ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ អាជ្ញាធរខេត្ត​បាត់ដំបង​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប រម្លឹក​ពី​ជ័យជំនះ​វីរ​:​កងទ័ពជើងទឹក​ខ្មែ​ពី​អតីតកាល និង​បង្ហាញ​ពី​ភាព​រីកលូតលាស់​ឈានឡើង​ក្នុង​តំបន់​ក្រោម​ម្លប់​សន្តិភាព​។​

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បានលើកឡើង​ក្នុង​ពិធី​បើក​ប្រឡងប្រណាំង​ទូកង​នា​ស្ទឹង​សង្កែ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០២២ នេះ​ថា​÷ ការរៀបចំ ក៏ដូចជា​ការចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ពេលនេះ​ពិតជា​បានបង្ហាញ​ឱ្យឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់ និង​ការគាំទ្រ​ដល់​វិស័យ​កីឡា ជាពិសេស​លើកស្ទួយ​វប្បធម៌ កេរ្តិ៍ដំណែល​ប្រពៃណី​របស់​បុព្វបុរស​ខ្មែរ ព្រមទាំង​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព មិត្តភាព និង​បង្ក​ការសប្បាយរីករាយ ស្និត​ស្នាល​រវាង​ប្រជាពលរដ្ឋ​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ក្រោយ​បាន​សម្រាក​ពី​ការនឿយហត់​លើ​ការងារ​បង្កបង្កើនផល​នានា​។​

ពិធីបុណ្យអុំទូក ក្នុងខេត្តបាត់ដំបង ថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២។

​លោក​បន្ថែមថា​÷ ពិធី​ប្រណាំងទូក​នៅក្នុង​ខេត្តបាត់ដំបង ដែល​តែងតែ​រៀបចំ​ត្រូវ​នឹង​ថ្ងៃ​ចេញ​ព្រះវស្សា ថ្ងៃ​១៤-១៥​កើត ខែអស្សុជ​នេះ ដើម្បី​ផ្សារភ្ជាប់​ទំនៀម​ទំលាប់​ប្រពៃណី និង​វប្បធម៌ របស់​ពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅ​ខេត្ត លើសពីនេះ​ទៀត​ក៏មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី​មកលេង​កម្សាន្ត រួមទាំង​ទស្សនា​នូវ​សមិទ្ធផល​ផ្សេងៗ​ក្នុង​ខេត្តបាត់ដំបង ដែល​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​

​ពិធី​ប្រណាំង​ទូកង និង​បណ្តែតប្រទីប​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ប្រព្រឹត្តឡើង​រយ​:​ពេល ០២​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ តាម​ដងស្ទឹង​សង្កែ កណ្តាល​ក្រុង​បាត់ដំបង ចូលរួម​ដោយ​ប្រភេទ​ទូកផ្កាចារ ទូក​មង ទូក​ខ្នាត​អន្តរជាតិ ទូកខ្លី​ប្រពៃណី ទូក ង វែង​ប្រពៃណី (​បុរស​) ចំណុះ ៦៨​នាក់ និង ៧៥​នាក់​៕​

 

ពិធីបុណ្យអុំទូក ក្នុងខេត្តបាត់ដំបង ថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២។

ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង។