​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​ចោទប្រកាន់​អ៊ុយ​ក្រែន​ពី​បទ​រៀបចំ​ការ​បំផ្ទុះ​ស្ពាន​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​រុស្ស៊ី​និង​គ្រី​ម៉េជា​ទង្វើ​ដែល​លោក​ពណ៌នា​​ថា​ជា​អំពើ​ភេរវកម្ម​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​

​លោកពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា​នៅ​ក្នុង​វីដេអូ​មួយ​នៅលើ​បណ្តាញ Telegram របស់​វិមាន​ក្រឹម​ឡាំង​ថា “​គ្មាន​អ្វី​គួរឱ្យ​សង្ស័យ​ទេ​។​នេះ​គឺជា​អំពើ​ភេរវកម្ម​ដែល​មាន​គោលបំណង​​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ដ៏​សំខាន់​”​។​

​លោកពូ​ទីន​បាន​និយាយថា “​វា​ត្រូវ​បាន​រៀបចំ អនុវត្ត​និង​បញ្ជា​ដោយ​សេវាកម្ម​ពិសេស​របស់​អ៊ុ​យក្រែន​”​។

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Tass ថា​លោក​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​លោក​​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ការ​បំផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍​នៅលើ​ស្ពាន​ឆ្លងកាត់​ច្រក​សមុទ្រ​កឺ​ច (Kerch)​ដែល​ជា​ផ្លូវ​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​បាន​ជំរុញ​ឱ្យ​មានសារ​​ជា​ហូរហែ​ពី​ពួក​មន្ត្រី​អ៊ុ​យក្រែន ប៉ុន្តែ​មិន​មាន​ការអះអាង​ទទួលខុសត្រូវ​ឡើយ​។​

​ស្ពាន​នេះ​ក៏​ជា​សរសៃឈាម​ដ៏​សំខាន់​សម្រាប់​កំពង់ផែ​សេ​វ៉ា​ស្តូ​ប៉ូល (Sevastopol)​កន្លែង​ដែល​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​មាន​មូលដ្ឋាន​។​

​ការខូចខាត​ស្ពាន ដែល​ជា​និមិត្តរូប​នៃ​ការ​កាត់​យក​ឧបទ្វីប​គ្រី​មេ​ពី​សំណាក់​រុស្ស៊ី បាន​កើតឡើង​ចំពេល​រុស្ស៊ី​កំពុង​ចាញ់​នៅ​សមរភូមិ​។​

​រឿង​នេះ​ក៏​បាន​កើតឡើង​ផងដែរ​នៅពេល​មាន​ការព្រួយបារម្ភ​ថា​រុស្ស៊ី​អាច​ងាក​ទៅរក​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​បន្ទាប់ពី​លោក​ពូ​ទីន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​ព្រមាន​លោក​ខាងលិច​ម្តង​ហើយ​​ម្តងទៀត​ថា ការវាយប្រហារ​ណា​មួយ​លើ​រុស្ស៊ី​អាច​បង្ក​ឱ្យ​មាន​ការឆ្លើយ​តប​នុយក្លេអ៊ែរ​។​

​កាលពី​ថ្ងៃអាទិត្យ លោកពូ​ទីន​បាន​ជួប​ជាមួយ​លោក អា​ឡិច​សាន់​ឌឺ បា​ស្ទ្រី​គីន (Alexander Bastrykin) ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​ដែល​បាន​បង្ហាញ​ពី​ការរកឃើញ​​នៃ​ការស៊ើបអង្កេត​លើ​អ្វី​ដែល​លោក​និយាយថា​ជាការ​បំផ្ទុះ​រថយន្ត​និង​ការឆាបឆេះ​ជា​បន្តបន្ទាប់​នៅ​លើ​ស្ពាន​កាលពី​ថ្ងៃ​សៅរ៍​។​

​ថ្លែង​តាម​កាមេរ៉ា លោក​បា​ស្ទ្រី​គី​ន​បាន​និយាយថា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​បង្កើត​ផ្លូវ​ដែល​រថយន្ត​បាន​ធ្វើដំណើរ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​របស់​វា​។​

​លោក​បាន​និយាយថា វា​បាន​ឆ្លងកាត់​ប៊ុលហ្គារី ហ្ស​ក​ហ្ស៊ី អា​មេ​នី អូ​សេ​ទី​ខាងជើង (North Ossetia) និង​តំបន់​ក្រា​ស្នូ​ដា (Krasnodar)​របស់​រុស្ស៊ី មុនពេល​មក​ដល់​លើ​ស្ពាន​។​លោក​បា​ស្ទ្រី​គីន​បាន​បន្ថែមថា ក្នុងចំណោម​អ្នក​ដែល​បាន​ជួយ​សេវាកម្ម​ពិសេស​របស់​អ៊ុយ​ក្រែន​គឺ “​ប្រជាពលរដ្ឋ​រុស្ស៊ី​និង​ប្រទេស​បរទេស​”​។​

​លោក អង់​ដ្រេ កាតា​ប៉ូ​ឡូ​វ (Andrei Kartapolov) ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​នៃ​សភា​ជាន់​ទាប​របស់​រុស្ស៊ី បាន​ប្រាប់​វេប​សាយព័ត៌មាន Vedomosti ថា ករណី​ព្រហ្មទណ្ឌ​ត្រូវបាន​បើក​លើ​ការ​បំផ្ទុះ​នេះ ដោយ​បន្ថែម​ថា “​ភាគី​ដែល​មាន​កំហុស​” នឹង​ត្រូវ​បញ្ចេញ​ឈ្មោះ​។​

​នៅពេល​សួរ​ថា​តើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ដែរឬទេ ប្រសិនបើ​គេ​រកឃើញ​ថា រដ្ឋាភិបាល​ក្រុង​គៀវ​ជា​អ្នក​នៅ​ពីក្រោយ​ឧបទ្ទវហេតុ​នោះ លោក​បាន​និយាយថា “​នឹង​មាន​ការឆ្លើយតប​។​យើង​នឹង​​ត្រូវ​មើល​ថា​តើ​ការឆ្លើយតប​នោះ​នឹង​ជា​អ្វី​”៕

​ស្ពាន​ដែលជា​ផ្លូវ​ត​ភ្ជាប់​គ្រី​ម៉េជា​មួយ​រុស្ស៊ី​ត្រូវបាន​បំផ្ទុះ​ដាច់​មួយ​កំណាត់​