​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទូរទស្សន៍ CNN បាន​ដកចេញ​នូវ​សាច់​រឿង​ស្តីពី​ការសម្លាប់​រង្គាល​កុមារ​នៅ​សាលា​មត្តេយ្យ​ថៃមួយ ហើយ​បាន​សុំទោស​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា​ជុំវិញ​ការរិះគន់​ថា អ្នកកាសែត​របស់​ខ្លួន​បាន​ចូល​ទៅ​មណ្ឌល​ថែ​ក្មេង​នេះ​និង​ថត​ឈុត​ឆាក​ឧក្រិដ្ឋកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​។​

​អគ្គស្នងការ​រង​នគរបាលជាតិ លោក ស៊ូ​រ៉ា​ឆាត ហាក់​ផាន (Surachat Hakparn) បាន​និយាយថា អ្នកសារព័ត៌មាន CNN ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ ត្រូវបាន​ពិន័យ​បន្ទាប់ពី​អាជ្ញាធរ​បាន​​រកឃើញថា ពួកគេ​បាន​ធ្វើការ​នៅក្នុង​ប្រទេស​ចូល​តាម​ទិដ្ឋាការ​ទេសចរណ៍ ប៉ុន្តែ​ត្រូវបាន​ជម្រះ​ឱ្យ​រួចខ្លួន​ពី​ការប្រព្រឹត្ត​ខុស​ចំពោះ​ការ​ចូល​មណ្ឌល​ថែទាំ កន្លែង​ដែល​កុមារ​ជាង ២០​នាក់​ត្រូវបាន​​សម្លាប់​។​

​ឥឡូវ ទិ​ដ្ឋា​របស់​អ្នកកាសែត​ទាំង​ពីរ​ត្រូវ​ដកហូត​។​

​លោក​បាន​និយាយថា ការស៊ើបអង្កេត​របស់​គាត់​បានកំណត់​ឃើញថា អ្នកកាសែត​ជឿថា ពួកគេ​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ចូល​និង​ថត​បន្ទាប់ពី​ត្រូវ​បាន​គ្រវី​ដៃ​ឱ្យ​ចូលទៅ​ក្នុង​អគារ​ពី​សំណាក់​អ្នក​ស្ម័គ្រ​​ចិត្ត​ឬ​មន្ត្រី​សុខាភិបាល ហើយ​មិន​បានដឹងថា ជន​រូប​នោះ​មិន​មាន​សិទ្ធិ​អនុញ្ញាតឱ្យ​មនុស្ស​ចូល​ទៅ​ខាងក្នុង​នោះ​ទេ​។​

​លោក​បាន​និយាយថា ពួកគេ​ម្នាក់ៗ​បាន​យល់ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន ៥.០០០ បាត (១៣៣ ដុល្លារ​) ហើយ​ចាកចេញ​ពី​ប្រទេស​។​

​អ្នកកាសែត​ទាំង​ពីរ​នាក់​បាន​សុំទោស​ក៏ដូចជា​អនុប្រធាន​ប្រតិបត្តិ​របស់ CNN International និង​អ្នកគ្រប់គ្រង​ទូទៅ លោក ម៉ៃ ម៉ាក​កា​ធី (Mike McCarthy) ផងដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ម៉ាក​កា​ធី​បាន​និយាយថា អ្នកយក​ព័ត៌មាន​របស់​លោក​បាន​ស្វែងរក​ការអនុញ្ញាត​ចូល​ទៅក្នុ​ង​អគារ ប៉ុន្តែ​ក្រុម​ការងារ​នេះ “​ឥឡូវ​បានដឹងថា មន្ត្រី​ទាំងនោះ​មិន​មាន​សិទ្ធិ​ផ្តល់​ការអនុញ្ញាត​នេះ​ទេ​” ដោយ​បន្ថែម​ថា “​វា​មិនមែន​ជា​ចេតនា​របស់​ពួកគេ​ក្នុង​ការបំពានច្បាប់​ណាមួយ​នោះ​ឡើយ​”៕

អគ្គស្នងការ​រង​នគរបាលជាតិ លោក ស៊ូ​រ៉ា​ឆាត ហាក់​ផាន ផ្តល់​បទសម្ភាសន៍​អំពី​ករណី​អ្នកកាសែត CNN ពីរ​នាក់​ចូល​ទីតាំង​ឧក្រិដ្ឋកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​

​អ្នកកាសែត​ទាំង​ពីរ​នាក់​បាន​សុំទោស​និង​ចេញពី​ប្រទេស​ថៃ​ក្រោយ​ទិដ្ឋាកា​ត្រូវបាន​ដកហូត​