល១ថ្ងៃពេញ ចុះសួរសុខទុក្ខ និងនាំនូវអំណោយទាំងនេះទៅចែកជូនផ្ទាល់ដៃ នៅទីកន្លែងចែកចំនួន ៨ ទីតាំង ដោយឡែកពីគ្នា នៅសង្កាត់ទាំង៦ ដូចខាងលើ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់កាល:ទេស: ពិសេសការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃជំនន់ទឹកជំនន់ ពេលនេះ ក្នុងនោះ បានដោះស្រាយផ្តល់នូវស្បៀងអាហារ សម្ភារ:ប្រើប្រាស់ និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានា ដើម្បីការជួយអន្តរាគមន៍ នាំប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ណែនាំពីវិធានការប្រុងប្រយ័ត្នសង្រ្គោះបឋម និងត្រៀមលក្ខណៈជួយវិស័យសេដ្ឋកិច្ចគ្រួសារ នៅពេលទឹកស្រកចុះទៅវិញ។

លោកបានបន្តថាៈ ចំពោះមុខ សូមបងប្អូនមេត្តាខិតខំជម្នះការលំបាក ហើយរស់នៅដោយការប្រុងប្រយ័ត្ន ការបង្ការការពារសុវត្ថិភាព សុខភាព និងជីវភាព ។

សូមបញ្ជាក់ថាៈ ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរា និងស្រ្តីមានផ្ទៃពោះ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ខ្លាំង អំណោយក្នុងមួយគ្រួសារ ទទួលបានឃីត១ មានសំភារៈ ដូចជា ត្រីខ៥កំប៉ុង មី១កេះ ទឹកត្រី ៣ដប ទឹកស៉ីអ៉ីវ៣ដប អង្ករ១០គីឡូ ទឹកសុទ្ធ៣ដប ថ្នាំពេទ្យ១កញ្ចប់ សារុង១ និងថវិកា ២ ម៉ឺនរៀល៕/V