ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទឹកជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ មានស្ថានភាពស្រកខាងលើ ស្រុងខាងក្រោម ពោលគឺ នៅភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ បានស្រក ហើយស្រុងមកក្រុងសិរីសោភ័ណ ជាទីប្រជុំជនខេត្ត។ ស្រកនៅប៉ែកខាងលើ នៃឃុំស្ពានស្រែង ស្រុកភ្នំស្រុក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ស្រុងមកប៉ែកខាងក្រោម នៃស្រុកព្រះនេត្រព្រះ និងប៉ែកខាងលើ នៃស្រុកមង្គលបូរី ស្រុងមកផ្នែកកណ្តាល និងខាងចុងនៃស្រុកនេះ ។

នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពេលលោកជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទួលសុវត្ថិភាព, ការចុះពិនិត្យស្ថានភាពស្រូវ និងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាសាលប្រជុំ ខ សាលាខេត្តនារសៀលថ្ងៃទី៩ ខែតុលា នេះ។

យោងតាមរបាយការណ៍ពីមន្ត្រីនានា នៅតាមមូលដ្ឋាន លោក អ៊ុំ រាត្រី បានឱ្យដឹងថាៈ ដំណាំស្រូវរងផលប៉ះពាល់ ជាង ៣,៥ ម៉ឺនហិកតា ក្នុងនោះខូចខាត ១,៥ ម៉ឺនហិកតា ដែលនៅចំពោះមុខ ខេត្តអាចស្នើពូជបឋម សម្រាប់កសិករ ១១.១០០ គ្រួសារ (១គ្រួសារបាន ១ហិកតា ឬស្រូវពូជទម្ងន់ ១០០ គ.ក្រ)។

ផលប៉ះពាល់ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀងនេះ ក៏បង្កឱ្យស្លាប់មនុស្ស ចំនួន ១៤ នាក់ ផ្ទះចំនួន ៩.២១៨ ខ្នង មនុស្សរាយ ៤០.៦៣៧ នាក់៕/V